ដោយ យន់ សាមៀន
2023.05.13
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២៩ មករា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោក ហ៊ុន សែន ព្រមានអ្នកគាំទ្រនិងក្រុមដឹកនាំគណបក្សភ្លើងទៀនថា ពួកគេអាចប្រឈមនឹងការស្លាប់និងជាប់គុក ពីការបង្ក្រាបរបស់កងកម្លាំងប្រដាប់អាវុធ ប្រសិនបើហ៊ាននាំគ្នាធ្វើបាតុកម្មអហិង្សាប្រឆាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ មន្ត្រីសិទ្ធិមនុស្សបារម្ភពីការព្រមានរបស់លោក ហ៊ុន សែន ព្រោះវាអាចធ្វើឱ្យការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរនៅកម្ពុជា។
លោក ហ៊ុន សែន ហៅការព្រមានធ្វើបាតុកម្ម អហិង្សាពីគណបក្សភ្លើងទៀននៅពេលខាងមុខនេះ ថា មានចរិតជាលក្ខណៈគាបសង្កត់លើគ.ជ.ប និងដើម្បីបង្កឱ្យមានអស្ថិរភាពនៅក្នុងសង្គម។ លោក ហ៊ុន សែន ចាត់ទុក ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនថា ជាក្រុមមេដឹកនាំខ្ជីខ្ជា និងខ្វះការទទួលខុសត្រូវដោយខ្លួនឯង ទើបជួបការពិបាកចុះឈ្មោះចូលរួមការបោះឆ្នោតនៅពេលនេះ។ លោក ហ៊ុន សែន ក៏បានបញ្ជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកម្លាំងប្រដាប់អាវុធនៅគ្រប់ទីកន្លែង មិនត្រូវញញើតប្រើប្រាស់វិធានការក្ដៅ ចំពោះអ្នកគាំទ្រ និងថ្នាក់ដឹកនាំគណបក្សភ្លើងទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលហ៊ានចេញមុខប្រមូលផ្ដុំធ្វើបាតុកម្មអហិង្សា។ លោកថា បាតុកម្មបក្សភ្លើងទៀននឹងប៉ះពាល់ដល់សណ្ដាប់សាធារណៈ អំឡុងពេលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនោះទេ។ លោកក៏បានបញ្ជាឱ្យបណ្ដាពន្ធនាគារ ត្រូវរៀបចំដាក់ក្រុមមេដឹកនាំគណបក្សភ្លើងទៀនប្រសិនបើមានបាតុកម្ម។
លោក ហ៊ុន សែន៖ «សូមបងប្អូនកុំចាញ់បោក ហើយមកជាប់គុក ឬស្លាប់ ជំនួសឱ្យមេដឹកនាំ(គណបក្សភ្លើងទៀន)។ ខ្ញុំសូមអំពាវនាវ បងប្អូនកុំចូលរួមសកម្មភាពណាមួយ ជាមួយមេដឹកនាំ(គណបក្ស)ភ្លើងទៀនឱ្យសោះ ហើយក៏សូមបញ្ជាទៅអាជ្ញាធរគ្រប់ទីកន្លែង ដែលមានសមត្ថកិច្ច មិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំប្រឆាំងជាមួយនឹង សណ្ដាប់ធ្នាប់សាធារណៈ»។
ការព្រមានបង្ក្រាបពីសកម្មជនគណបក្សភ្លើងទៀនរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀនបានព្រមាន កាលពីថ្ងៃទី១២ ឧសភា ថា នឹងប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សកម្មជននិងអ្នកគាំទ្រគណបក្សនៅទូទាំងប្រទេស នឹងធ្វើបាតុកម្មតស៊ូមតិដោយសន្តិវិធីនៅក្រោយថ្ងៃទី១៣ ឧសភា ក្នុងករណី(គ.ជ.ប) បដិសេធមិនព្រមចុះបញ្ជីគណបក្សភ្លើងទៀនឲ្យមានសិទ្ធិចូលរួមសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅខែកក្កដា ខាងមុខ។
