កម្ពុជា-នយោបាយ
01/05/2023 – 08:05
ដោយ៖ សេង បារាំង
RFI

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ © FB/SPM
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឃើញប្រទេសម្ចាស់កម្ចីនានាប្រើវិធីសាស្ត្រដូចជប៉ុន ដើម្បីដោះបំណុលដែលកម្ពុជាជំពាក់។ បើតាមលោក ហ៊ុន សែន ជប៉ុនបានបង្វិលលុយដែលកម្ពុជាជំពាក់ក្នុងរបបដឹកនាំមុនៗ មកឲ្យកម្ពុជាធ្វើការអភិវឌ្ឍន៍ប្រទេសវិញ។ ការលើកឡើងបែបនេះ គឺស្របពេលកម្ពុជានៅជំពាក់បំណុលប្រទេសមហាអំណាចកដូចជា អាមេរិក និងរុស្ស៊ីជាដើម ដែលបានខ្ចីកាលពីសម័យមុន ។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី០១ ខែឧសភាលោក ហ៊ុន សែន បានថ្លែងកោតសសើរជប៉ុន ថាជាប្រទេសមួយជួយស្វែងរកសន្តិភាពជូនកម្ពុជា និងថែមទាំងផ្ដល់ជំនួយដល់កម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេស។ លោក ហ៊ុន សែន ក៏បានរំលឹកផងដែរថា ជប៉ុនផ្ដល់ជំនួយឲ្យកម្ពុជាច្រើនជាងគេ តែជប៉ុនមិនផ្ដល់កម្ចីឲ្យកម្ពុជាឡើយ ដោយសាររបបមុនៗនៅជំពាក់លុយជប៉ុន ជាពិសេសគឺរបបសាធារណរដ្ឋខ្មែរ។ លុះមកដល់ត្រឹមឆ្នាំ១៩៩៩ ទើបជប៉ុនផ្ដល់កម្ចីឲ្យកម្ពុជា។
ទាក់ទិនទៅនឹងបំណុល និងកម្ចីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណជប៉ុនដែលមានវិធីដោះបំណុលរបស់រដ្ឋាភិបាលចាស់ៗ ដើម្បីផ្តល់លទ្ធភាពឲ្យកម្ពុជាទទួលបានកម្ចីថ្មីសម្រាប់អភិវឌ្ឍន៍ប្រទេស។ ជាមួយគ្នា លោក ហ៊ុន សែន ក៏ចង់ឃើញប្រទេសម្ចាស់កម្ចីនានា ប្រើវិធីសាស្ត្រដូចជប៉ុនដែរ ដើម្បីដោះបំណុលដែលកម្ពុជាជំពាក់។ វិធីសាស្ត្រដើម្បីដោះបំណុលដែលកម្ពុជាជំពាក់ គឺជប៉ុនបានផ្តល់ជាទំនិញសម្រាប់លក់នៅកម្ពុជា ប៉ុន្តែទំនិញដែលលក់បាននោះ ជប៉ុនមិនយកលុយត្រឡប់ទៅប្រទេសវិញទេ គឺទុកលុយនេះអភិវឌ្ឍន៍នៅកម្ពុជា។
គួររំលឹកថា បំណុលដែលកម្ពុជាជំពាក់ក្នុងរបបសម័យដឹកនាំមុនៗ ជាពិសេសបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក និងរុស្ស៊ី លោក ហ៊ុន សែន ធ្លាប់បានស្នើម្ដងហើយម្ដងទៀត ឲ្យសហរដ្ឋអាមេរិក និងរុស្ស៊ីលុបចោលបំណុល ឬបង្វែរបំណុលទាំងនោះ មកជាជំនួយអភិវឌ្ឍន៍ដល់កម្ពុជាវិញ។
កាលពីទសវត្សរ៍៨០ កម្ពុជាបានជំពាក់បំណុលរុស្ស៊ី ១,៥០០លានដុល្លារអាមេរិកដែលខ្ចីយកមកទិញអាវុធ និងទ្រទ្រង់សេដ្ឋកិច្ច។ ប៉ុន្តែកាលពីឆ្នាំ២០០៩ បំណុលនេះត្រូវបានរុស្ស៊ីសម្រេចលុបចោល៧០ភាគរយដោយនៅសល់បំណុលតែ ៤៥០លានដុល្លារតែប៉ុណ្ណោះ។ កាលពីឆ្នាំ២០១៨ រុស្ស៊ីក៏បានយល់ព្រមបង្វែរបំណុលដែលសេសសល់នេះទៅជួយសម្រាប់ការវិនិយោគនៅនៅក្នុងប្រទេសកម្ពុជាវិញតាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
ចំណែកបំណុលបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនៅក្នុងសម័យសាធារណរដ្ឋខ្មែរវិញ គិតទាំងដើមទាំងចុងគឺជិត ៥០០លានដុល្លារនោះ មិនទាន់មានសញ្ញាប្រែប្រួលយ៉ាងណាឡើយ៕