សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចាប់​ជនជាតិ​តៃវ៉ាន់​២​នាក់​សង្ស័យ​ថត​វីដេអូ​ក្លែងក្លាយ​ពី​ការ​ចាប់​ជំរិត

ដោយ ម៉ៅ សុធានី
2024.02.16
RFA

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចាប់​ជនជាតិ​តៃវ៉ាន់​២​នាក់​សង្ស័យ​ថត​វីដេអូ​ក្លែងក្លាយ​ពី​ការ​ចាប់​ជំរិត

សមត្ថកិច្ចខេត្តព្រះសីហនុបង្ហាញមុខជនសង្ស័យជនជាតិតៃវ៉ាន់២នាក់ (សំលៀកបំពាក់ខ្មៅ​ជាប់ខ្នោះដៃ) ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ រូប៖ ស្នងការនគរបាលខេត្ត​ព្រះសីហនុ


សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចាប់​បុរស​ជនជាតិ​តៃវ៉ាន់​២​នាក់ ជាប់​សង្ស័យ​ថត​វីដេអូ​ភាគ​ក្លែងក្លាយ ពី​ការ​ចាប់​ជំរិត ដើម្បី​បង្ហោះ​តាម​អនឡាញ (online) ក្នុង​នោះ​គេហទំព័រ​មួយ​មាន​ឈ្មោះ “Goodnight Chicken” ដែល​កំពុង​ពេញនិយម​នៅ​តៃវ៉ាន់។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី១៥ ខែ​កុម្ភៈ នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន អះអាង​ថា វីដេអូ​ក្លែងក្លាយ​នេះ បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិនាម​របស់​ប្រទេស​កម្ពុជា​ជាពិសេស ខេត្ត​នៅ​ជាប់​សមុទ្រ។ លោក​បន្ត​អះអាង​ថា ក្នុង​វីដេអូ​នេះ បុរស​តៃវ៉ាន់​ទាំងពីរ​នាក់​នេះ ធ្វើ​ជា​រត់គេច​ចេញ​ពី​សណ្ឋាគារ​ដើម្បី​រួច​ផុត​ពី​ការ​ព្យាយាម​ចាប់​ជំរិត ហើយ​ពួកគេ​ក៏​បាន​អំពាវនាវ​សុំ​ជំនួយ​អន្តរាគមន៍​។ លោក​ថា ក្រោយ​ពី​អាជ្ញាធរ​ឃើញ​វីដេអូ​នោះ​ផ្សាយ​ភាគ​ទី​២​ហើយ ក៏​បាន​តាមដាន​ពួកគេ និង​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ។

សមត្ថកិច្ច​អះអាង​ថា បាន​រក​ឃើញ​ភស្តុតាង​ជាច្រើន ដែល​បង្ហាញ​ថា ការ​ថត​វីដេអូ​នេះ គឺ​ជា​គំរោង​ការ​ដែល​បាន​រៀបចំ​កាល​ពី​ខែ​មករា មុន​មក​ដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១១ ខែ​កុម្ភៈ។

លោក គួច ចំរើន សង្កត់ធ្ងន់​ថា សកម្មភាព​របស់​ជន​ជាតិ​តៃវ៉ាន់​ទាំងពីរ​នាក់​នេះ គឺ​មាន​បំណង​បំផុសបំផុល ធ្វើ​ឲ្យ​ចលាចល​ដល់​សង្គម​កម្ពុជា។ លោក​បន្ត​ថា ពួកគេ​បាន​សារភាព​ថា ការ​ថត​វីដេអូ​នេះ គឺ​ធ្វើ​ដោយ​ខ្លួនឯង ដើម្បី​រក​ប្រាក់​កម្រៃ​បន្ថែម តាមរយៈ​ការ​ទាក់ទាញ​អ្នកទស្សនា​ឲ្យ​បាន​ច្រើន។ប៉ូលិស​ខេត្ត​ព្រះសីហនុ កំពុង​រៀបចំ​នីតិវិធី​បន្ត ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles