ដោយ ទីន ហ្សាការីយ៉ា
2024.01.16
RFA

លោក ចៅ វាសនា មន្ត្រីគណបក្សប្រឆាំងនៅក្រុងប៉ោយប៉ែត លើដៃទៅអ្នកគាំទ្រ និងគ្រួសារ ពីក្នុងឡានឆ្នាំពន្ធនាគារ ដែលដឹកលោកទៅតុលាការកំពូល កាលធ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបពីពលរដ្ឋ
មន្ត្រីគណបក្សប្រឆាំងនៅក្រុងប៉ោយប៉ែតលោក ចៅ វាសនា រំពឹងថា សាលាដំបូងខេត្តបន្ទាយមានជ័យនឹងជំនុំជម្រះក្ដីដោយតម្លាភាព ហើយដោះលែងលោកឱ្យមានសេរីភាពឡើងវិញ។ ក្ដីរំពឹងនេះស្របពេលដែលតុលាការថ្នាក់ក្រោមមួយនេះគ្រោងបើកសវនាការជំនុំជម្រះក្ដីសំណុំរឿង លោក ចៅ វាសនា នៅថ្ងៃទី១៨ មករាខាងមុខ។
មន្ត្រីគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា នៅតែអះអាងថា លោកមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការឡើយ ដូច្នេះលោករំពឹងថា តុលាការនឹងដោះលែងលោកនៅថ្ងៃសវនាការខាងមុខ។
កូនស្រីលោក ចៅ វាសនា គឺអ្នកស្រី ចៅ រតនៈ ដែលជាចៅសង្កាត់រងទី២សង្កាត់ប៉ោយប៉ែត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ មករាថា ឪពុករបស់អ្នកស្រីរំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់លោកហើយដោះលែងឱ្យមានសេរីភាពឡើងវិញ។ ចៅសង្កាត់រងទី២ របស់បក្សប្រឆាំងរូបនេះបន្ថែមថា ឪពុករបស់អ្នកស្រីជាមនុស្សស្លុតត្រង់ និងពុំបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។
អ្នកស្រី ចៅ រតនៈ៖ «គាត់មិនទទួលយកការចោទប្រកាន់មកលើគាត់ទេ ដោយសារតែគាត់មិនបានបង្ហាញជាសាធារណៈ ឬផុសបង្ហាញកន្លែងណាមួយ ដែលបញ្ជាក់ថា គាត់ជាអ្នកបង្ហាញធ្វើឱ្យមានការចលាចលសន្តិសុខក្នុងសង្គម ឬមួយញុះញង់ពលរដ្ឋឱ្យធ្វើតាមការងារអ្វី ដែលគាត់បានផុលផុស ហ្នឹងគឺអត់មានភស្តុតាងណាមកចោទប្រកាន់លើគាត់ទេ។ ខ្ញុំសង្ឃឹមថានៅខាងមុខ នឹងផ្ដល់ភាពយុត្តិធម៌ជូនគាត់ដោយចង់កៀបសង្កត់ទៅលើគាត់ ហើយចេះតែយកបទចោទទម្លាក់មកលើគាត់ម្ដងជាពីរដង ដើម្បីឱ្យគាត់ឃុំខ្លួនក្នុងពន្ធនាគារ ដោយអយុត្តិធម៌ បង្កើតភាពឈឺចាប់ទៅដល់គណបក្សប្រឆាំង»។
ក្ដីរំពឹងនេះស្របពេលដែលចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យគ្រោងបើកសវនាការជំនុំជម្រះក្ដីសំណុំរឿងញុះញង់របស់លោក ចៅ វាសនា នៅថ្ងៃទី១៨ មករាខាងមុខ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ លោក រឿន លីណា ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៦ មករា។
ជុំវិញរឿងនេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ឃើញថា មន្ត្រីគណបក្សប្រឆាំងរូបនេះនឹងមានសេរីភាពឡើងវិញ ប្រសិនបើតុលាការដំណើរការក្ដីក្ដាំមួយនេះ ដោយគ្មានការរើសអើងផ្នែកនយោបាយ និងដោយតម្លាភាព។ លោកបញ្ជាក់ថា សំណុំរឿងរបស់លោក ចៅ វាសនា ក៏មិនខុសពីសកម្មជនគណបក្សប្រឆាំងដទៃដែរ ដែលជាប់ទោសដោយសារការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
លោក ស៊ឹង សែនករុណា៖ «អីចឹងហើយយើងចង់ឃើញស្ថានភាពនយោបាយនៅកម្ពុជាមានល្អប្រសើរ។អីចឹងស្ថានភាពល្អប្រសើរទៅបានទាល់តែអ្នកនយោបាយទាំងឡាយ ដែលមានឥទ្ធិពលមានអំណាចនឹងគួរតែពិនិត្យមើលឡើងវិញអំពីការគិតគួរក្នុងការដោះលែងនៃសកម្មជននយោបាយ សកម្មជនសង្គមនានាឱ្យរួចផុតបទចោទប្រកាន់ឱ្យពួកគេមានសេរីភាពក្នុងការអនុវត្តនូវសិទ្ធិរបស់ខ្លួននឹងដោយពុំមានការរឹតត្បិតការគំរាមកំហែងសកម្មភាពរបស់ពួកគេ»។
អាជ្ញាធរខេត្តបន្ទាយមានជ័យបានចាប់ខ្លួនប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ និងបានបញ្ជូនទៅឃុំនៅក្នុងពន្ធនាគារខេត្តនេះកាលពីថ្ងៃទី២៥ ខែកក្កដា។រហូតមកដល់ពេលនេះលោកត្រូវបានអាជ្ញាធរឃុំខ្លួនអស់រយៈពេលជាង៥ខែហើយ។
លោក ចៅ វាសនា មានដើមកំណើតខ្មែរក្រោម ត្រូវបានតុលាការខេត្តបន្ទាយមានជ័យចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ញុះញង់ឱ្យមានការរើសអើង ពាក់ព័ន្ធនឹងរឿង ធ្វើយុទ្ធនាការឱ្យពលរដ្ឋគូសខ្វែង សន្លឹកឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ ប៉ុន្តែ លោក ចៅ វាសនា បានច្រាលចោលការចោទប្រកាន់នេះ។
លោក ចៅ វាសនា ធ្លាប់ត្រូវបានតុលាការខេត្តបន្ទាយមានជ័យកាត់ទោសជាប់ពន្ធនាគារម្ដងរួចមកហើយអំពីបទញុះញង់ និងបានចេញពីពន្ធនាគារវិញ កាលពីដើមឆ្នាំ២០២២ បន្ទាប់ពីលោកបានអនុវត្តទោសគ្រប់ចំនួនរយៈពេល ៥ឆ្នាំពេញនៅក្នុងពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។