អ្នកជំនាញថា កម្ពុជាប្រកាសគាំទ្រគោលនយោបាយចិនតែមួយជាថ្មី ដើម្បីបន្តផ្គាប់ចិត្តចិន

ដោយ មាន ឫទ្ធិ
2024.01.16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកជំនាញថា កម្ពុជាប្រកាសគាំទ្រគោលនយោបាយចិនតែមួយជាថ្មី ដើម្បីបន្តផ្គាប់ចិត្តចិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi JinPing) នៅទីក្រុង​ប៉េកាំង កាលពីថ្ងៃទី១៩ តុលា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​វាយ​តម្លៃ​ថា ការប្រកាស​របស់​កម្ពុជា​គាំទ្រ​គោលនយោបាយ​ចិន​តែ​មួយ​គឺ​កម្ពុជា​ចង់​បង្ហាញ​ពី​ភក្ដីភាព​របស់​ខ្លួន​ផ្គាប់​ចិត្ត​មិត្ត​ដែកថែប​ចិន (China)។ ការ​លើកឡើង​នេះ ស្រប​ពេល​ក្រសួង​ការបរទេស​កម្ពុជា​ប្រកាស​ជំហរ​ជា​ថ្មី​ទៀត​ក្នុង​ការ​ប្រកាន់​ខ្ជាប់ «គោលនយោបាយ​ចិន​តែ​មួយ» ដើម្បី​ឆ្លើយតប​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​កោះ​តៃវ៉ាន់ (Taiwan) ដោយ​គណបក្ស​មាន​និន្នាការ​ប្រឆាំង​ចិន​បន្ត​ជាប់​ឆ្នោត។

ក្រោយ​ចេញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​តៃវ៉ាន់ (Taiwan) ដែល​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ដែល​មាន​និន្នាការ​ប្រឆាំង​ប្រទេស​ចិន​កុម្មុយនិស្ត​បន្ត​ឈ្នះ​ឆ្នោត​លើ​គណបក្ស​ដទៃ​ទៀត រដ្ឋាភិបាល​កម្ពុជា​ហាក់​ឈាន​មុខ​គេ​ក្នុង​ការ​ប្រកាស​ប្រាប់​ដល់​មិត្ត​ដែកថែប​របស់​ខ្លួន​ជា​ថ្មី​ទៀត​អំពី​ជំហរ​នយោបាយ​ចិន​តែ​មួយ។

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ បណ្ឌិត រ៉ូ វណ្ណៈ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៥ ខែ​មករា​ថា ការ​ប្រកាស​ជំហរ​របស់​កម្ពុជា​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ គឺជា​សារ​នយោបាយ​សំខាន់​មួយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​នឹង​ប្រទេស​ចិន​ឥត​ងាករេ ដើម្បី​បន្ត​រក្សា​ទំនាក់ទំនង​ល្អ និង​ការ​បន្ត​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​ផ្នែក​សេដ្ឋកិច្ច ការទូត និង​នយោបាយ ពី​ភាគី​ចិន។

លោក រ៉ូ វណ្ណៈ យល់ឃើញ​ថា កម្ពុជា​អាច​ឆ្លៀត​ឱកាស​ប្រកាស​ផ្គាប់​ចិត្ត​ចិន ដើម្បី​ជា​ថ្នូរ​មក​វិញ​ស្នើ​ឱ្យ​ចិន​ជួយ​គាំទ្រ​គណបក្សប្រជាជន​ដឹកនាំ​កម្ពុជា​បន្ត​ទៀត។

