គ្រួសារ​បន្ត​ស្នើ​​ដោះលែង​លោក តូច ថឹង ឱ្យ​នៅ​ក្រៅ​ឃុំ ខណៈ​សុខភាព​គាត់​ទ្រុឌទ្រោម​ខ្លាំង

ដោយ ច័ន្ទ ដារ៉ូ
2024.01.11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រួសារ​បន្ត​ស្នើ​​ដោះលែង​លោក តូច ថឹង ឱ្យ​នៅ​ក្រៅ​ឃុំ ខណៈ​សុខភាព​គាត់​ទ្រុឌទ្រោម​ខ្លាំង

លោក តូច ថឹង មន្ត្រី​បក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្តកំពង់ចាម ពេលនគរបាល​នាំមកស្ដាប់​ការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ


ប្រពន្ធ​មន្ត្រី​បក្ស​ភ្លើងទៀន លោក តូច ថឹង ដែល​កំពុង​ជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ​រៀបរាប់​រឿង​អយុត្តិធម៌ ជាពិសេស​លោកស្រី​ព្រួយបារម្ភ​អំពី​ស្ថានភាព​ជំងឺ​ប្តី​ទ្រុឌទ្រោម​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅក្នុង​ពន្ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​ទទូច​ដល់​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​នយោបាយ​ដើម្បី​ផ្តល់​សេរីភាព​ឲ្យ​ពួកគាត់​បាន​រស់នៅ​ជួបជុំគ្នា​ឡើងវិញ។

គ្រួសារ​មន្ត្រី​គណបក្ស​ភ្លើងទៀន​ម្នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​រៀបរាប់​ពី​ស្ថានភាព​ជំងឺ​ប្តី​លាយឡំ​ការ​ឈឺចាប់ និង​ការ​រស់នៅ​រងទុក្ខ​វេទនា​។ ពួកគេ​អំពាវនាវ​ដល់​រដ្ឋាភិបាល​បញ្ឈប់​យក​សមាជិក​គ្រួសារ​ពួកគាត់​ធ្វើជា​ចំណាប់ខ្មាំង​ហើយ​ងាក​មក​បញ្ចប់​ជម្លោះ​នយោបាយ​ឡើងវិញ។

ប្រពន្ធ​របស់​មន្ត្រី​បក្ស​ភ្លើងទៀន​លោក តូច ថឹង គឺ​លោកស្រី ហាញ់ សុវណ្ណា រៀបរាប់​ថា បើ​ទោះបី​ជីវភាព​ខ្វះខាត​យ៉ាង​ណា​ក្តី លោកស្រី​តែងតែ​ធ្វើ​ដំណើរ​ឡើង​ចុះ​ពី​ភ្នំពេញ​ទៅ​ពន្ធនាគារ​ឆ្ងាយ​ដាច់ស្រយាល​ក្នុង​ខេត្តពោធិ៍សាត់​ដើម្បី​សួរសុខទុក្ខ និង​លើកទឹកចិត្ត​ប្តី​យ៉ាង​ហោច​ឱ្យ​បាន​ពីរ​សប្តាហ៍​ម្តង។ ប៉ុន្តែ​លោកស្រី​ឱ្យ​ដឹង​ថា រយៈពេល​ចុងក្រោយ​នេះ​ស្ថានភាព​សុខភាព​ប្តី​របស់​លោក​ស្រី​បាន​ចុះ​ខ្សោយ​ខ្លាំង​ដោយសារតែ​ជំងឺ​ភ្នែក ជំងឺលើសឈាម និង​ជំងឺ​បេះដូង​ធ្វើ​ទុក្ខ​ជាប្រចាំ​ដែល​ត្រូវការ​ពិនិត្យ​ព្យាបាល​ពី​គ្រូពេទ្យ។ លោកស្រី​បារម្ភ​ខ្លាច​ប្តី​ទ្រាំ​នឹង​ការ​ឈឺចាប់​លែង​បាន អាច​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ខណៈ​តុលាការ​នៅតែ​បន្ត​ឃុំខ្លួន​គាត់​ជិត ១​ឆ្នាំ​ទាំង​គ្មាន​កំហុស។

