កម្ពុជា-សង្គម
28/05/2023 – 09:01
ដោយ៖ អ៊ឹង ប៊ុនថន
RFI
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការី២រូបទៀត បានចេញមុខសុំទោសលោក ហ៊ុន សែន និងប្រកាសដកខ្លួនចេញពីសមាជិកនៃផ្ទះសាមគ្គី ដែលជាកន្លែងប្រជុំរបស់ក្រុមសកម្មជនសង្គម។ ការចេញមុខសុំទោសនៅគ្រាដែលកំពុងជាប់ពន្ធនាគារនេះគឺធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន កាលពីម្សិលមិញ បានប្រាប់ឲ្យប្រទេសជាម្ចាស់ជំនួយត្រូវដកខ្លួនចេញពីការផ្តល់លុយទៅកាន់ក្រុមអង្គការសង្គមស៊ីវិលខ្លះដែលលោកហៅថាជាការធ្វើបដិវត្តន៍កសិករ។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា © Internet
តាមរយៈវីដេអូដែលផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មាន Fresh News លោក ថេង សាវឿន បាននិយាយថា លោកបានធ្វើសកម្មភាពទៅតាមការញុះញង់ពីបរទេស ហើយសុំឲ្យលោក ហ៊ុន សែន និងលោក ស ខេង អភ័យទោសចំពោះរូបលោក។ សកម្មជនដែលធ្លាប់រងរបួសធ្ងន់កាលពីព្រឹត្តិការណ៍តវ៉ារបស់កម្មកររោងចក្រយ៉ាក់ជីងឆ្នាំ២០១៤រូបនេះ ក៏ប្រកាសដកខ្លួនចេញពីសមាជិកនៃផ្ទះសាមគ្គី ដែលជាកន្លែងប្រជុំរបស់ក្រុមសកម្មជនសង្គមផងដែរ ហើយអំពាវនាវឲ្យកសិករដែលប្រមូលផ្តុំនៅមុខក្រសួងមហាផ្ទៃរំសាយការជួបជុំ។
លោក ថេង សាវឿន និងក្រុមការងាររបស់លោកផ្សេងទៀតត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់រថយន្តដែលជិះរួមគ្នា ក្នុងទិសដៅត្រឡប់មករាជធានីភ្នំពេញ បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលបុគ្គលិកក្នុងខេត្តរតនៈគិរីកាលពីទី១៧ ខែឧសភា។ ការចាប់ឃាត់ខ្លួនលោក ថេង សាវឿន គឺធ្វើឡើងស្របតាមសំណើររបស់សមត្ថកិច្ចខេត្តរតនៈគិរី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ថាការចាប់ខ្លួនលោក ថេង សាវឿន ជាប់ពាក់ព័ន្ធនឹងគម្រោងផែនការធ្វើបដិវត្តន៍កសិករ។ ក្រោយមកតុលាការបានចោទប្រធានសមាគមរូបនេះ ពីបទញុះញង់ និងរួមគំនិតក្បត់។
ការចេញមុខសុំទោសរបស់លោក ថេង សាវឿន នៅគ្រាដែលកំពុងជាប់ពន្ធនាគារនេះគឺធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានប្រាប់ឲ្យប្រទេសជាម្ចាស់ជំនួយត្រូវដកខ្លួនចេញពីការផ្តល់លុយទៅកាន់ក្រុមអង្គការសង្គមស៊ីវិលខ្លះដែលលោកហៅថាជាការធ្វើបដិវត្តន៍កសិករ។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ថ្លែងថា ការចេញមុខសុំទោសរបស់សកម្មជនដែលជាប់ឃុំកន្លងមក រួមទាំងលោក ថេង សាវឿន គឺជាសិទ្ធិរបស់ពួកគេ ខណៈពួកគេរងការលំបាកទាំងផ្លូវកាយ និងផ្លូវចិត្តក្នុងពន្ធនាគារ។ តែលោកយល់ថា ការសុំទោសនេះគឺធ្វើឡើងដោយសារតែអស់ជម្រើសប៉ុណ្ណោះ ហើយថា បើមានកំហុសពិតមែន ការសុំទោសនេះ តាមផ្លូវច្បាប់ក៏មិនរួចខ្លួនឡើយ៕