កម្ពុជា-សង្គម
28/05/2023 – 09:08
ដោយ៖ សាំ ឧត្តម
RFI
ក្រុមសកម្មជននៃចលនាមាតាធម្មជាតិ ទាមទារឱ្យតុលាការក្រុងភ្នំពេញទម្លាក់បទចោទប្រកាន់«រួមគំនិតក្បត់»និង«ប្រមាថព្រះមហាក្សត្រ» ប្រឆាំងនឹងពួកគេ ដើម្បីអាចឱ្យពួកគេមានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមថែរក្សា និងការពារធនធានធម្មជាតិបន្តទៀតដោយគ្មានការគំរាមកំហែង។ បើតាមសកម្មជនរបស់ចលនាមាតាធម្មជាតិ សកម្មភាពការពារធនធានធម្មជាតិរបស់ខ្លួននាពេលកន្លងមក មិនមែនជាបទឧកិ្រដ្ឋឡើយ ហើយការចោទប្រកាន់មកលើយុវជនដែលមានមនសិការឈឺឆ្អាលនូវបញ្ហាបរិស្ថាន គឺជាសោកនាដកម្មដ៏ធំមួយចំពោះប្រព័ន្ធយុត្តិធម៌សង្គម។

សកម្មជននៃចលនាមាតាធម្មជាតិ © Internet
ក្នុងខ្សែវីដេអូជាង២នាទី សកម្មជនចលនាមាតាធម្មជាតិចំនួន៦រូបរួមមាន កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុត និងលោក យឹម លាងហ៊ី បានស្នើឱ្យសាលាដំបូងរាជធានីភ្នំពេញលុបចោលការចោទប្រកាន់ទាំងពីរនេះវិញ ពីព្រោះពួកគេយល់ថា សកម្មភាពកន្លងមកមិនឆ្លុះបញ្ចាំងពីការរួមគំនិតក្បត់ដូចការចោទប្រកាន់របស់តុលាការឡើយ។
ការចូលរួមថែរក្សា និងការពារធនធានធម្មជាតិ ការលាតត្រដាងនូវអំពីពុករលួយគ្រប់រូបភាពរបស់មន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាលដែលបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិមិនត្រូវចាត់ចូលទៅក្នុងបទចោទក្បត់ជាតិនោះទេ។ នេះបើតាមការលើកឡើងរបស់សកម្មជននៃចលនាមាតាធម្មជាតិ។
លោក ថុន រដ្ឋា សកម្មជនចលនាមាតាធម្មជាតិ បានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFIថា បទចោទក្បត់ជាតិនេះមានកម្រិតធ្ងន់ណាស់ ដែលនេះហាក់ផ្ទុយពីសកម្មភាពកន្លងមករបស់លោក ដែលគ្មានចេតនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលអ្វីឡើយ ហើយការចោទប្រកាន់នេះ តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ឯណា ដើម្បីដាក់បន្ទុកមកលើសកម្មជនទាំង៦នាក់នោះទេ។ តែយ៉ាងណា លោក ថុន រដ្ឋាយល់ថា ករណីទាំងនេះ ជាការបំបិទសិទ្ធិសេរីភាពច្រើនជាងការអនុវត្តច្បាប់ដែលស្របតាមច្បាប់។
ចំណែកលោក លី ចាន់ដារ៉ាវុតចាត់ទុកការចោទប្រកាន់មកលើយុវជនដែលមានឧត្តមគតិឈឺឆ្អាល និងព្រួយបារម្ភពីមហន្តរាយនៃធនធានធម្មជាតិ គឺជាសោកនាដកម្មដ៏ធំមួយចំពោះប្រព័ន្ធយុត្តិធម៌សង្គមខ្មែរ ពិសេសក្នុងប្រទេសដែលប្រកាន់យកការដឹកនាំតាមបែបប្រជាធិបតេយ្យ។ ទោះជាយ៉ាងណាក្តី យុវជនរូបនេះបេ្តជ្ញាថា នឹងបន្តលាតត្រដាងពីអំពើពុករលួយ និងការឃុបឃិតគ្នាពីសំណាក់អ្នកមានអំណាចមួយចំនួនដែលមានចេតនាបំផ្លាញធនធានធម្មជាតិដែលកំពុងរងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ និងគ្រប់រូបភាព។
ជាក់ស្តែងការស្នើឱ្យតុលាការទម្លាក់បទចោទប្រកាន់ប្រមាថព្រះមហាក្សត្រនិងរួមគំនិតក្បត់របស់សកម្មជនបរិស្ថានទាំង៦នាក់នាពេលនេះ ធ្វើឡើងបន្ទាប់ពីតុលាការបានបិទបញ្ចប់នីតិវិធីសាកសួររួចរាល់ ដោយត្រៀមជំនុំជម្រះលើសំណុំរឿងទាំងពីរនេះនាពេលខាងមុខ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា រាល់ការចោទប្រកាន់ គឺសម្អាងទៅលើភស្តុតាងដែលតុលាការបានរកឃើញដែលមានបញ្ញត្តិក្នុងច្បាប់របស់កម្ពុជា ហើយជនដែលរងបទចោទនេះ គឺបានល្មើសច្បាប់មែនទើបតុលាការសម្រេចដាក់ការចោទប្រកាន់អំពើក្បត់ជាតិ។ តែយ៉ាងណា លោក ជិន ម៉ាលីនមិនបានបញ្ជាក់ថា ការចោទប្រកាន់ពីបទក្បត់ជាតិនេះ សម្អាងលើភស្តុតាងអ្វីឡើយ។
សូមជម្រាបថា ក្នុងចំណោមសកម្មជនចលនាមាតាធម្មជាតិទាំង៦រូប លោក លី ចាន់ដារា៉វុតត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់។ ចំណែកលោក ថុន រដ្ឋា កញ្ញា ស៊ុន រដ្ឋា កញ្ញា ឡុង គន្ធា ក៏ត្រូវបានតុលាការចោទពីបទរួមគំនិតក្បត់ដូចគ្នា ប៉ុន្តែការចោទប្រកាន់នេះជាបទចោទបន្ថែមពីបទចោទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម។ ខណៈលោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា វិញរងបទចោទចំនួនពីរ ទីមួយគឺប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។ ក៏ប៉ុន្តែអ្នកទាំង៦ស្ថិតនៅក្រៅឃុំ ប៉ុន្តែក្រោមការត្រួតពិនិត្យរបស់តុលាការ៕