លោកស្រី ហាញ់ សុវណ្ណា៖ «បើសិន​ខាង​តុលាការ​ដោះលែង​គាត់​អាច​ធូរ​រឿង​នយោបាយ បើសិន​គេ​មិន​ព្រម​ដោះលែង​អ្នក​ទោស​នយោបាយ អាហ្នឹង​គឺ​នៅតែ​គាបសង្កត់ ខ្ញុំ​នៅតែ​ទាមទារ​ឱ្យ​ដោះលែង​គាត់​នៅ​ក្រៅ​ឃុំ​ពីព្រោះ​គាត់​ចាស់​ហើយ មិនមែន​នៅ​ក្មេង​ទេ គាត់​ព្រួយបារម្ភ​ជំងឺ​ភ្នែក​របស់​គាត់ ហើយ​គាត់​រងា​ណាស់​នៅពេល​បញ្ជូន​គាត់​ទៅ​ឃុំ​នៅ​ជើងភ្នំ​អ៊ីចឹង ខ្ញុំ​សុំ​ឱ្យ​ដោះលែង​គាត់​នៅ​ក្រៅ​ឃុំ ខ្ញុំ​មិន​សុំ​ផ្ទេរ​មក​ព្រៃ​ស​វិញ​ទេ»។

អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​លោក តូច ថឹង រួម​ជាមួយ​មន្ត្រី​បក្ស​ភ្លើងទៀន​ពីរ​រូប​ផ្សេងទៀត​គឺ លោក ខឿន វីរ៉ាត់ និង​អ្នកស្រី នូ សុទ្ធារី កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣ ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ពួកគេ​ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​ពី​បទ​ក្លែងបន្លំ​ឯកសារ​ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាល​ពី​ឆ្នាំ​២០២១។ ការ​ចាប់ខ្លួន​នេះ គឺ​៦​ម៉ោង​មុន​ពេល​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​លោក សៀម ភ្លុក ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ៦​ខែ ក្នុង​បទ​ចោទ​ដូចគ្នា។

មិនតែប៉ុណ្ណោះ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​កាល​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ បាន​វាយ​ខ្នោះ​លោក តូច ថឹង រុញ​បញ្ចូល​ក្នុង​ឡាន ដឹក​ទៅ​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម៤ ក្នុង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​បដិសេធ​បណ្តឹង​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

ប្តី​កំពុង​ជាប់​ឃុំ ស្របពេល​អាជ្ញាធរ​តាម​គំរាម​ឱ្យ​ឈប់​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​បែប​ណា​ក្តី ក៏​លោកស្រី ហាញ់ សុវណ្ណា មិន​ខ្លាច​ក្នុង​ការ​និយាយ​រឿង​អយុត្តិធម៌​នោះ​ឡើយ ដោយ​លោកស្រី​នៅតែ​ចាត់​ទុក​ការ​ចាប់ខ្លួន និង​ចោទប្រកាន់​ប្តី​លោកស្រី​ដាក់​ពន្ធនាគារ​ជិត ១​ឆ្នាំ ឱ្យ​រស់នៅ​ព្រាត់​គ្នា រួម​ទាំង​ការ​បញ្ជូន​ប្តី​ទៅ​ឃុំ​នៅ​តំបន់​ព្រៃភ្នំ​ឆ្ងាយ​ពី​គ្រួសារ​ថា ជា​ការ​ដាក់​សម្ពាធ​ផ្នែក​នយោបាយ​ដោយសារតែ​ប្តី​លោកស្រី​មិន​ព្រម​ប្តូរ​ឆន្ទៈ​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច។

