ដោយ មាន ឫទ្ធិ
2023.06.01
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២៩ មករា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ក្រុមអ្នកវិភាគ និងសកម្មជននយោបាយនៅអាមេរិករំពឹងថា សហគមន៍អន្តរជាតិអាចនឹងបង្កើនការរិះគន់ និងដាក់សម្ពាធកាន់តែខ្លាំងមកលើរដ្ឋាភិបាលលោក ហ៊ុន សែន ក្រោយការបោះឆ្នោតជាតិខែកក្កដារួច។ នេះក៏ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន បានផាត់ចោលគណបក្សប្រឆាំងធំជាងគេ គឺគណបក្សភ្លើងទៀន មិនឱ្យចូលរួមការបោះឆ្នោត ខណៈគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា នៅតែត្រូវបានលោក ហ៊ុន សែន មិនអនុញ្ញាតឱ្យរស់ឡើងវិញ និងធ្វើជាចំណាប់ខ្មាំងនយោបាយ។
មិនមែនជារឿងចម្លែក ហើយក៏មិនខុសពីលើកមុនឡើយដែលរដ្ឋាភិបាលលោក ហ៊ុន សែន បន្តធ្វើបាន។ នោះគឺការផាត់ចោលសំឡេងរបស់គណបក្សប្រឆាំងធំជាងគេដែលមានពលរដ្ឋគាំទ្រជិត២លាននាក់ គឺគណបក្សភ្លើងទៀន មិនឱ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខែកក្កដា ខាងមុខនេះ ខណៈនៅតែបន្តមិនឱ្យគណបក្សសង្គ្រោះជាតិដែលធ្លាប់មានសំឡេងពលរដ្ឋគាំទ្រជាង៣លាននាក់រស់ឡើងវិញ។
នៅទីបំផុតទៅ ការបោះឆ្នោតជាតិខែកក្កដាខាងមុខនេះ ទំនងជាមិនល្អមើលដូចព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ដែលលោក ហ៊ុន សែន ចង់ឱ្យអន្តរជាតិឃើញឡើយ។ មិនល្អមើលដោយសារតែលទ្ធផលនៃការបោះឆ្នោតនេះ គេអាចទស្សន៍ទាយដឹងជាមុនទៅហើយថា គណបក្សប្រជាជនកម្ពុជារបស់លោកនឹងប្រកាសដោយខ្លួនឯងថា «ឈ្នះភ្លូកទឹកភ្លូកដី» ក្រសោបយកកៅអីសភាទាំង១២៥ តែឯងទៀត ដោយសារតែគ្មានគូប្រជែងដ៏មានសក្ដានុពល។
អ្នកវិភាគនយោបាយលោក មាស នី ថា គ្រាប់ពូជប្រជាធិបតេយ្យនៅកម្ពុជាពិបាកនឹងដុះលូតលាស់ដោយសារអ្នកនយោបាយខ្មែរបន្តយកទឹកក្តៅទៅស្រោច។ លោកប្រាប់វិទ្យុអាស៊ីសេរីថា ការផាត់ចោលគណបក្សប្រឆាំង នាពេលនេះប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលនឹងរងនូវការរិះគន់កាន់តែខ្លាំងពីអន្តរជាតិ។
លោក មាស នី៖ «សម្រាប់ខ្ញុំ វាពិតជាប៉ះពាល់ហើយ។ ប្រសិនបើមានគណបក្សផ្សេងទៀតដែលមានកម្លាំងប្រហែលគ្នាដែលអាចទៅប្រកួតនៅក្នុងឆ្នាំ២០២៣បាននោះ អាហ្នឹង វាមិនសូវជាមើលទៅឃើញចម្លែកអីប៉ុន្មានទេ សម្រាប់លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ ការបាត់បង់នូវគណបក្សធំមួយនេះ គឺវាអាចនឹងធ្វើឱ្យការបោះឆ្នោតឆ្នាំ២០២៣ នឹងមានការរិះគន់ថែមទៀតពីអន្តរជាតិ»។
ក្រៅពីការរិះគន់ពីអន្តរជាតិនេះ សម្រាប់អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិញ លោកវាយតម្លៃថា យន្តការនៃការដាក់សម្ពាធអាចនឹងត្រូវបានសហគមន៍អន្តរជាតិយកមកសើរើឡើងវិញ។ លោកផ្តល់អំណះអំណាងថា នេះគឺដោយសារតែបន្ថែមទៅលើការណ៍ដែលរដ្ឋាភិបាលនៅតែមិនអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញនោះហើយឈានទៅផាត់ចោលសំឡេងគណបក្សភ្លើងទៀនដ៏មានសក្ដានុពលទៀតផងនោះ។
