ដោយ មាន ឫទ្ធិ
2024.01.08
RFA

(រូបថតឯកសារ) លោក ហ៊ុន សែន និងលោក ស៊ី ជីនពីង ក្នុងជំនួបនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អ្នកឃ្លាំមើលព្រួយបារម្ភថា កម្ពុជាក្រោមការដឹកនាំដោយលោក ហ៊ុន ម៉ាណែត អាចនាំឱ្យកម្ពុជាមានជោគវាសនាមិនល្អនាថ្ងៃអនាគត ដោយសារតែមិនអាចរក្សាបានជំហរនយោបាយឯករាជ្យ អព្យាក្រឹត្យ និងស្ដារប្រជាធិបតេយ្យឱ្យបានល្អប្រសើរឡើងវិញ។ ទោះយ៉ាងណាក្ដី ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន អះអាងជាថ្មីទៀត កាលពីថ្ងៃទី៧ មករាថា កម្ពុជាមានប្រជាធិបតេយ្យពេញលេញ និងតែងតែប្រកាន់ជំហរនយោបាយឯករាជ្យ និងអព្យាក្រឹត្យ បន្ទាប់ពីផ្ដួលរំលំរបបខ្មែរក្រហម។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជារិះគន់ថា ការប្រកាសរបស់លោក ហ៊ុន សែន ថា កម្ពុជាមានជំហរនយោបាយឯករាជ្យ អព្យាក្រឹត្យ គឺមានចែងតែក្នុងក្រដាសតែប៉ុណ្ណោះ។ ពួកគេថា ការអនុវត្តជាក់ស្ដែងតាំងពីអាណត្តិកម្ពុជានៅក្រោមការដឹកនាំដោយលោក ហ៊ុន សែន រហូតតតំណែងនាយករដ្ឋមន្ត្រីឱ្យកូនរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត តែងតែព្យាយាមបង្ក្រាបសំឡេងអ្នកប្រជាធិបតេយ្យ និងផ្ដេកផ្ដួលទៅខាងប្រទេសប្លុកកុម្មុយនិស្ត។
អ្នកតាមដានភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ ខែមករាថា លោកមើលមិនឃើញស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាមានស្ថានភាពល្អប្រសើរឡើយ។ លោកបញ្ជាក់ថា ដោយសារតែកម្ពុជាមានស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមានភាពដុនដាប ហើយគណបក្សប្រជាជនកម្ពុជាចង់ក្ដោបក្ដាប់នយោបាយគ្រប់គ្រងប្រទេសផ្ដាច់មុខនោះ កម្ពុជាជ្រើសរើសយកចិន ដើម្បីបង្អែកផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន។ លោកជឿជាក់ថា បើកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យល្អប្រសើរ កម្ពុជានឹងទទួលបានផលចំណេញទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចពីបណ្ដាប្រទេសលោកសេរី។
លោក សេង វណ្ណលី៖ «ដោយសារតែការគាំទ្រពីភាគីចិនផ្នែកនយោបាយ និងយោធា អាចអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាក្ដោបក្ដាប់នយោបាយនៅស្រុកខ្មែរបាន ក៏ដូចជាការអាស្រ័យផលប្រយោជន៍សេដ្ឋកិច្ច និងការវិនិយោគរបស់ចិនហ្នឹង ជាប្រភពដែលរដ្ឋាភិបាលបច្ចុប្បន្ន អាចទ្រទ្រង់របបខ្លួនឯងបាន។ ដើម្បីក្ដោបក្ដាប់អំណាចបានយូរ គណបក្សប្រជាជនកម្ពុជាត្រូវតែមើលឃើញពីកម្លាំងសេដ្ឋកិច្ច ដែលជាឧបករណ៍មួយ ដែលអាចនឹងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ។ អ៊ីចឹង បានជាពីមួយថ្ងៃទៅមួយថ្ងៃ រដ្ឋាភិបាលថ្មីនេះ ព្យាយាមពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកុម្មុយនិស្ត គឺប្រទេសចិនហ្នឹងខ្លាំង»។
ថ្លែងនៅសាលមហោស្រព កោះពេជ្រកាលពីថ្ងៃទី៧ មករា ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បញ្ជាក់ជាថ្មីទៀតថា បន្ទាប់ពីផ្ដួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី០៧ មករា គឺជាស្មារតីមួយក្នុងការកសាងប្រទេសជាតិឱ្យមានប្រជាធិបតេយ្យ មានជំហរនយោបាយអព្យាក្រឹត្យ និងមានការអភិវឌ្ឍសង្គម។
លោក ហ៊ុន សែន៖ «កម្ពុជាដែលធ្លាប់ត្រូវគេឈ្លានពាន ប្រមាថ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ ឥឡូវនេះ គឺជារដ្ឋមួយដែលមានឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ បានធ្វើសមាហរណកម្មខ្លួនក្នុងតំបន់ និងពិភពលោក ហើយបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងរាល់កិច្ចការអន្តរជាតិ ដោយស្មើភាព និងស្មើសិទ្ធធ្វើឱ្យកិត្យានុភាពជាតិ បានលេចត្រដែតលើផ្ទៃរាបអន្តរជាតិ»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលវាយតម្លៃថា កម្ពុជាបច្ចុប្បន្នមានសេរីភាព និងមានភាពរីកចម្រើនចំពោះមនុស្សមួយក្រុមដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានអំណាចតែប៉ុណ្ណោះ។ ចំណែក ស្ថានការណ៍នយោបាយវិញ ពួកគេរិះគន់ថា លោក ហ៊ុន សែន គឺជាអ្នកបំផ្លិចបំផ្លាញប្រជាធិបតេយ្យក្នុងឆ្នាំ២០១៧ ដែលបានរម្លាយគណបក្សសង្គ្រោះជាតិ ដែលជាគូប្រកួតប្រជែងមានសំឡេងគាំទ្រអាចឈ្នះឆ្នោតគណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិទី៥។ ក្រោយគាស់រម្លើងប្រជាធិបតេយ្យបានជោគជ័យ កម្ពុជាក្រោមការដឹកនាំតាំងពីជំនាន់លោក ហ៊ុន សែន ស្នងតំណែងតដល់កូន ត្រូវបានអ្នកឃ្លាំមើលចាត់ទុករបត់នយោបាយការបរទេសកម្ពុជា ស្ថិតក្រោមឥទ្ធិពលចិន និងរណបវៀតណាមដែលជាចៅនាយចៅហ្វាយ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមិនទាន់ធានាបាននូវអព្យាក្រឹត្យ និងឯករាជ្យរបស់កម្ពុជា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៅឡើយ។
លោក សេក សុជាតិ៖ «ក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចមិនទាន់អាចឆ្លើយតប ១០០ភាគរយនឹងអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទេ ដោយសារតែពួកគាត់មានទំនាក់ទំនងជាមួយប្រទេស ដែលជាមិត្តរបស់ពួកគាត់ ក្រោមរូបភាពផ្សេង ដែលមើលទៅហាក់មិនបានឆ្លុះបញ្ចាំងអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយក៏បានបង្ហាញឱ្យឃើញពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំ សេរីភាពនយោបាយ អង្គការសង្គមស៊ីវិលនៅកម្ពុជារឹតត្បិត តូចចង្អៀតទៅៗ ក្នុងរយៈពេលជិត ១ទសវត្សរ៍ចុងក្រោយ»។
អ្នកឃ្លាំមើលនយោបាយព្រួយបារម្ភអំពីការដឹកនាំកម្ពុជាដោយគណបក្សប្រជាជនកម្ពុជាដោយលម្អៀងទៅខាងប្រទេសចិនកុម្មុយនិស្តតែម្ខាងថា អាចនឹងនាំឱ្យកម្ពុជាប្រឈមបាត់បង់អធិបតេយ្យរបស់ខ្លួន ខណៈរដ្ឋាភិបាលប្រកាន់ជំហរដឹកនាំប្រទេសមិនខុសពីគន្លងអ្នកដឹកនាំជំនាន់ចាស់ ដោយពឹងដង្ហើមប្រទេសចិនស្ទើរគ្រប់វិស័យ ខណៈបំណុលវិញកម្ពុជាជំពាក់ចិនកាន់តែច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។