កម្ពុជា-សង្គម
26/04/2023 – 07:39
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ក្រុមអ្នកតស៊ូមតិដែលចេញមុខដោយក្រុមសកម្មជនបរិស្ថាន បានទទួចជាថ្មីម្តងទៀត ឲ្យរដ្ឋាភិបាលកម្ពុជាស្វែងរកយុត្តិធម៌ជូន លោក ឈុត វុទ្ធី សកម្មជនព្រៃឈើដែលត្រូវបានបាញ់សម្លាប់កាលពី១១ឆ្នាំមុន។ © Internet
ក្រុមអ្នកតស៊ូមតិដែលចេញមុខដោយក្រុមសកម្មជនបរិស្ថាន បានទទួចជាថ្មីម្តងទៀត ឲ្យរដ្ឋាភិបាលកម្ពុជាស្វែងរកយុត្តិធម៌ជូន លោក ឈុត វុទ្ធី សកម្មជនព្រៃឈើដែលត្រូវបានបាញ់សម្លាប់កាលពី១១ឆ្នាំមុន។ ការទទួចបែបនេះគឺតាមរយៈសកម្មភាពរបស់ក្រុមយុវជនប្រមាណ៣០នាក់ នាំគ្នាដាក់ញត្តិទៅកាន់ក្រសួងយុត្តិធម៌នៅថ្ងៃពុធនេះ។
ដូចរៀងរាល់ឆ្នាំដែរ ការដាក់ញត្ដិរបស់សកម្មជនទៅកាន់ក្រសួងយុត្តិធម៌នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ គឺត្រូវនឹងខួប១១ឆ្នាំ នៃឃាតកម្ម សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើក្នុងប្រទេសកម្ពុជា។ អតីតយោធារូបនេះ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈពេលដែលរូបលោក និងអ្នកសារព័ត៌មានពីរនាក់ទៀត ចុះទៅយកព័ត៌មាននៅជិតតំបន់ព្រៃការពារក្នុងខេត្តកោះកុង។ ជាកន្លែងដែលត្រូវលសកម្មជនព្រៃឈើរូបនេះជីកកកាយអំពីសំណុំរឿងកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលអះអាងថាមានទាក់ទងយ៉ាងជិតស្និតនឹងមន្ត្រីយោធាពាក់ព័ន្ធនឹងការសាងសង់ទំនប់វារីអគ្គិសនី ព្រមទាំងជាតំបន់ដែលសង្ស័យថាមានការចម្រាញ់វល្លិរមៀតខុសច្បាប់ ។
លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ គឺស្លាប់មុនពេលដែលមន្ត្រីយោធា ឈ្មោះ អ៊ិន រតនា ក៏ត្រូវបានបាញ់សម្លាប់នៅពេលផ្ទុះអាវុធគ្រានោះ គ្រាដែលអ្នកកាសែត២រូបរបស់ The Cambodia Daily ក៏មានវត្តមាននៅទីនោះ។
សំណុំរឿងនេះគឺមានបុគ្គលិកក្រុមហ៊ុន Timber Green ឈ្មោះ រ៉ាន់ បូរ័ត្ន ម្នាក់ប៉ុណ្ណោះត្រូវបានតុលាការខេត្តកោះកុងផ្តន្ទាទោសនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគារ ពីរឆ្នាំ ពីបទបាញ់សម្លាប់មន្ត្រីយោធា ដែលរដ្ឋាភិបាលបានអះអាងថាបានសម្លាប់លោក ឈុត វុទ្ធី។
ទោះជាយ៉ាងណាក្រុមអង្គការសិទ្ធិមនុស្សដែលតាមដានករណីនេះ បានកត់សំគាល់ថា មន្ត្រីរដ្ឋាភិបាលបានរៀបចំលំដាប់នៃការពន្យល់ដែលមានលក្ខណៈផ្ទុយគ្នា ហើយចំលែកៗជាច្រើន សម្រាប់ការស្លាប់របស់លោក វុទ្ធី នៅមុនបិទបញ្ចប់ដោយការចង្អុលនូវការបាញ់ទៅលោក អ៊ិន រតនា។
អង្គការសិទិ្ធមនុស្ស និងសកម្មជន នៅតែអះអាងថា“ការស៊ើបអង្កេតលើករណីការសម្លាប់លោក ឈុត វុទ្ធី គឺជាការមិនយកចិត្តទុកដាក់ដល់ភាពយុត្តិធម៌។ ដោយសារតែហេតុផលទាំងនេះ ទើបក្រុមសកម្មជនសង្គមនៅតែទទួចឲ្យស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី ខណៈដែលពួកគេបាននាំគ្នារំឭកខួប១១ឆ្នាំនៃការស្លាប់របស់សកម្មជនព្រៃឈើរូបនេះ៕