អង្គការលើកលែងទោសអន្តរជាតិទាមទារឱ្យកម្ពុជាទម្លាក់ចោលការផ្តន្ទាទោសដល់ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍

កម្ពុជា-សង្គម
27/05/2023 – 09:07
ដោយ៖ សាំ ឧត្តម
RFI

អង្គការ​លើកលែងទោស​អន្តរជាតិ​ (Amnesty International)​ ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ កញ្ញា​ ឈឹម ស៊ីថរ​ រួម​នឹង​ថ្នាក់​ដឹកនាំ​សហជីព​៦រូប​ផ្សេង​ទៀត​ជា​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ ​ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​អ្នក​ទាំង​៧​ក្នុង​សំណុំ​រឿង​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម។​ នៅ​ចំពោះ​មុខ​ការ​សម្រេច​របស់​តុលាការ​នា​ពេលនេះ​ អង្គការ​ខាង​លើ​យល់​ថា​ កម្ពុជា​បាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​ស្តី​ពី​សិទ្ធិ​មនុស្ស​អន្តរជាតិ។​

កញ្ញា ឈឹម ស៊ីថរ រួមនឹងថ្នាក់ដឹកនាំសហជីព © Internet


អង្គការលើកលែងទោសអន្តរជាតិដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស បានចេញមកជំរុញឱ្យតុលាការកម្ពុជា រួមនឹងអាជ្ញាធរផង គួរបញ្ឈប់ជាបន្ទាន់ចំពោះការផ្តន្ទាទោសមកលើថ្នាក់ដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ក្រោមការចោទប្រកាន់ដែលមានខ្លឹមសារផ្សារភ្ជាប់នឹងនយោបាយ ហើយក៏ត្រូវដោះលែងអ្នកទាំង៧ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។

ការចេញមកទាមទារបែបនេះ ក្រោយអង្គការលើកលែងទោសអន្តរជាតិសង្កេតឃើញថា រដ្ឋាភិបាលកម្ពុជាកំពុងបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរហើយប្រាស់ចាក់ពីអ្វីដែលជាកាតព្វកិច្ចរបស់កម្ពុជាក្នុងការគោរពច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ។  ខណៈអង្គការនេះយល់ថា កញ្ញា ឈឹម ស៊ីថរ និងថ្នាក់ដឹកនាំសហជីព៦រូបផ្សេងទៀតដែលតុលាការផ្តន្ទាទោសនោះ មិនបានប្រព្រឹត្តសកម្មភាពណាមួួយខុសពីច្បាប់ តែផ្ទុយទៅវិញមានតែចូលរួមការពារសិទ្ធិរបស់នយោជិតដែលត្រូវបានថៅកែបំពាន។

ដោយឡែក សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការផ្តន្ទាទោសចំពោះតំណាងសហជីពខ្លួន គឺជារឿងអយុត្តិធម៌ ហើយនេះជាប្រវត្តិសាស្ត្រដែលធ្វើឱ្យមានភាពអាម៉ាសចំពោះការសម្រេចមួយនេះ។

ត្បិតមានការទាមទារ និងលើកឡើងក្រោមទិដ្នភាពផ្សេងៗគ្នា តែសម្រាប់ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ស្នើឱ្យអង្គការអន្តរជាតិដែលឈឺឆ្អាលរឿងនេះ ពិនិត្យមើលនូវអង្គហេតុ និងអង្គច្បាប់ ពិសេសទៅលើសកម្មភាពនាពេលកន្លងមករបស់ថ្នាក់ដឹកនាំសហជីពទាំង៧រូបខាងលើ ថា​តើនេះជាការអនុវត្តសិទ្ធិ ឬជាសកម្មភាពដែលត្រូវចាត់ចូលជាបទល្មើសនៅកម្ពុជា។

បើតាមការបញ្ជាក់របស់លោក ជិន ម៉ាលីន រាល់សកម្មភាពដែលចាត់ទុកជាបទល្មើស និងមានភស្តុតាងគ្រប់គ្រាន់ មិនមែនជាការរំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិនយោបាយអ្វីឡើយ។ ហើយមន្ត្រីនាំពាក្យរូបនេះ​ចាត់ទុកការលើកឡើងរបស់អង្គការលើកលែងទោសអន្តរជាតិ គឺផ្អែកលើរូបភាពនយោបាយច្រើនជាងផ្អែកលើទិដ្ឋាភាពច្បាប់របស់កម្ពុជា។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែឧសភា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសកញ្ញា ឈឹម ស៊ីថរដែលកំពុងស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នស្រាប់ ឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំពីបទចោទញុះញង់បង្កភាពវឹកវរក្នុងសង្គម អនុលោមតាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ចំណែកថ្នាក់ដឹកនាំសហជីព៥រូបផ្សេងទៀតរួមមាន៖  កញ្ញា ឈឹម សុខន លោកស្រី ស៊ុន ស្រីពេជ្រ លោកស្រី ហៃ សុភាព លោកស្រី ឃ្លាំ សុបិន និង កញ្ញា ទូច សិរី តុលាការសម្រេចឱ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ដោយត្រូវឋិតក្រោមការត្រួតពិនិត្យរបស់តុលាការ ហើយស្ថិតនៅក្រៅឃុំ ខណៈលោកស្រី វី សុវណ្ណឌីវិញ ត្រូវជាប់ពន្ធនាគារ១ឆ្នាំ តែតុលាការសម្រេចព្យួរទោស៕

What Next?

Recent Articles