ជុំវិញការព្រមានពីលោក ហ៊ុន សែន នេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធបញ្ជាក់ថា គណបក្សនឹងជួបជុំដើម្បីសំដែងមតិដោយអហិង្សា ហើយគណបក្សនឹងសុំច្បាប់ដើម្បីធ្វើ ហើយប្រសិន អាជ្ញាធរមិនអនុញ្ញាត គណបក្សនឹងពិចារណាស្វែងវិធីផ្សេង។ ប្រធានគណបក្ស លោក ទាវ វណ្ណុល ក៏បានដាក់លិខិតសុំជួបនឹងលោក ហ៊ុន សែន។ ក្នុងនោះលិខិតនោះ គណបក្សភ្លើងទៀនអះអាង ប្រតិភូគណបក្សចង់ជួប លោក ហ៊ុន សែន ដើម្បីអបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទោះបីជាយ៉ាងណា គណបក្សមិនបានបញ្ជាក់ថា គណបក្សចង់ជជែកនឹងលោក ហ៊ុន សែន ជុំវិញបញ្ហាចុះបញ្ជីបេក្ខជន និងគណបក្សដើម្បីប្រកួតការបោះឆ្នោតនៅថ្ងៃទី២៣ កក្កដា ខាងមុខនៅឡើយទេ។
ការព្រមានរបស់លោក ហ៊ុន សែន កើតឡើងស្របពេលគណបក្សភ្លើងទៀនកាលពីថ្ងៃទី១៣ ឧសភា បានដាក់លិខិតចំនួន៣ចំណុចទៀត ដើម្បីបំពេញបន្ថែមលើឯកសារ ដែលបានដាក់ឲ្យគ.ជ.ប កាលពីចុងសប្ដាហ៍មុន ដែលស្ថាប័ននេះអះអាងថា មិនទាន់គ្រប់គ្រាន់តាមលក្ខខណ្ឌ។ គ.ជ.ប តម្រូវឲ្យ គណបក្សភ្លើងទៀន ត្រូវដាក់ឯកសារបន្ថែមចំនួន ៣ចំនុចទៀត គឺទី១ សេចក្ដីចម្លងច្បាប់ដើមលេខ១៩៣ចុះឆ្នាំ១៩៩៨ ស្ដីពីការទទួលស្គាល់ ជាគណបក្សស្របច្បាប់នៅក្រសួងមហាផ្ទៃ ទី២. ការដកលោក រ៉ុន ឈុន ចេញពីបញ្ជីបេក្ខជនឈ្មោះ ឈរជាតំណាងរាស្រ្ដ និងទី៣ លិខិតបង្កាន់ដៃការបង់ប្រាក់១៥លានរៀល ចេញពីរតនាគារជាតិ។
ក្រុមមន្ត្រីគណបក្សភ្លើងទៀន ដែលដឹកនាំដោយលោក រ៉ុង ឈុន អនុប្រធានគណបក្ស ប្រាប់អាស៊ីសេរីថា ដោយសារក្រសួងមហាផ្ទៃមិនព្រមចេញលិខិតជាលើកទី២ ទៅតាមការចង់បានរបស់គ.ជ.ប ដូច្នេះ គណបក្សសម្រេចដាក់ភ្ជាប់នូវសេចក្ដីប្រកាសចុះថ្ងៃទី៥ ឧសភា របស់ក្រសួងមហាផ្ទៃ ដែលបានប្រកាសទទួលស្គាល់គណបក្សភ្លើងទៀន ជា គណបក្សបានចុះបញ្ជីស្របច្បាប់ និងភ្ជាប់លិខិតសខ្មៅលេខ១៩៣ ចុះកាលពីឆ្នាំ១៩៩៨ និងលិខិតឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ដែលទទួលស្គាល់ថា គណបក្ស សម រង្ស៊ី បានដូរឈ្មោះមកជាគណបក្ស ភ្លើងទៀន។
លោក រ៉ុង ឈុន៖ «យើងដាក់៣ច្បាប់ហ្នឹងជូនហើយ រង់ចាំមើល ថាតើ គ.ជ.ប សម្រេចបែបម៉េច អាហ្នឹងយើងរង់ចាំមើលបន្តទៀត»។
ងាកទៅរឿងការគំរាមបង្ក្រាបរបស់លោក ហ៊ុន សែន មន្ត្រីសិទ្ធិមនុស្សលើកឡើងថា កម្ពុជាដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សមិនគួរកើតមានអំពើហិង្សាទៀតទេ ព្រោះវាមិនចំណេញសម្រាប់សង្គមជាតិឡើយ និងមានតែធ្វើឱ្យបែកបាក់សាមគ្គីជាតិ និងធ្វើឱ្យពលរដ្ឋរងគ្រោះប៉ុណ្ណោះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ក្នុងនាមជាមន្ត្រីសិទ្ធិមនុស្ស នឹងមានការសោកស្ដាយបំផុត ប្រសិនបើកម្ពុជាឈានដល់ដំណាក់កាល នៃការបង្ក្រាបលើក្រុមបាតុករអហិង្សា រហូតអាចបណ្ដាលឱ្យមានអ្នកស្លាប់ និងជាប់គុក ដូចការព្រមានពីលោក ហ៊ុន សែន។ ប៉ុន្តែលោកយល់ឃើញថា រូបភាពទាំងនោះ មិនអាចកើតឡើយ ហើយវាគ្រាន់តែជាសារឆ្លើយឆ្លងគ្នារវាងអ្នកនយោបាយប៉ុណ្ណោះ។