លោក ឯម សុវណ្ណារ៉ា៖ «កាលណាអវត្តមានគណបក្សភ្លើងទៀន អ៊ីចឹងគឺថាជីវិតគណបក្សសង្គ្រោះជាតិនៅរស់រានមានជីវិតនៅឡើយ។ ប្រសិនបើគណបក្សភ្លើងទៀនចូលរួមបោះឆ្នោតបានសំឡេង គេអាចទៅបន្ធូរបន្ថយសម្ពាធតាមរយៈគណបក្សភ្លើងទៀនអាចជំនួសគណបក្សសង្គ្រោះជាតិ សម្រាប់សំឡេងប្រឆាំងនេះ។ ក៏ប៉ុន្តែ នៅពេលដែលសំឡេងប្រឆាំងអត់មាន ដូច្នេះ អន្តរជាតិនឹងលើកយកបន្ទុករឿងគណបក្សសង្គ្រោះជាតិ មកសើរើមកនិយាយ ហើយរឿងអត្រាអ៊ីប៊ីអេ (EBA) នេះ ដែលយើងហៅថា សហគមន៍អឺរ៉ុបបានចេញសេចក្តីមួយកាលពីមួយខែមុននោះ ដូច្នេះ យន្តការនៃការដាក់សម្ពាធនេះ ខ្ញុំគិតថាប្រហែលជាអាចតានតឹងជាងបច្ចុប្បន្ន»។
ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២៥ ខែឧសភា បានសម្រេចបិទផ្លូវតវ៉ាមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមក្នុងការប្រកួតប្រជែងការបោះឆ្នោតជាតិខែកក្កដាខាងមុខនេះ ដូចតាមការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមហេតុផលថា គណបក្សនេះពុំមានឯកសារចុះបញ្ជីគណបក្សនយោបាយច្បាប់ដើម។ ស្ថាប័នជាតិកំពូលទាំងពីរដែលតាំងខ្លួនឯងថា ជាស្ថាប័នឯករាជ្យ និងគោរពគោលការណ៍ប្រជាធិបតេយ្យ បានសម្រេចផាត់ចោលគណបក្សភ្លើងទៀន ដោយមិនខ្ចីខ្វល់ពីការបំបាត់សំឡេងពលរដ្ឋដែលគាំទ្រគណបក្សនេះជិត ២លាននាក់ កាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ កន្លងទៅ។
នៅមុនការសម្រេចបិទផ្លូវតវ៉ារបស់ក្រុមប្រឹក្សាធម្មនុញ្ញ លោក ហ៊ុន សែន បានព្រមានសហគមន៍អន្តរជាតិ ឱ្យរក្សាភាពស្ងៀមស្ងាត់រហូតដល់ការបោះឆ្នោត និងកុំឱ្យលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោក ហ៊ុន សែន៖ «កុំឱ្យមានអាការជ្រៀតជ្រែកកិច្ចការបរទេស។ នេះកិច្ចការរបស់ប្រទេសកម្ពុជា ហើយសូមមេត្តាកុំភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសរបស់អស់លោកជាមួយនឹងកិច្ចការខ្លះដែលជាកិច្ចការរបស់កម្ពុជា»។
ទោះយ៉ាងណា ប្រតិកម្ម និងការថ្កោលទោសចំពោះការសម្រេចរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បានស្រោចមកស្ទើរជុំទិសពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី និងជប៉ុន ព្រមទាំងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។
ក្រសួងការបរទេសអាមេរិកថា ខ្លួនមានកង្វល់យ៉ាងជ្រាលជ្រៅដែលអាជ្ញាធរកម្ពុជាមិនឱ្យគណបក្សភ្លើងទៀនចូលរួមបោះឆ្នោត និងថាអាមេរិកមិនមានគម្រោងបញ្ជូនមន្ត្រីមកសង្កេតការណ៍ការបោះឆ្នោតនៅខែកក្កដាខាងមុខឡើយ។ រីឯ សហភាពអឺរ៉ុបដែលសភារបស់ខ្លួនបានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ទាំងស្រុងពីកម្ពុជា ប្រសិនបើការបោះឆ្នោតខាងមុខប្រព្រឹត្តិទៅដោយគ្មានភាពសេរី និងយុត្តិធម៌នោះ លើកឡើងថា ការបដិសេធរបស់គ.ជ.