ដោយ សេក បណ្ឌិត
2023.06.04
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ចូលរួមពិធីបើកកីឡាអាស៊ានប៉ារ៉ាហ្គេម (Asean Para Games) លើកទី១២ កាលពីថ្ងៃទី៣ មិថុនា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អ្នកវិភាគថា លោក ហ៊ុន សែន យកការបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (Asean Para Games) លើកទី១២ ដោយផាត់ចោលអង្គព្រះមហាក្សត្រ និងលើកតម្កើងខ្លួនជាអ្នកកសាងសន្តិភាព គឺជាសារប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយពីប្រជាពលរដ្ឋនៅមុនការបោះឆ្នោតប៉ុណ្ណោះ។ ប្រតិកម្មនេះគឺបន្ទាប់ពី លោក ហ៊ុន សែន បើកព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដោយថ្លែងថា លោកមានមោនភាពក្នុងការរៀបចំកីឡាស៊ីហ្គេមទទួលបានជោគជ័យ ឈានដល់ការរៀបចំកីឡាប៉ារ៉ាហ្គេម និងលើកកម្ពស់ជនមានពិការភាព។
អ្នកវិភាគនយោបាយលើកឡើងថា ការណ៍ លោក ហ៊ុន សែន កំពុងមានមោនភាពក្នុងការបើកព្រឹត្តិការណ៍ប៉ារ៉ាហ្គេម ដោយបង្ហាញពីស្នាដៃរបស់លោក តាមរយៈការរៀបចំកីឡាប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដោយឥតថ្លៃលើការផ្សព្វផ្សាយ ការស្នាក់នៅ និងហូបចុក គឺជារឿងល្ងង់ខ្លៅរបស់មេដឹកនាំពីព្រោះកម្ពុជាកំពុងមានសេដ្ឋកិច្ចក្រីក្រ និងជាប់បំណុលបរទេសជិត ១ម៉ឺនលានដុល្លារ។
អ្នកវិភាគនយោបាយ លោក គឹម សុខ ស្ញប់ស្ញែងចំពោះអត្តពលិកពិការដែលលះបង់ទាំងកម្លាំងកាយចិត្តដើម្បីប្រកួតដណ្ដើមមេដៃជូនជាតិ។ លោកបន្តថា គឺជារឿងដ៏អាម៉ាស់ដែលលោក ហ៊ុន សែន ប្រើប្រាស់កីឡាករពិការដើម្បីកេងចំណេញនយោបាយរបស់ខ្លួន ពីព្រោះកន្លងមក លោក ហ៊ុន សែន មិនខ្វល់ខ្វាយចំពោះជនពិការទាំងនោះ មិនថាពួកគាត់ពលីជីវិតជូនជាតិយ៉ាងណាក្ដី។
លោក គឹម សុខ៖ «កីឡាស៊ីហ្គេម រហូតដល់កីឡាប៉ារ៉ាហ្គេម ហើយអ្វីដែលក្រុម លោក ហ៊ុន សែន ខំផ្សព្វផ្សាយគឺដើម្បីផ្សារភ្ជាប់រឿងការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ថា ជាការរីកចម្រើនក្រោមការដឹកនាំរបស់គាត់ នៅពេលដែលគាត់មិនបានយកចិត្តទុកដាក់កីឡាករកីឡាការិនីគ្រប់វិស័យទាំងអស់ ឱ្យរស់នៅក្នុងជីវភាពថ្លៃថ្នូរ ឱ្យរស់នៅក្នុងនាមជាកូនខ្មែរមានមោទនភាពចំពោះជាតិខ្មែរនោះទេ»។
ពិធីបើកព្រឹត្តិការណ៍ប៉ារ៉ាហ្គេម (PARA GAMES) នេះមានការសម្ដែងសិល្បៈតន្ត្រី សម័យដែលមានពិការភាព និងសិល្បៈបុរាណដូចជា របាំអប្សរា ក្បាច់គុនខ្មែរ ក្បួនកងទ័ពចម្បាំង ល្ខោនស្បែកនិងមានការសម្ដែងផ្សេងទៀត។ ក្រៅពីនេះនៅមានសិល្បករមួយចំនួនបានខិតខំតែងចម្រៀងពីកីឡារស់សន្តិភាពដើម្បីផ្គាប់ផ្គុនចិត្ត លោក ហ៊ុន សែន។
ការប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២នេះមានប្រតិភូកីឡាសរុបជិត ២ពាន់៧រយនាក់ (២.៦៩២) ដោយប្រកួតលើវិញ្ញាសាសរុប ៤២៩វិញ្ញាសា នៃកីឡាចំនួន ១៣ប្រភេទ ដែលគ្រោងចំណាយថវិកាជាតិប្រមាណ ១លានដុល្លារអាមេរិក។
គិតត្រឹមយប់ថ្ងៃទី០៣ មិថុនា នេះកម្ពុជាឈរលើលេខរៀងទី២ ដោយទទួលបានមេដៃមាសចំនួន០១ និងប្រទេសថៃឈរនៅលេខរៀងទី១ ដោយទទួលបានមេដៃមាសចំនួន០២។
