ដោយ យ៉ង ចាន់តារា
2024.02.16
RFA

(ពីឆ្វេង) ជនសង្ស័យជនជាតិតៃវ៉ាន់ឈ្មោះ ឆេន ណេងឈុន (CHEN NENG CHUAN) និង លូ ស៊ូហ្ស៊ន (LU TSU HSIEN) ដែលតុលាការខេត្តព្រះសីហនុ ផ្ដន្ទាទោសដាក់គុក ២ឆ្នាំដោយចោទថា ពួកគេបានថតវីដេអូរៀបរាប់ពីបញ្ហាអសន្តិសុខ និងបញ្ហាឧក្រិដ្ឋកម្មក្នុងខេត្តព្រះសីហនុ។ រូប៖ ស្នងការនគរបាលខេត្តព្រះសីហនុ
តុលាការខេត្តព្រះសីហនុសម្រេចផ្ដន្ទាទោសលើជនជាតិតៃវ៉ាន់ (Taiwan) ២នាក់ឱ្យជាប់ពន្ធនាគារ ២ឆ្នាំដោយចោទថា ពួកគេបានថតវីដេអូរៀបរាប់ពីបញ្ហាអសន្តិសុខ និងបញ្ហាឧក្រិដ្ឋកម្មក្នុងខេត្តព្រះសីហនុ។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា បញ្ហានៃអំពើឧក្រិដ្ឋកម្មនៅខេត្តព្រះសីហនុនាកន្លងមកបានកើតឡើងជាច្រើន និងហាក់ល្បីល្បាញខ្លាំង ដែលជះឥទ្ធិពលមិនល្អដល់មុខមាត់កម្ពុជា។
តំណាងអយ្យការសាលាដំបូងខេត្តព្រះសីហនុកាលពីថ្ងៃទី១៥ ខែកុម្ភៈ បានបើកសវនាការលើជនជាតិតៃវ៉ាន់ ២នាក់មានឈ្មោះ ឆេន ណេងឈុន (CHEN NENG CHUAN) និង លូ ស៊ូហ្ស៊ន (LU TSU HSIEN) ក្រោយពីពួកគេបានឡាយ (Live) វីដេអូនៅតាមបណ្ដាញសង្គមដោយបង្ហាញពីទីតាំងអគារមួយចំនួនពាក់ព័ន្ធបញ្ហាជួញដូរមនុស្ស ការបង្ខាំងមនុស្ស និងអះអាងថា ខ្លួនត្រូវបានគេវាយធ្វើបាបនៅខេត្តព្រះសីហនុ។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ បញ្ជាក់ថា ជនជាតិតៃវ៉ាន់ទាំងពីរនាក់មកកម្ពុជាក្នុងបំណងផលិតវីដេអូបំផ្លើសពីការពិត អំពីសកម្មភាពពាក់ព័ន្ធបញ្ហាជួញដូរមនុស្ស ការបង្ខាំងមនុស្សធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់ដូរសរីរាង្គមនុស្ស។ ប្រភពដដែលបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ជនជាតិតៃវ៉ាន់ទាំងពីរនាក់អះអាងតាមការឡាយវីដេអូតាមរយៈគណនីហ្វេសប៊ុក (Facebook) ឈ្មោះ វ៉ា អាន ហ្សាវ ជី (WA AN XIAO JI) ដែលអះអាងថា ត្រូវសន្តិសុខចាប់ខ្លួន និងត្រូវគេវាយដំ។
នៅថ្ងៃបន្ទាប់ពោលនៅថ្ងៃទី១៣ ខែកុម្ភៈ ពួកគេក៏បានឡាយវីដេអូជាថ្មីទៀតនៅម្ដុំអគារឆៃណាថោន (China town) ដែលមានសកម្មភាពភ័យតក់ស្លុតហាក់ដូចជារត់ចេញពីការតាមចាប់ខ្លួន និងបញ្ជាក់ថា ត្រូវបានគេតាមវាយធ្វើបាប។ តុលាការខេត្តព្រះសីហនុសម្រេចសាលក្រមផ្ដន្ទាទោសជនជាតិតៃវ៉ាន់ទាំង ២នាក់នោះឱ្យជាប់ពន្ធនាគារក្នុងម្នាក់ ២ឆ្នាំពីបទ «ញុះញង់» បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងពិន័យជាប្រាក់ម្នាក់ ៤លានរៀល តាមមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
វិទ្យុអាស៊ីសេរីបានទាក់ទងសាច់ញាតិជនជាប់ឃុំ ជនជាតិតៃវ៉ាន់ឈ្មោះ ឆេន ណេងឈុន (CHEN NENG CHUAN) ដើម្បីសាកសួរ និងសុំប្រតិកម្មជុំវិញការសម្រេចរបស់តុលាការនេះ ក៏ប៉ុន្តែពុំមានការឆ្លើយតបនៅឡើយ នៅថ្ងៃទី១៦ ខែកុម្ភៈ។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថ្មីៗនេះបានបញ្ចេញប្រតិកម្មខឹងសម្បារចំពោះមជ្ឈដ្ឋានមួយចំនួន ជាពិសេសស្ថាប័នសារព័ត៌មានអន្តរជាតិដែលនិយាយពីបញ្ហាឧក្រិដ្ឋកម្មនានា នៅខេត្តព្រះសីហនុ។ លោកស្ដីបន្ទោសចំពោះស្ថាប័នអន្តរជាតិថា ការលាតត្រដាងបញ្ហាឧក្រិដ្ឋកម្មក្នុងខេត្តព្រះសីហនុនេះហើយ ទើបធ្វើឱ្យបញ្ហានៃការវិនិយោគ និងសេដ្ឋកិច្ចក្នុងខេត្តនេះបន្តជាប់គាំង។ ប៉ុន្តែ អ្នកឃ្លាំមើលមួយចំនួនរិះគន់ថា បញ្ហានៃបទល្មើសឧក្រិដ្ឋកម្មបន្តកើតមានដោយសារតែរដ្ឋាភិបាលអសមត្ថភាពគ្រប់គ្រងប្រទេស និងគ្មានឆន្ទៈបង្ក្រាបមេខ្លោងឧក្រិដ្ឋជនធំៗ រួមទាំងការប្រព្រឹត្តអំពើពុករលួយចាក់ស្រេះជាដើម។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា ជនជាតិតៃវ៉ាន់ដែលឡាយវីដេអូពីបញ្ហាឧក្រិដ្ឋកម្មក្នុងខេត្តព្រះសីហនុ ទោះស្ថិតក្នុងរូបភាពពិត ឬសម្ដែងក៏ដោយ គឺកន្លងទៅក្នុងខេត្តព្រះសីហនុហាក់ល្បីល្បាញខ្លាំងពាក់ព័ន្ធការកើតមានបញ្ហាបទល្មើសឧក្រិដ្ឋកម្មជាច្រើន។ ទោះយ៉ាងណា អ្នកស្រីយល់ថា សកម្មភាពរបស់ជនជាតិតៃវ៉ាន់ទាំងនោះ ខ្វះមូលដ្ឋាន និងខ្វះកិច្ចសហការជាមួយសមត្ថកិច្ច ក្នុងការបង្កើតវីដេអូបង្ហាញពីរូបភាពនៃបញ្ហាបទល្មើស ឬការធ្វើទារុណរបស់ក្រុមជនល្មើស។
អ្នកស្រី ជៀប សុធារី៖ «អ៊ីចឹងកន្លងមកយើងធ្លាប់មានរឿង [ឧក្រិដ្ឋកម្ម] ទាំងអស់ហ្នឹងកើតឡើងមែន ប៉ុន្តែសមត្ថកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងបណ្ដាប្រទេសសាមីយើងបានធ្វើការសហការគ្នា ក្នុងការបង្ក្រាបជនប្រព្រឹត្តបទល្មើស និងផ្ដន្ទាទោសតាមច្បាប់កម្ពុជា ហើយខ្លះទៀតបានបញ្ជូនទៅប្រទេសគាត់វិញ។ ប៉ុន្តែ គាត់ [ជនជាតិតៃវ៉ាន់ចំនួន ២នាក់] មករបៀបគាត់មកធ្វើផ្ដេសផ្ដាស អ្វីដែលគាត់ធ្វើគឺជារឿងមួយមិនមែនមកជាលក្ខណៈទេសចរណ៍ធម្មជាតិ មកផ្សព្វផ្សាយតំបន់ទេសចរណ៍នៅកម្ពុជាទេ គាត់មកធ្វើអ្វីដែលជារឿងគួរឱ្យមានការភ័យខ្លាចតក់ស្លុត»។
អ្នកស្រី ជៀប សុធារី យល់ថា ជនបរទេសដែលមានបំណងមកផលិតវីដេអូស្ដីពីបញ្ហាឧក្រិដ្ឋកម្មនៅខេត្តព្រះសីហនុ គួរតែមានកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ដើម្បីធានាថា ការផលិតវីដេអូនោះអប់រំដល់ជនបរទេស ឬមនុស្សផ្សេងៗជៀសវាងការចាញ់កលល្បិចរបស់ជនឆបោក រហូតក្លាយខ្លួនជាជនរងគ្រោះនៃអំពើជួញដូរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។