ដោយ ម៉ៅ សុធានី
2023.05.26
RFA

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី រូប៖ ហ្វេសប៊ុកព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គ្រោងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ខណៈកម្ពុជា និងឥណ្ឌា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែឧសភា ឲ្យដឹងថា ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ គឺដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែង និងបង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។
ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះមហាក្សត្រ ទ្រង់សព្វព្រះទ័យរាជានុញ្ញាតជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌា លោក ឌ្រូផាឌី មួរមូ (Droupadi Murmu) នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ដើម្បីពិភាក្សាស្តីពីសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។
ព្រះមហាក្សត្រនឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅមណ្ឌលអនុស្សាវរីយ៍ មហាត្មះ គន្ធី ផងដែរ។
នេះជាលើកទី២ហើយ ដែលព្រះមហាក្សត្រខ្មែរព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់យាងទៅប្រទេសឥណ្ឌា បន្ទាប់ពីព្រះបិតាព្រះអង្គ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានយាងកាលពី ៦០ឆ្នាំមុន។
ទិន្នន័យរបស់អង្គការសហប្រជាជាតិ COMTRADE បង្ហាញថា ឥណ្ឌានាំចេញទំនិញមកកម្ពុជា មានទឹកប្រាក់ចំនួនជិត ២៣០លានដុល្លារ កាលពីអំឡុងឆ្នាំ២០២២។ ប៉ុន្តែទំនិញដែលកម្ពុជានាំចេញទៅលក់នៅប្រទេសឥណ្ឌា មានចំនួន ១២៦លាន កាលពីអំឡុងឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។