លោក អំ សំអាត៖ «អ៊ីចឹង! អ្វីដែលសំខាន់ បើជាឈានដល់ដំណាក់កាលហ្នឹង (ការសម្លាប់ ឬចាប់ដាក់ពន្ធនាគារអ្នកតវ៉ា) វាជារឿងមួយដែលសោកស្ដាយណាស់ សម្រាប់កម្ពុជាយើងក្រោយអំពីស្ថានភាពសិទ្ធិមនុស្សដែលមានការរិះ គន់ជាហូរហែកន្លងមក។ ប៉ុន្តែយើងជាអង្គការសង្គមស៊ីវិល នៅតែមានសុទិដ្ឋិនិយម ពីរឿងអ្នកនយោបាយ អាចបន្តការជជែកគ្នាបាន ហើយស្វែងរកដំណោះ ស្រាយ ផ្នែកនយោបាយ ដើម្បីឱ្យមានបរិយាកាសនយោបាយល្អ ឆ្ពោះទៅរកការបោះឆ្នោតហ្នឹងបាន»។
មេដឹកនាំគណបក្សភ្លើងទៀនលើកឡើងថា គ.ជ.ប ដែលតម្រូវឱ្យគណបក្សនយោបាយ ត្រូវយកលិខិតចម្លងចេញពីច្បាប់ដើម នៃសេចក្ដីប្រកាសទទួលស្គាល់ជា គណបក្សស្របច្បាប់ពីក្រសួងមហាផ្ទៃ កាលពីឆ្នាំ១៩៩៨ ជាការធ្វើផ្ទុយទៅនឹងនីតិវិធីកន្លងមក និងដើម្បីបង្កលក្ខណៈលំបាកដល់គណបក្សភ្លើងទៀន ក្នុងការចុះបញ្ជីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅក្នុងខែកក្កដាខាងមុខនេះ។ ពួកគេថា ការបោះឆ្នោតនេះ នឹងគ្មានន័យអ្វីឡើយ ប្រសិនបើគណបក្សប្រឆាំងដ៏មានឥទ្ធិពលបំផុតនៅពេលនេះ មិនអាចចូលរួមការបោះឆ្នោតបាន ដោយសារការបង្កបញ្ហាស្មុគស្មាញពីស្ថាប័ន គ.ជ.ប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
What is this guy wants? Why can’t he just lets it all play out on the election? Why is he so afraid? If he makes this kind of warning/ threatening to the people that wanted to do a peaceful protest/ demonstrations, we will let the world know that he’s violating every Cambodian’s citizen their’s rights. He doesn’t own Cambodia and Cambodian citizens. He is just a poppet leader that was installed by the Vietnamese and he think he’s God!. Well, he’s not God, he’s bully, he’s a murderer, he’s violent, he’s a control freak and he will kill people without hesitation. The Cambodian people should know by now, if we lets him do whatever he wants, we will not , can not live in a peaceful life. That’ll goes on to next generation. Without power he’s nothing but a little piece of shit!
This guy never respected human right or constitution or Parish Accord what so ever because he former khmer rough and the killer so he afraid everything ‘ but when he die he go to hell thousand years