ដោយ ឡេង ម៉ាលី
2023.04.25
RFA

អ្នកស្រី ធីតា ឃឹះ អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម រូប៖ RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរបស់លោកតែងតែលើកឡើងថា កម្ពុជាជាប្រទេសតូចតែមានបេះដូងធំដោយមានទឹកចិត្តល្អសន្ដោសប្រណី។ សម្រាប់អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមជំរុញឱ្យមេដឹកនាំអនុវត្តន៍ចិត្តសន្ដោសប្រណីដល់ប្រជាពលរដ្ឋខ្មែរដូចគ្នា ដែលកំពុងជួបការលំបាកគ្រប់និន្នាការ។
អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមជំរុញឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលពង្រីងការអនុវត្តន៍ឱ្យដូចការនិយាយថា កម្ពុជាប្រទេសមានបេះដូងធំចិត្តសន្ដោសប្រណីនៅក្នុងស្រុក ដើម្បីដោះស្រាយទុក្ខលំបាកពលរដ្ឋ និងឈានដល់ការផ្សះផ្សាជាតិ។
អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម អ្នកស្រី ធីតា ឃឹះ លើកឡើងថា មនុស្សនៅក្នុងសង្គមបច្ចុប្បន្ននៅតែមានវប្បធម៌ហិង្សា ដែលបន្សល់ពីសម័យសង្គ្រាម។ អ្នកស្រីបន្តថា ជាការជះឥទ្ធិពលខ្លាំង នៅពេល ដែលថ្នាក់ដឹកនាំថ្លែងសារជាសាធារណៈប្រើពាក្យហិង្សាគំរាមកំហែង។
អ្នកស្រី ធីតា ឃឹះ៖ «កាលណាយើងអត់មានសន្តិភាពនៅក្នុងផ្លូវចិត្តយើងមានសម្ដីមិនល្អក្រេវក្រោធដាក់គ្នាទៅវិញទៅមក ហើយវានៅក្នុងក្បាលមេក្រូហ្នឹងនិយាយកាន់តែជះកាន់តែខ្លាំង។ បើយើងនិយាយតាមក្បាលមេក្រូជាថ្នាក់ដឹកនាំ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីនៅក្បែរខ្លួនលោកបានផ្សព្វផ្សាយសារបន្តបន្ទាប់ថា កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ មានទឹកចិត្តល្អ ជាគំរូដល់ប្រទេសផ្សេងៗ ទៀត។ នៅពេលចូលឆ្នាំខ្មែរក្នុងខែមេសានេះ មានការបត់ក្រដាសធ្វើរូបបេះដូងបានជាង ៣លានរូប រហូតបានជាប់ក្នុងសៀវភៅកំណត់ត្រាពិភពលោកនោះ សារពីថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលថា កម្ពុជាមានចិត្តសន្ដោសប្រណីផ្សព្វផ្សាយកាន់តែខ្លាំងឡើង។
ដើម្បីចង់បង្ហាញពីបេះដូងធំនេះ លោក ហ៊ុន សែន សម្រេចចំណាយលុយរដ្ឋ ១៣១លានដុល្លារលើថ្លៃអាហារ និងការស្នាក់នៅជំនួសឱ្យម្ចាស់ប្រទេសនានា ដែលបញ្ជូនប្រតិភូកីឡាមកប្រកួតស៊ីហ្គេមនៅកម្ពុជាពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា។
ជុំវិញបញ្ហានេះអ្នកឃ្លាំមើលជំរុញឱ្យមានការពង្រីកចិត្តសន្ដោសនេះនៅក្នុងប្រទេស ព្រោះកន្លងមកលោក ហ៊ុន សែន តែងតែប្រើសម្ដី និងធ្វើជាក់ស្ដែង គឺការចាប់ចង និងសម្លាប់។
កាលពីខែមិថុនាឆ្នាំ២០១៧លោក ហ៊ុន សែន ថ្លែងថា ក្នុងករណីចាំបាច់លោក នឹងបាញ់សម្លាប់ក្រុមបក្សប្រឆាំង ២០០ ទៅ ៣០០នាក់។ លុះដល់ខែវិច្ឆិកាឆ្នាំ២០១៧ដដែលលោក ហ៊ុន សែន ថ្លែងថា លោកស្ដាយក្រោយ ដែលមិនសម្លាប់ពលរដ្ឋតវ៉ាលទ្ធផលការបោះឆ្នោតឆ្នាំ២០១៣។