លោក រ៉ូ វណ្ណៈ៖ «អ៊ីចឹង​! ជា​យុទ្ធសាស្ត្រ​ប្រទេស​កម្ពុជា​របស់​គណបក្ស​កាន់​អំណាច​ត្រូវ​ប្រកាន់​ជំហរ​គោលនយោបាយ​ចិន​តែ​មួយ​នេះ ដើម្បី​បង្ហាញ​ពី​សមានចិត្ត ដើម្បី​ទទួល​បាន​នូវ​ការ​គាំទ្រ និង​ការ​សាទរ​ពី​ភាគី​ចិន ក្នុង​ករណី​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា លម្អៀង​ទៅ​រក​ចិន​ធ្វើ​ឱ្យ​ដំណើរការ​ប្រជាធិបតេយ្យ​ធាក់​ថយ​ក្រោយ អ៊ីចឹង បង្អែក​ដ៏​រឹងមាំ​ខាង​សេដ្ឋកិច្ច ការទូត និង​នយោបាយ កន្លងមក​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច​ពីរ​ទសវត្សរ៍​នេះ ជា​ឱកាស​សម្រាប់​គណបក្ស​កាន់​អំណាច​នៅ​តែ​អាច​ឈរជើង​រឹងមាំ ក្នុង​សង្វៀន​នយោបាយ​កម្ពុជា ដែល​មាន​ចិន​ខ្នង​បង្អែក​ដ៏​រឹងមាំ» 

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​កាល​ពី​ថ្ងៃទី១៤ ខែ​មករា បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដោយ​បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​ថា កម្ពុជា​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គោល​នយោបាយ​ចិន​តែ និង​ទទួល​ស្គាល់​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន ឬPRCជា​អាជ្ញាធរ​ស្របច្បាប់​តែ​មួយ​គត់​តំណាង​ឱ្យ​ប្រទេស​ចិន​ទាំងមូល។

ការ​ប្រកាស​របស់​កម្ពុជា​បែបនេះ ឆ្លើយតប​នឹង​ការ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​សមាជិក​សភា​តៃវ៉ាន់ ដោយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី១៣ មករា បង្ហាញ​ថា បេក្ខភាព​ប្រធានាធិបតី​តៃវ៉ាន់​មក​ពី គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (Democratic Progressive Party) ដែល​កំពុង​កាន់​អំណាច​បាន​ឈ្នះ​ឆ្នោត​គណបក្ស​ពីរ​ផ្សេង​ទៀត​គឺ គណបក្ស​គួមីងតាង (Kuomintang) និង​គណបក្ស​ប្រជាជន​តៃវ៉ាន់ (Taiwan’s People Party) ដែល​ជា​គណបក្ស​ប្រឆាំង​មាន​និន្នាការ​ទៅ​រក​ចិន។ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ បង្ហាញ​ថា ពលរដ្ឋ​តៃវ៉ាន់​នៅ​តែ​ជ្រើសរើស​យក​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ ជាជាង​រណប​ជាមួយ​នឹង​ប្រទេស​ចិន​កុម្មុយនិស្ត។