ការប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១២នេះ ចាប់ផ្ដើមប្រកួតនៅថ្ងៃទី៣ មិថុនា និងបិទបញ្ចប់នៅថ្ងៃទី៩ មិថុនា។ កីឡាប៉ារ៉ាហ្គេម គឺជាកីឡាដែលត្រូវបានដាក់បញ្ចូលជាមួយនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយកីឡានេះ គឺមានប្រទេសអាស៊ានទាំង១១ចូលរួមប្រកួតដែលមានបញ្ចូលនូវវិញ្ញាសាខុសៗគ្នា និងមានការរៀបចំជាពិសេសសម្រាប់ជនពិការតែប៉ុណ្ណោះ។
លោក ហ៊ុន សែន ថ្លែងក្នុងកម្មវិធីបើកព្រឹត្តិការណ៍ប៉ារ៉ាហ្គេម លើកទី១២ ថា លោកពិតជាមានមោទនភាពដែលរៀបចំកម្មវិធីនេះ និងអំពាវនាវពលរដ្ឋលើកកម្ពស់ជនពិការ កីឡារស់ក្នុងសន្តិភាព
លោក ហ៊ុន សែន៖ «ព្រះរាជាណាចក្រកម្ពុជាទើបតែរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ស៊ីហ្គេមលើកទី៣២ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ហើយកម្ពុជាក្លាយជាចំណែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញនៅសាមគ្គីភាពអាស៊ាន និងលើកកម្ពស់កីឡារបស់អាស៊ាន»។
បើទោះជា រដ្ឋាភិបាល លោក ហ៊ុន សែន បានអះអាងលើកកម្ពស់ជនពិការយ៉ាងណាក្ដី ក៏នឹងដាក់ចេញគោលនយោបាយ រដ្ឋាភិបាលតម្រូវឱ្យជនពិការប្រមាណ ២ភាគរយ បានបម្រើការនៅតាមក្រុមហ៊ុនឯកជន និងផ្ដល់សិទ្ធិឱ្យជនពិការបម្រើការនៅតាមស្ថាប័នរដ្ឋ។ ផ្ទុយពីលើកឡើងរបស់ លោក ហ៊ុន សែន ជនពិការមួយចំនួនបានធ្លាក់ខ្លួនក្រីក្រ ដោយសារតែពួកគាត់ខ្លះជាអតីតយុទ្ធជនលះបង់ជីវិតការពារជាតិ និងខ្លះទៀតមានពិការភាពតាំងពីកំណើត។ ប៉ុន្តែពួកគាត់មិនដែលទទួលបានការគាំពារ ផ្នែកសុខភាព ការអប់រំ និងសេដ្ឋកិច្ច ពី លោក ហ៊ុន សែន នោះទេ ដោយមានជនពិការមួយចំនួន ដើរច្រៀងតាមដងផ្លូវ និងចូលធ្វើការនៅកន្លែងម៉ាស្សាចាប់សរសៃ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
ក្រៅពី លោក ហ៊ុន សែន ប្រើវេទិកាបើកព្រឹត្តិការណ៍ប៉ារ៉ាហ្គេមដើម្បីទាញប្រជាប្រិយភាព ក្នុងនោះក៏មានការជួយជ្រោមជ្រែងពីមិត្តដែកថែបចិនផងដែរ ដោយមានបំពាក់ភ្លើងពណ៌ ផ្ទាំង LED និងសម្ភារៈបច្ចេកទេសទំនើបៗ ដូចទៅនឹងព្រឹត្តិការណ៍ស៊ីហ្គេមដែរ។
កម្ពុជាបានចំណាយលុយអស់រាប់រយលានដុល្លារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ បម្រើឱ្យការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនេះ បន្ទាប់ពីរង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល៦៤ឆ្នាំ ក្នុងនោះកម្ពុជាចំណាយអស់ជិត ១៦០លានដុល្លារ ជាជំនួយពីប្រទេសចិន ដើម្បីសាងសង់ពហុកីឡាដ្ឋានមរតកតេជោ នៅខណ្ឌជ្រោយចង្វារ។
ទន្ទឹមនឹង លោក ហ៊ុន សែន មានមោទនភាព កម្ពុជាប្រទេសតូច តែមានបេះដូងធំ លើការប្រកួតកីឡាប៉ារ៉ាហ្គេម លោកក៏រងការរិះគន់ពីប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលថា លោកចាយថវិកាជាតិខ្ជះខ្ជាយដោយមិនគិតពីពលរដ្ឋដែលកំពុងជួបទុក្ខលំបាកផ្នែកជីវភាព។ លើសនេះពលរដ្ឋកម្ពុជាក្រីក្ររាប់លាននាក់ កំពុងជំពាក់បំណុលធនាគារវ័ណ្ឌក ខណៈពលរដ្ឋមួយចំនួននាំគ្នាចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ហើយរងនូវការប្រមាថមើលងាយពីអាជ្ញាធរប្រទេសជិតខាងដោយគ្មានការអើពើពីរដ្ឋាភិបាលខ្លួនឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។