លោក ហ៊ុន សែន៖ «បើខ្ញុំដឹងរឿងហ្នឹងប្រហែលចុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ គឺពួកនេះងាប់អស់ហើយ។ ថ្ងៃមុនល្ងាចថ្ងៃទី១៥ គេកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ជាថ្ងៃផ្ដាច់ព្រ័ត្ររំលំយើង។ បើខ្ញុំឃើញពីពេលហ្នឹង អ្នកទាំងនេះងាប់តាំងពីពេលហ្នឹង ពេលនេះជាបុណ្យខ្មោចពួកហ្នឹងទៀត»។
លោក ហ៊ុន សែន មិនដែលបង្ហាញការសោកស្ដាយ ឬសុំទោសនោះទេ ចំពោះការប្រើកម្លាំងយោធាបាញ់សម្លាប់កម្មករអស់ ៥នាក់ និងរបួសប្រមាណ ៤០នាក់ នៅដើមឆ្នាំ២០១៤ នៅពេលពួកគេតវ៉ាដំឡើងប្រាក់ខែ។
ចំណែកនៅខែមេសា ឆ្នាំ២០២៣ នេះ ខណៈពលរដ្ឋកំពុងជួបបញ្ហាផ្នែកសេដ្ឋកិច្ច កសិករដាំដំណាំគ្មានទីផ្សារ រោងចក្របិទទ្វារ កម្មករបាត់បង់ការងារនោះ លោក ហ៊ុន សែន បែរជាជំរុញឱ្យមានការរឹបអូសទ្រព្យសម្បត្តិពលរដ្ឋ និងអ្នកនយោបាយបក្សផ្សេងទៅវិញ។
លោក ហ៊ុន សែន៖ «មិនមែនបងប្អូនមួយចំនួនផ្អែកលើលោក ហ៊ុន សែន ថា កុំអាលសងសុំអនុគ្រោះកុំរឹបអូសកុំស្អីៗ អាហ្នឹងអត់ទេ បើមានកុំទុកយូរនាំជំពាក់ការប្រាក់គេច្រើនទេ ហើយបើសិនជាបុគ្គលណាភ្ជាប់រឿងនយោបាយថា បើគេឈ្នះមិនឱ្យសង រឹបអូសអាហ្នឹងមុនទៅ ផ្ដាច់ជើងអាហ្នឹងចោលតែម្ដងទៅ និយាយតាមមួយបែប ផ្ដាច់ចោលតែម្ដងទៅ»។
អ្នកសិក្សាផ្នែកសង្គមនិងនយោបាយលោក ប៉ោ មករា ជំរុញឱ្យមេដឹកនាំអនុវត្តន៍ ច្បាប់ឱ្យបានត្រឹមត្រូវផ្តល់យុត្តិធម៌ដល់ពលរដ្ឋនោះសង្គមនឹងមានសេចក្ដីសុខ។ លោកបន្តថា ការអនុវត្តន៍ច្បាប់បានត្រឹម គឺជាការបង្ហាញអំពីចិត្តសន្ដោស ហើយបានធ្វើជាគំរូដល់មេដឹកនាំក្រោយៗ ទៀតផង។
លោក ប៉ោ មករា៖ «ពលរដ្ឋ ក៏ដូចជាអ្នកបន្តវេនទាំងអស់ហ្នឹង គាត់ឡើងមក គឺដឹងតែឃើញភាពជាគំរូរបស់មេដឹកនាំរបស់អ្នកនយោបាយទាំងអស់ហ្នឹង គឺឃើញធ្វើល្អបន្សល់គំរូល្អគាត់ធ្វើបែបហ្នឹងទៀត ប៉ុន្តែបើសិនជាអ្នកដឹកនាំ ឬអ្នកនយោបាយមួយចំនួន គាត់ធ្វើទង្វើមិនល្អ គាត់នឹងធ្វើតាមគ្នាទៀត។អ៊ីចឹងយើងអត់មានភាពស៊ីចង្វាក់គ្នាភាពសុខដុមជាមួយគ្នារវាងខ្មែរ និងខ្មែរគ្នាឯងហ្នឹងទេ»។
បើនិយាយពីការអនុវត្តន៍ច្បាប់ គឺគម្រោងយុត្តិធម៌ពិភពលោកចាត់ថ្នាក់កម្ពុជាលេខ១៣៩ ក្នុងចំណោម ១៤០ប្រទេស គឺកម្ពុជាជាប្រទេសមានអំពើអយុត្តិធម៌ធ្ងន់ធ្ងរ។
មន្ត្រីបក្សនយោបាយផ្សេងៗ ដែលជាប់ឃុំតម្រូវឱ្យសុំទោសលោក ហ៊ុន សែន ដើម្បីរួចខ្លួនមិនបាច់តតាំងតាមផ្លូវច្បាប់ទេ ហើយខ្លះទៀត រងការវាយដំរកមុខជនបង្កមិនឃើញ។
ចំណែកកម្មករតវ៉ាពីសិទ្ធិការងារ និងអ្នកមានជម្លោះដីធ្លីរាប់សិបឆ្នាំ ស្វែងរកយុត្តិធម៌បែរជាត្រូវចោទប្រកាន់ជាក្រុមបក្សប្រឆាំង ឬធ្វើបដិវត្តន៍ពណ៌ទៅវិញ។
អ្នកស្រី ធីតា ឃឹះ ជំរុញដល់មេដឹកនាំឱ្យយកគោលការណ៍សេរីភាព និងច្បាប់ ធ្វើជាគ្រឹះហើយទប់ស្កាត់វប្បធម៌ហិង្សាកុំឱ្យរីករាលដាលនៅក្នុងសង្គម។
នៅក្នុងសង្គមពេលដែលរីករាលដាលអំពើអយុត្តិធម៌ ឬហិង្សាមិនមែនប៉ះពាល់តែអ្នកនយោបាយប្រឆាំងទេ គឺមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាមានប្រាក់ និងមានអំណាច ក៏ប៉ះពាល់ ហើយតែងសុំការអន្តរាគមន៍ពីលោក ហ៊ុន សែន ជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។