ប មិនចុះបញ្ជីឱ្យគណបក្សភ្លើងទៀន គឺជាសញ្ញាណដ៏គួរ ឱ្យព្រួយបារម្ភមួយទៀតនៃការរួញតូចទៅៗ នៃលំហសម្រាប់គណបក្សនយោបាយក្នុងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិខាងមុខនេះ។ សហភាពអឺរ៉ុបពន្យល់ថា ការបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យតម្រូវឱ្យមានការប្រកួតប្រជែងដែលមានការបើកចំហ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងគួរឱ្យជឿទុកចិត្តបាន ខណៈពលរដ្ឋត្រូវបានអនុញ្ញាតឱ្យជ្រើសរើសតំណាងរបស់ពួកគេដោយសេរី។ ដោយឡែក ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ១៦នាក់ បានអំពាវនាវឱ្យមានបរិយាកាសបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅមុនការបោះឆ្នោតខាងមុខ។
ជុំវិញប្រតិកម្មរបស់សហគមន៍អន្តរជាតិនេះ អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ អារីហ្សូណា ស្តេត (Arizona State University) លោក អៀ សុផល ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិកថា ការបញ្ចេញប្រតិកម្មរបស់អន្តរជាតិដោយគ្រាន់តែថា ខ្លួនមានការរំខាននោះ គឺមិនគ្រប់គ្រាន់ឡើយ ប្រសិនបើគ្មានចំណាត់ការជាក់លាក់ជាបន្តនោះ។ លោកថា លទ្ធិប្រជាធិបតេយ្យ ត្រូវបានរម្លាយចោលទាំងស្រុងនៅកម្ពុជា ហើយលទ្ធផលនៃការបោះឆ្នោតនេះនឹងនៅតែដដែល ដូច្នេះ ចាំបាច់ត្រូវមានផលវិបាកដល់ក្រុមអ្នកដែលប្រព្រឹត្តអាក្រក់។
បន្ថែមពីលើការយល់ឃើញនេះ ពលរដ្ឋខ្មែរអាមេរិកាំង និងជាប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក អ្នកស្រី ធិ គឹមហ៊ុន រំពឹងថា តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកអាចនឹងសើរើដាក់ស្នើឡើងនូវសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មជាក់លាក់មកលើមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន នៅដើមខែមិថុនានេះ ដើម្បីឆ្លើយតបទៅនឹងទង្វើផាត់ចោលគណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតនៅកម្ពុជា។
អ្នកស្រី ធិត គឹមហ៊ុន៖ «សង្ឃឹមថា នៅដើមខែមិថុនានេះ ដែលសេចក្តីស្នើច្បាប់នេះនឹងចេញ ដែលសេចក្តីស្នើច្បាប់នេះជាសេចក្តីស្នើច្បាប់ដាក់សាថ្មីវិញនូវក្នុងសេចក្តីស្នើច្បាប់មួយឆ្នាំទៅមិញដែលយើងហៅថា សេចក្តីស្នើច្បាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពនៅកម្ពុជា ដោយយើងផ្អែកទៅលើគំនាប ក៏ដូចជាស្ថានការណ៍កាន់តែតឹងតែងទៅៗនៅក្នុងប្រទេសកម្ពុជា»។
កន្លងទៅ សភាអឺរ៉ុប ធ្លាប់ព្រមានថា សហភាពអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងដែលនៅសេសសល់ពីកម្ពុជា ប្រសិនបើការបោះឆ្នោតខាងមុខធ្វើឡើងដោយមិនសេរី និងយុត្តិធម៌។ សភាអឺរ៉ុប ក៏ជរុញឱ្យគណៈកម្មការអឺរ៉ុបតាមដានយ៉ាងចិត្តទុកដាក់ចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាមកលើគណបក្សភ្លើងទៀន និងត្រៀមប្រើគ្រប់យន្តការដែលមានដើម្បីឆ្លើយតប៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។