លោក ហ៊ុន សែន ព្រមានជាថ្មី ចំពោះគម្រោងបក្សភ្លើងទៀនចង់ធ្វើបាតុកម្មទាមទារចូលរួមការបោះឆ្នោត

កម្ពុជា-នយោបាយ
31/05/2023 – 08:16
ដោយ៖ ជួប នរក្សា
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានព្រមានជាថ្មី នៅចំពោះមុខនៃគម្រោងរបស់គណបក្សប្រឆាំងដែលចង់ធ្វើបាតុកម្មទាមទារចូលរួមការបោះឆ្នោតថ្នាក់ជាតិ។​ ការព្រមានរបស់ប្រមុខមេដឹកនាំបក្សកាន់អំណាចជាថ្មី ធ្វើឡើងនាបន្ទាប់ពេលដែល គណបក្សភ្លើងទៀនបានបង្ហើបពីគម្រោងជួបជុំអ្នកគាំទ្ររបស់ខ្លួនជាង១ម៉ឺននាក់ ដើម្បីតស៊ូមតិប្រឆាំងនឹងការសម្រេចរបស់គ.ជ.ប ដែលបានបដិសេធមិនឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។

អ្នកគាំទ្រ គណបក្សភ្លើងទៀន គ្រវីទង់ ខណៈពួកគេចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ REUTERS – STAFF


ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប ឬស្ពានឬស្សីកែវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន   ដំណើរការរៀបចំការបោះឆ្នោត មិនមានការថយក្រោយ ដោយសារតែការតវ៉ាមួយបក្ស ពីរបក្សនោះទេ ដែលពេលនេះ គឺមានការបោះពុម្ភសន្លឹកឆ្នោតរួចហើយ។ តាមលោក ហ៊ុន សែន បើទោះជាមានការតវ៉ាយ៉ាងណា ក៏គ្មានបានការអ្វីដែរ។

គួរកត់សម្គាល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការឆ្លើយតបទៅនឹងគម្រោងនៃការជួបជុំតស៊ូមតិរបស់គណបក្សភ្លើងទៀន ដើម្បីទាមទារចូលរួមការបោះឆ្នោត។ លោក រ៉ុង ឈុន អនុប្រធាននៃគណបក្សភ្លើងទៀន បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ ថា គណបក្សបានសម្រេចជួប​ជុំ​សមាជិក ​និង​អ្នក​គាំទ្ររបស់ខ្លួន​ប្រមាណជាង ១ម៉ឺន​នាក់​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​នៅចុងសប្តាហ៍ក្រោយ​នេះ។ ជាការសម្រេចដែលធ្វើឡើង តាមរយៈកិច្ចប្រជុំគណៈកម្មាធិការនាយកកាលពីថ្ងៃទី២៨ ខែឧសភា ក្រោយពេលដែលក្រុមប្រឹក្សាធម្មនុញ្ញបានតម្កល់សេចក្តីសម្រេចរបស់គ.ជ.ប ទុកជាបានការ។

បើតា​មលោក រ៉ុង ឈុន គណបក្សភ្លើងទៀនមិនមានការព្រួយបារម្ភអំពីការព្រ​មានចាប់ខ្លួនថ្នាក់ដឹ​ក​​នាំឡើយ បើទោះបីជាគម្រោងនេះ ត្រូវបានប្រមុខរដ្ឋាភិបាលព្រមានជាមុនរួចហើយក្តី។

យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានព្រលយពីការចាប់ខ្លួនជាថ្មី ប្រសិនបើគណបក្សភ្លើងទៀន ហ៊ានចេញមុខធ្វើបាតុកម្ម។ តាមលោក ហ៊ុន សែន គឺពន្ធនាគារត្រៀមបើកទ្វារជានិច្ច ដើម្បីស្វាគមន៍រាល់មេដឹកនាំបក្សប្រឆាំង ដែលចង់ធ្វើបាតុកម្ម។

សូមបញ្ជាក់ថា ការប្រកាសប្រមូលផ្ដុំជួបជុំសមាជិក និងអ្នកគាំទ្រប្រមាណជាង ១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យរបស់គណបក្សភ្លើងទៀននៅពេលនេះ ធ្វើឡើងក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញ បានរក្សាការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានដិសេធមិនទទួលយកការចុះបញ្ជីគណបក្សភ្លើងទៀន ដោយ​សារ​គណ​បក្សមួយនេះ​បាត់​ប្រកាស​លេខ​១៩៣ ​ស្តី​ពី ​«ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណ​បក្ស​នយោ​បាយ»

What Next?

Recent Articles