ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅគ្រប់ទិសទីរំឮកខួប៧៤ឆ្នាំនៃការផ្ទេរទឹកដីទៅឲ្យវៀតណាមគ្រប់គ្រង

កម្ពុជា-សង្គម
04/06/2023 – 08:46
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ពល​រដ្ឋ​ខ្មែរ​កម្ពុជា​នៅ​ប្រទេស​កម្ពុជា ​និង​នៅ​ទូ​ទាំង​ពិភព​លោក​បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​ផ្ទេរ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឲ្យ​រដ្ឋ​អំណាច​វៀត​ណាម​គ្រប់​គ្រង​រយៈ​ពេល​៧៤​ឆ្នាំ​មក​នេះ។​ ការ​ដែល​ពលរដ្ឋ​ខ្មែរ​កម្ពុជា​នាំគ្នា​រំឮក​ទិវា​ប្រវត្តិ​សាស្ត្រ​នេះ​ដោយ​ពួកគេ​លើក​ឡើង​ថា​ រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ​អំណាច​វៀត​ណាម ​ខ្មែរ​ម្ចាស់​ស្រុក​មិន​មាន​សិទ្ធិ​សេរីភាព​នោះ​ឡើយ​។

ការប្រារព្ធខួបទី ៧៤ ឆ្នាំ ទិវាបារាំងផ្ទេរទឹកដីកម្ពុជាក្រោម ឲ្យវៀតណាមត្រួតត្រា © Internet


នៅប្រទេស​កម្ពុជា ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​​បានប្រារព្ធខួបទី ៧៤ ឆ្នាំ ទិវាបារាំងផ្ទេរទឹកដីកម្ពុជាក្រោម ឲ្យវៀតណាមត្រួតត្រានេះ​គឺនៅនៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ។ ពិធីនេះមានការប្រគេនចង្ហាន់ព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលដល់ព្រះវិញ្ញាណក្ខន្ធថ្វាយព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ដួងវិញ្ញាណក្ខន្ធវីរបុរស វីរនារីស្នេហាជាតិ ព្រមទាំងការស្រស់ស្រូបអាហារមហាសាមគ្គីផងដែរ។

គណៈកម្មការរៀបចំ ក៏បានតាំងបង្ហាញរូបភាពឧកញ៉ា សឺន គុយ (ខ្នាតធំ) ដែលជាវីរបុរជាតិខ្មែរក្រោម និង តាំងបង្ហាញ​សារបណ្ដាំរបស់លោកឧកញ៉ា សឺន គុយ ដែលគេចាត់​ទុកថាជាមរត៌កសំខាន់សម្រាប់ប្រជាជាតិខ្មែរ។

ក្រៅពីពិធីបែបសាសនា ក៏មានដែរ​ ការៀបចំ​វេទិកា​សួរដេញដោលពីសំណាក់​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម និង​ស្ថានភាព​ដែលពួកគេ​កំពុងជួបប្រទះ។ រស់នៅក្រោម​ការគ្រប់​គ្រង​របស់​រដ្ឋអំណាច​វៀតណាមអស់​រយៈពេល​៧៤​ឆ្នាំ ខ្មែរ​ម្ចាស់​ស្រុក និយាយថា ពួកគេ​មិនមានសិទ្ធិ​សេរីភាពនោះឡើយ ទាំងការ​ប្រតិបត្តិ​ជំនឿសាសនា ការសិក្សារៀនសូត្រប្រវត្តិសាស្ត្រ និងអក្សសាស្ត្រខ្មែរជាដើម។

ជាការកត់សំគាល់​ ការ​ប្រារព្ធទិវា​៤​មិថុនា​ ​នៅឆ្នាំនេះ​គឺធ្វើឡើង​ព្រមៗគ្នា​រាប់​ទាំង​ខ្មែរ​នៅឯនាយ​សមុទ្រ ដូចជា នៅអូស្ត្រាលី និងនៅសហរដ្ឋអាមេរិក​។

​នៅ​ទីក្រុង​ស៊ីដនី ប្រទេសអូស្ត្រាលី ពលរដ្ឋ​ខ្មែរ​ក្រោម​រាប់​រយ​នាក់ ​ដែល​បាន​សិទ្ធិ​ជ្រកកោណ បាននាំគ្នា​ហែ​ក្បួន​អម​ដោយ​របាំ​ឆៃយ៉ាំដើម្បី​រម្លឹក​ខួប៧៤​ឆ្នាំ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ និង​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​បុព្វបុរស​ខ្មែរក្រោម ព្រមទាំង​ដាស់​តឿន​ឲ្យ​ពលរដ្ឋ​បន្ត​ស្មារតី​សាមគ្គី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ផ្ដល់​សិទ្ធិ​ជា​ជនជាតិ​ដើម​ភាគតិច ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម។

នៅឯសហរដ្ឋអាមេរិកវិញក៏មិនខុសគ្នាដែរ។

ដែនដី​កម្ពុជា​ក្រោម​មាន​ខេត្ត​សរុប​ចំនួន​២១​ត្រូវ​បាន​អាណានិគម​បារាំង​កាត់​ឲ្យ​វៀតណាម​គ្រប់គ្រង​កាលពី​ថ្ងៃទី៤ ខែ​មិថុនា​ឆ្នាំ​១៩៤៩។ ជនជាតិដើម​ខ្មែរក្រោម បាន​តស៊ូ និង​ធ្វើ​ពលីកម្ម​គ្រប់​បែបយ៉ាង​ដើម្បី​បុព្វហេតុ​ការពារ​ទឹកដី វប្បធម៌ និង​ជំនឿ​សាសនា​របស់​ខ្លួន នៅ​ដែនដី​កម្ពុជា​ក្រោម បើ​ទោះ​បី​ជា​មានការ​គាប​សង្កត់​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​បែប​ណា​ក្តី ខណៈអង្គការ​សហប្រជាជាតិ​តែងតែ​ប្រាប់ឲ្យ​វៀតណាមគោរសិទ្ធិ​ពលរដ្ឋ​ខ្មែរ​ជាជនជាតិដើម៕

What Next?

Recent Articles