ក្រោយ​ចេញ​លទ្ធផល​បោះឆ្នោត​នៅ​តៃវ៉ាន់ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក អេនថូនី ប៊្លីនខេន (Antony Blinken) បាន​ថ្លែង​សាទរ​តាមរយៈ​បណ្ដាញ​សង្គម​អ៊ិច (X) ចំពោះ​បេក្ខភាព​ប្រធានាធិបតី​តៃវ៉ាន់​មក​ពី​គណបក្ស​កាន់​អំណាច​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ជ្រើសរើស​ជា​ប្រធានាធិបតី និង​សាទរ​ចំពោះ​ប្រជាពលរដ្ឋ​តៃវ៉ាន់​ដែល​ចូលរួម​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​បង្ហាញ​ពី​ភាព​រឹងមាំ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​ពួកគេ។ ជា​ការ​ឆ្លើយតប ក្រសួង​ការបរទេស​ចិន ថ្កោលទោស​អាមេរិក​ដែល​ថ្លែង​សារ​អបអរសាទរ​បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​កាន់​អំណាច​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ និង​ចាត់​ទុក​ការ​ថ្លែង​នោះ បំពាន​ធ្ងន់ធ្ងរ​ទៅ​នឹង​គោលការណ៍​ចិន​តែ​មួយ របស់​ទីក្រុង​ប៉េកាំង (Beijing) និង​សេចក្ដីថ្លែងការណ៍​រួម​រវាង​ចិន​និង​អាមេរិក​កាល​ពី​ពេល​កន្លង​មក។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រនយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា ការ​ថ្លែង​សារ​នយោបាយ​របស់​កម្ពុជា​ម្ដង​ហើយ​ម្ដងទៀត រឿង​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​ចិន​តែ​មួយ​នេះ គឺ​កម្ពុជា​ចង់​បង្ហាញ​ពី​ភក្ដីភាព​ទៅ​កាន់​ប្រទេស​ចិន និង​ចង់​បញ្ជាក់​ប្រាប់​តៃវ៉ាន់​ថា កម្ពុជា​នឹង​មិន​ទទួល​ស្គាល់​ពី​ឯករាជ្យ​របស់​តៃវ៉ាន់​ឡើយ។ លោក​បន្ថែម​ថា ចិន​ទំនង​ជា​ខកចិត្ត និង​ព្រួយបារម្ភ​ចំពោះ​ការ​ឈ្នះ​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​តៃវ៉ាន់ ដែល​អាច​បង្ក​ភាព​តានតឹង​បន្ថែម​ក្នុង​ការ​ជំរុញ​ឱ្យ​តៃវ៉ាន់​មាន​ឯករាជ្យ។

លោក សេង វណ្ណលី​៖ «​ចិន​គាត់​សន្និដ្ឋាន​ថា គណបក្ស​គួមីងតាង (Kuomintang) រួម​ជាមួយ​បេក្ខជន​ឯករាជ្យ​ពី​គណបក្ស (TPP) នឹង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ហើយ​លទ្ធភាព​អាច​នឹង​ឈ្នះ​គណបក្ស​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន​គឺ​គណបក្ស (DPP) តែ​ផ្ទុយទៅវិញ​លទ្ធផល​នេះ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ជនជាតិ​តៃវ៉ាន់​ភាគច្រើន​ចង់​ឃើញ​រដ្ឋាភិបាល​របស់​តៃវ៉ាន់ ព្យាយាម​ទាមទារ​ឯករាជ្យ​ភាព​ពី​ចិន ក៏​ដូចជា​ជំរុញ​របៀបវារៈ ធ្វើ​យ៉ាងណា​កាត់បន្ថយ​ឥទ្ធិពល​របស់​ចិន នៅ​ក្នុង​នយោបាយ​របស់​តៃវ៉ាន់។ អ៊ីចឹង​! បាន​យើង​ឃើញ​មាន​ការ​ឆ្លើយតប​ចិន​ចេញ​សារ​គំរាម​ប្រទេស​ផ្សេងទៀត​ដែល​មាន​គោលបំណង​លូកលាន់​កិច្ចការ​ផ្ទៃ​ក្នុង​ចិន។ កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ចេញ​សារ​លឿន​ជាងគេ​ចំពោះ​ការ​គោរព គោលការណ៍​ចិន​តែ​មួយ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក អាន សុខខឿន ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៥ ខែ​មករា​។ 

ប្រទេស​ចិន និង​កោះ​តៃវ៉ាន់ បាន​បំបែក​ចេញ​ពី​គ្នា​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​រៀង​ៗ​ខ្លួន ចាប់​តាំង​ពី​ឆ្នាំ១៩៤៩ មក ក្រោយ​រដ្ឋាភិបាល​ចិន​កុម្មុយនិស្ត​បាន​ឈ្នះ​សង្គ្រាមស៊ីវិល​នៅ​ចិន​ដី​គោក ខណៈ​កោះ​តៃវ៉ាន់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ដែល​មាន​ទំនោរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles