កម្ពុជា-សង្គម
28/05/2023 – 09:11
ដោយ៖ សឿង ភារៈ
RFI
នៅថ្ងៃទី២៨ ខែឧសភានេះ អង្គការ សមាគម និងសហគមន៍មូលដ្ឋានចំនួន ១០ស្ថាប័នបានរួមគ្នាប្រារព្ធទិវាបរិស្ថាន និងជំរុញឲ្យមានការរួបរួមការពារបរិស្ថាន និងធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិជាតិ។ តំណាងអ្នកចូលរួមក៏បានបង្ហាញការសោកស្តាយចំពោះការរារាំង ឬការធ្វើទុកបុកម្នេញ លើសកម្មភាពរបស់យុវជន ដែលចូលរួមការពារបរិស្ថាននាពេលកន្លងមក។

ការប្រារព្ធទិវាបរិស្ថាន © FB កើត សារ៉ាយ
លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២៨ ខែឧសភា នេះថា ក្នុងឱកាសប្រារព្ធទិវាបរិស្ថាន នៅព្រឹកនេះ មានសកម្មភាពជិះកង់ផ្សព្វផ្សាយពីការការពារធនធានធម្មជាតិ និងបរិស្ថាន។ ក្រៅពីនេះ ក៏មានការនាំយកញត្តិទៅដាក់នៅក្រសួងបរិស្ថានដែរ ប៉ុន្តែក្រសួងបរិស្ថានមិនបើកធ្វើការទេ នៅថ្ងៃអាទិត្យនេះ ដូច្នេះត្រូវរងចាំរហូត ដល់ថ្ងៃចន្ទ ទី២៩ ខែឧសភា។
តាមរយៈសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២៨ ខែឧសភា អង្គការ សមាគម និងសហគមន៍មូលដ្ឋានចំនួន១០ស្ថាប័នបានផ្តើមរៀបចំការប្រារព្ធទិវាបរិស្ថាន រយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
សេចក្តីប្កាសព័ត៌មានបានបញ្ជាក់ថា ការប្រារព្ធទិវាបរិស្ថាននាឆ្នាំនេះ មានគោលបំណងសំខាន់ៗចំនួនបួន។ គោលបំណងទាំងនោះរួមមាន៖ ១). ចូលរួមអបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣ ២).ជំរុញលើកទឹកចិត្ដដល់សាធារណជន ភាគីពាក់ព័ន្ធក្នុងការចូលរួមការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្ដរភាព ៣).ស្នើដល់ក្រសួងពាក់ព័ន្ធបង្កើនប្រសិទ្ធភាព និងពង្រឹងការដកហូតធនធានធម្មជាតិ ប្រកបដោយតម្លាភាព និង ៤). សំឡេងរបស់សហគមន៍ យុវជន សមាគម អង្គការសង្គមស៊ីវិលដែលធ្វើការលើបញ្ហាធនធានធម្មជាតិ បរិស្ថាន ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ និងដោះស្រាយប្រកបដោយការយកចិត្តទុកដាក់។
ការប្រារព្ធទិវាបរិស្ថាននាឆ្នាំនេះ ធ្វើឡើងខណៈមានយុវជនបរិស្ថានមួយចំនួនបានប្រកាសចូលរួមសកម្មភាពការពារបរិស្ថានក្រោមឆ័ត្ររបស់រដ្ឋាភិបាល ប៉ុន្តែក៏មានសកម្មជនបរិស្ថានមួយចំនួនទៀត នៅរក្សាជំហររបស់ខ្លួនដដែល។
លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរបានបង្ហាញការសោកស្តាយនៅពេលក្រសួងចេញលិខិតព្រមាន ក្រោយពីមានយុវជនហ៊ានចូលរួមការពារធនធានធម្មជាតិ ជាក់ស្តែងដូចជាករណីក្រសួងចោទយុវជនបរិស្ថាន ថាធ្វើតាមការរៀបចំរបស់ជនបរទេសជាដើម។
លោកបន្តថា គេគួរតែមានចិត្តរីករាយនៅពេល ដែលមានយុវជនបង្ហាញពីភាពជាម្ចាស់ ដើរតួនាទីចូលរួមការពារទ្រព្យសម្បត្តិជាតិ។ លោកអះអាងថា អាជ្ញាធរដ្ឋក៏ត្រូវទទួលស្គាល់ថា ដើម្បីឲ្យការការពារមានប្រសិទ្ធភាព គឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរ។
សូមជម្រាបជូនថា ក្រៅពីការរៀបចំសម្មភាពផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយពីបញ្ហាបរិស្ថានដល់ប្រជាពលរដ្ឋ ក្រុមអង្គការ សមាគមក៏បានរៀបចំសកម្មភាពមួយចំនួនទៀតដែរ។ សកម្មភាពទាំងនោះរួមមាន វេទិកាសាធារណៈ ការដាំកូនឈើ ការជិះស៊ីក្លូរដើម្បីបរិស្ថាន កិច្ចសន្ទនាជាមួយនឹងគណបក្សនយោបាយស្តីពីគោលនយោបាយបរិស្ថាន និងការរៀបចំទិវាបរិស្ថានពិភពលោក៕