លោកស្រី ហាញ់ សុវណ្ណា៖ «ខ្ញុំ​ព្រួយបារម្ភ​សម្ពាធ​ផ្លូវចិត្ត​របស់​គាត់ ពីព្រោះ​គេ​គាប​គាត់​ឱ្យ​ចុះចូល​ជាមួយ​គេ តែ​គាត់​អត់​ព្រម​ទើប​គេ​បញ្ជូន​គាត់​ទៅ​ហ្នឹង រឿង​ហ្នឹង​ជាប់​ពាក់ព័ន្ធ​រឿង​ទោស​នយោបាយ​ហ្នឹង​ហើយ ការ​ចោទ​បន្លំ​ស្នាម​មេដៃ​អីហ្នឹង​ខ្ញុំ​អត់​យល់​ស្រប​ទេ រឿង​នយោបាយ​មក​ធ្វើ​បាប​ចិត្ត​គាត់ ធ្វើបាប​ក្រុម​គ្រួសារ​ដោយ​បញ្ជូន​គាត់​ទៅ​ឃុំ​នៅ​ឆ្ងាយ»។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធ​ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ពុំ​ទាន់​ដឹង​ច្បាស់​អំពី​ស្ថានភាព​សុខភាព​លោក តូច ថឹង នៅ​ឡើយ​ទេ តែ​យ៉ាងណា​លោក​អះអាង​ថា ករណី​បញ្ជូន​លោក តូច ថឹង ទៅ​មណ្ឌល​អប់រំ​កែប្រែ (ម៤) មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​នោះ​ទេ។ លោក នុត សវនា ជំរុញ​ឱ្យ​គ្រួសារ​ដាក់​សំណើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ដើម្បី​ពិនិត្យ​ដោះស្រាយ​រឿង​នេះ។

លោក នុត សវនា៖ «បើ​មាន​សំណើ​យើង​ពិនិត្យ​ហើយ យើង​មិន​ដែល​បោះចោល​ឯណា យើង​ធ្វើ​អ៊ីចឹង​ម៉េច​កើតរឿង​សេវា​សាធារណៈ បើសិន​មាន​ពលរដ្ឋ​ស្នើសុំ​អ្វីមួយ​មក យើង​ពិនិត្យ​ជាក់ស្តែង​តើ​យើង​អាច​ធ្វើ​កិច្ចការ​ហ្នឹង​បាន​កម្រិត​ណា ដើម្បី​បំពេញ​តាម​ការ​ស្នើសុំ​នោះ ហ្នឹង​មាន​បែបបទ​នីតិវិធី​ការងារ​របស់​គេ យើង​មិន​ចេះតែ​និយាយ​កើត​ឯណា»។

ចំណែក​មេធាវី​ការពារ​ក្តី​ឱ្យ​លោក តូច ថឹង គឺ​លោក សឺន ជុំជួន សោកស្តាយ​ចំពោះ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បដិសេធ​សំណើសុំ​ផ្ទេរ​កូន​ក្តី​របស់​លោក​មក​ពន្ធនាគារ​ព្រៃ​ស​វិញ ស្រប​ពេល​លោក តូច ថឹង បាន​សម្រេច​មិន​ប្តឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​នេះ​ដោយសារ​គាត់​យល់​ថា​តុលាការ​គ្រប់​ជាន់ថ្នាក់​នឹង​មិន​ផ្តល់​យុត្តិធម៌​ឡើយ​។ លោក សឺន ជុំជួន ប្រាប់​ថា នីតិវិធី​បន្ត​ទៀត​លោក​នឹង​ជជែក​ជាមួយ​កូន​ក្តី ដើម្បី​រៀបចំ​លិខិត​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជួយ​អន្តរាគមន៍​ដោះលែង​លោក តូច ថឹង ឱ្យ​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​ទទួល​បាន​ការពិនិត្យ​ព្យាបាល​ថែទាំ​ជំងឺ​ឱ្យ​បាន​ត្រឹមត្រូវ​ពី​គ្រួសារ។

លោក សឺន ជុំជួន៖ «ក្រុម​គ្រួសារ និង​កូន​ក្តី​របស់ខ្ញុំ បាន​សម្រេច​មិន​ប្តឹង​សាទុក្ខ​ទេ គឺ​គាត់​មិន​ប្តឹង​សាទុក្ខ​មានន័យថា​គាត់​ទទួលយក​នូវ​អ្វី​ដែល​ជា​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ ដូច្នេះ​នីតិវិធី​ប្តឹង​សាទុក្ខ​បាន​ផ្លោះ​សិទ្ធិ​បាត់​ទៅ​ហើយ ប៉ុន្តែ​យើង​អាច​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្នើសុំ​ជួយ​អន្តរាគមន៍​បន្ធូរបន្ថយ ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​លើ​សុខភាព​របស់​គាត់ គឺ​យើង​ស្នើសុំ​បែប​នេះ​បាន»។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មើល​ឃើញ​ថា សំណុំរឿង​របស់​លោក តូច ថឹង ដូច​ទៅ​នឹង​ករណី​សកម្មជន​គណបក្ស​ប្រឆាំង​ជាប់ឃុំ​ដទៃ​ទៀត​ដែរ គឺ​កើត​ចេញ​ពី​ជម្លោះ​នយោបាយ​រវាង​មេដឹកនាំ​គណបក្ស​កាន់អំណាច​និង​គណបក្សប្រឆាំង​កន្លង​ទៅ។ លោក​បន្ត​ថា បើសិន​ស្ថានភាព​នយោបាយ​មិនទាន់​មាន​សញ្ញា​វិជ្ជមាន​ណាមួយ​នោះ យុត្តិធម៌​សម្រាប់​សកម្មជន​បក្ស​ប្រឆាំង​អាច​វែងឆ្ងាយ​ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​សកម្មជន​ជាប់ឃុំ​ទាំងនោះ​ហាក់​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​តទៅ​ទៀត​។ លោក នី សុខា អំពាវនាវ​ដល់​អ្នកនយោបាយ​ងាក​មក​ចូល​តុ​ចរចា​ដោះស្រាយ​បញ្ហា​ជម្លោះ​ដើម្បី​បញ្ចៀស​ការ​រិះគន់ និង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។

លោក នី សុខា៖ «ខ្ញុំ​គិត​ថា មានតែ​ផ្លូវ​សម្របសម្រួល​មួយ​ដើម្បី​ឱ្យ​មានការ​ធូរស្រាល​ខាង​ផ្លូវ​នយោបាយ​ដោយ​គណបក្ស​នយោបាយ​ទាំងអស់​សហការ​គ្នា ជជែក​គ្នា​ឆ្ពោះ​ទៅ​រក​ការ​ដណ្តើម​អំណាច​គ្នា​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ​ដែល​អាច​ធ្វើ​ឱ្យ​ស្ថានភាព​ប្រទេស​កម្ពុជា​ធូរស្រាល។ រឿង​ដល់​សំណាក់​កាល​នេះ​មានតែ​សម្របសម្រួល​តាមផ្លូវ​នយោបាយ​ទេ​ដែល​អាច​ធ្វើ​ឱ្យ​អ្នកនយោបាយ​ជាប់ឃុំ​ទាំងអស់​មាន​សេរីភាព​ឡើងវិញ​បាទ»។

លោក តូច ថឹង អាយុ ៧៥​ឆ្នាំ មាន​ដើម​កំណើត​ខ្មែរ​ក្រោម។ លោក​ជា​អតីត​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្តកំពង់ចាម ហើយ​លោក​ក៏​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​កំពង់ចាម​រហូត​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​មក​ទល់​បច្ចុប្បន្ន​នេះ។

អ្នកជំនាញ​សិទ្ធិមនុស្ស និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​តែងតែ​ជំរុញ​ដល់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នក​ជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក ហ៊ុន ម៉ាណែត នៅ​មិនទាន់​បង្ហាញ​ជំហរ​ដោះស្រាយ​បញ្ហា​សំខាន់ៗ ដូចជា​វិបត្តិ​នយោបាយ បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles