មន្ត្រី​នគរបាល​ចំនួន ១២​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន

ដោយ ខាន់ លក្ខិណា
2023.12.25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង


មន្ត្រី​នគរបាល​ចំនួន ១២​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន​។ ការ​បណ្ដេញ​នេះ ស្រប​ពេល​រដ្ឋាភិបាល​បើក​យុទ្ធនាការ ធ្វើតេស្ត​មន្ត្រី​នគរបាល។ អ្នកឃ្លាំមើល​យល់​ថា ចំណាត់ការ​លើ​មន្ត្រី​នគរបាល​ថ្នាក់​ក្រោម​តូចតាច​នេះ គឺ​គ្រាន់​តែ​ជា​ចំណែក​តូច​មួយ​ប៉ុណ្ណោះ​ដោយ​មិនអាច​លុបបំបាត់​ការ​រីក​រាលដាល​គ្រឿងញៀន​នៅ​កម្ពុជា​បាន​ទេ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ អះអាង​ថា ការ​បណ្ដេញ​មន្ត្រី​នគរបាល​ចំនួន ១២​នាក់​ចេញ​ពី​ក្របខ័ណ្ឌ ក្រោយពី​រក​ឃើញ​ប្រើប្រាស់​គ្រឿងញៀន។

ការ​អះអាង​នេះ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី២២ ខែ​ធ្នូ បាន​ចេញ​សេចក្ដីប្រកាស​មួយ ដកហូត​មុខ​តំណែង ឋានន្តរស័ក្ដិ និង​បណ្ដេញ មន្ត្រី​នគរបាល ចំនួន​១១​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ចេញ​ពី​ក្របខ័ណ្ឌ ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​សារធាតុ​ញៀន។ ប្រភព​ដដែល​ថា ប្រាក់បៀវត្ស និង​របប​ឧបត្ថម​ផ្សេងៗ របស់​មន្ត្រី​នគរបាល​ដែល​ត្រូវ​បណ្ដេញ​ចេញ​នោះ នឹង​ត្រូវ​បាន​កាត់ផ្ដាច់ និង​លុប​ចេញ​ទាំងអស់​ចាប់​តាំងពី​ខែ​មីនា ឆ្នាំ​២០២៤​ខាងមុខ​តទៅ។

អ្នកនាំពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ប្រព័ន្ធ​តេឡេ​ក្រាម​នៅ​ថ្ងៃទី​២៤ ធ្នូ ថា រយៈពេល​ជាង ៣ ខែ​នេះ មន្ត្រី​នគរបាល ដែល​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មាន​ចំនួន​១២ នាក់ ដោយសារតែ​រក​ឃើញ មានការ​ប្រើប្រាស់​សារធាតុ​ញៀន។

លោក ទូច សុឃៈ៖ «អង្គភាព​ទាំងអស់​នៅក្នុង​ចំណុះ​ក្រសួង​មហាផ្ទៃ កំពុង​ធ្វើ​យុទ្ធនាការ​ហ្នឹង ដើម្បី​រក​ឃើញ​ថា មន្ត្រី​នគរបាល​ទាំងអស់​លោក​មាន​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ឬក៏​យ៉ាងណា កំពុង​ធ្វើជា​ដំណាក់ៗ​កាល​ជា​បន្តបន្ទាប់​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស សុខា»។

ការ​ដក​មន្ត្រី​នគរបាល​ចេញពី​ក្របខ័ណ្ឌ​នេះ កើត​ឡើង​ក្រោយ​ពី​ការ​ព្រមាន របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​ការ​ធ្វើ​បន្សុទ្ធ​មន្ត្រី​នគរបាល និង​កងកម្លាំង ប្រដាប់​អាវុធ​ទាំងអស់ កុំឱ្យ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​វិទ្យុ អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ធ្នូ ថា ចំណាត់ការ​បានតែ​លើ​មន្ត្រី​នគរបាល​ថ្នាក់ក្រោម​តូចតាច គឺ​គ្រាន់តែ​ជា​ចំណែក​តូច​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​មិនអាច​លុបបំបាត់​ការ​រីក​រាលដាល​គ្រឿងញៀន​នៅ​កម្ពុជា​បាន​ទេ ប្រសិនបើ​រដ្ឋាភិបាល​មិន​ស៊ើបអង្កេត​រកមុខ​ក្រុម​អ្នក​រត់ការ និង​អ្នក​ដែល​មាន​ឥទ្ធិពល​នៅ​ពីក្រោយ​ធ្វើជា​ខ្នងបង្អែក​នៃ អំពើ​ជួញដូរ​គ្រឿងញៀន​នេះ។

លោក​ថា ឫសគល់​ធំ​នៃ​ការ​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា​ដែល​មិន​ថយ​ចុះ​ដូច​សព្វថ្ងៃ គឺ​ដោយសារតែ​អំពើពុករលួយ ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​ហាក់​មាន​សមត្ថកិច្ច​មិន​ដល់ និង​មិន​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការងារ​របស់​ខ្លួន។

លោក​ថា ឫសគល់​ធំ​នៃ​ការ​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា ដែល​មិន​ថយ ចុះ​ដូច​សព្វថ្ងៃ គឺ​ដោយសារតែ អំពើពុករលួយ ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​ហាក់ មាន​សមត្ថភាព​មិន​ដល់ និង​មិន​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការងារ​របស់​ខ្លួន។

លោក សេក សុជាតិ៖ «គួរតែ​ដាក់ចេញ​យុទ្ធសាស្ត្រ​ឱ្យ​បាន​ច្បាស់លាស់​ហើយ​ធ្វើការ​ស៊ើបអង្កេត​ជា​លក្ខណៈ​ស៊ីជម្រៅ ដើម្បី​ស្វែងរក​អ្នក​នៅ​ពី​ខាងក្រោយ។ អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន​ហ្នឹង កងកម្លាំង​ខ្លួនឯង​ក៏​ប្រើប្រាស់​គ្រឿងញៀន​មាន​ន័យ​ថា គាត់​ស្គាល់​ប្រភព​នៃ​ការ​ចែកចាយ​គ្រឿងញៀន​ហ្នឹង​ច្បាស់​ណាស់ បើសិនជា​យើង​បើក​ការស៊ើបអង្កេត​ឱ្យធ្វើ​ទៅតាម​ផ្លូវ​ហ្នឹង ដើម្បី​រក​អ្នក​នៅ​ពី​ខាង​ក្រោយ​ពិត​ប្រាកដ​បាន ទើប​អាច​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា​បាន»។

អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ដាក់​ចេញ​យុទ្ធនាការ​ទប់ស្កាត់​គ្រឿងញៀន​ចាប់តាំងពី​ឆ្នាំ​២០១៧​មក ប៉ុន្តែ​វិធានការ​នេះ ត្រូវ​បរាជ័យ​ដោយ​បទល្មើស​គ្រឿងញៀន​នៅក្នុង​ប្រទេស​កម្ពុជា​មិនបាន​ថយ​ចុះ​ឡើយ ផ្ទុយ​ទៅ​វិញ​បែរ​ជា បន្ត​កើន​ឡើង​ទ្វេដង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ។

របាយការណ៍​របស់​ក្រសួងមហាផ្ទៃ ក្នុង​ឆ្នាំ​២០២២ សមត្ថកិច្ច​បង្ក្រាប និង​រឹបអូស​គ្រឿងញៀន បាន​ប្រមាណ ១៥​តោន និង​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន ជាង ១​ម៉ឺន ៤​ពាន់​នាក់​។ របាយការណ៍​ដដែល​ថា ចំនួន​នេះ គឺ​កើន​ឡើង ប្រមាណ ១០​តោន បើ​ធៀប​ឆ្នាំ​២០២១ គឺ​បង្ក្រាប​បាន​តែ​ប្រមាណ ៤​តោន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles