ពលរដ្ឋខ្មែរស្នើអូស្ត្រាលីពិភាក្សាពីបញ្ហាកម្ពុជាជាមួយលោក ហ៊ុន ម៉ាណែត

កម្ពុជា
17/02/2024 – 07:08
ដោយ៖ អ៊ឹង ប៊ុនថន
RFI

តំណាង​រាស្រ្ដ និង​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ជំរុញ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី ​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ទៅ​ពិភាក្សា​ជាមួយ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ដែល​គ្រោង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី នៅ​ដើម​ខែ​មីនា​ខាង​មុខ​។​ ការ​ជំរុញ​នេះ​ធ្វើ​ឡើង​តាម​រយៈ​សកម្មភាព​ធម្ម​យាត្រា​មួយ នៅ​លើ​ចំងាយ​ផ្លូវ​១០​គីឡូម៉ែត្រ​នៅ​ថ្ងៃ​សៅរ៍​នេះ ​ដើម្បីដាក់​ញត្តិ​ទៅ​សមាជិក​សភា​សហព័ន្ធ​អូស្ត្រាលី ​លោក ​ជូលៀន ​ហ៊ីល​។

ពលរដ្ឋខ្មែរស្នើអូស្ត្រាលីពិភាក្សាពីបញ្ហាកម្ពុជាជាមួយលោក ហ៊ុន ម៉ាណែត


នៅ​ចំពោះមុខ ​ក្រុម​សកម្មជន​ខ្មែរ​នៅ​អូស្ត្រាលី​ដែល​មាន​គ្នា​ប្រមាណ​១០០​នាក់​ លោក​ តាក់​ ម៉េងហ៊ាង ​សមាជិកសភា​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា​ បាន​ថ្លែងថា ​ការ​ធ្វើ​ធម្មយាត្រា​នៅ​ថ្ងៃទី​១៧​កុម្ភៈ​នេះ​ គឺ​ជា​សកម្មភាព​មួយ​នៅក្នុង​ចំណោម​សកម្មភាព​ជា​ច្រើន ​ដែល​ពួកគេ​នឹង​ត្រូវ​ធ្វើ​រហូត​ដល់​ថ្ងៃ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​។

ការ​ដោះលែង​អ្នក​ទោស​នយោបាយ ​ការ​បើក​លំហ​ប្រជាធិ​ប​តេយ្យ​ និង​ការ​ផ្តល់​យុត្តិធម៌​សង្គម​ ជា​ដើម​ គឺ​ជាអ្វី​ដែល​ត្រូវបាន​លើក​ឡើង​ដោយ អតីត​តំណាង​រាស្ត្រ​ខ្មែរ អូស្ត្រាលី ​លោក ហុង លីម​ នៅ​ចំពោះ​មុខ​ក្រុមសកម្មជន​ខ្មែរ ដែល​លើក​រូប​ថត ​លោក កឹម សុខា ​និង​មាន​កាន់​បដា​ជា​ច្រើន​ដែល​សរសេរ​ទាម​ទារ​ឲ្យ​ដោះលែង​ប្រទេស​កម្ពុជា​ឲ្យ​មាន​សេរី​ភាព​វិញ​។

សកម្មភាពធម្មយាត្រារបស់ពលរដ្ឋខ្មែរនៅអូស្ត្រាលី17/2/2024
សកម្មភាពធម្មយាត្រារបស់ពលរដ្ឋខ្មែរនៅអូស្ត្រាលី17/2/2024 © SK Media

បើ​តាម​អតីត​តំណាង​រាស្ត្រខ្មែរ​អូស្ត្រាលី​រូប​នេះ ​បញ្ហា​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា គឺ​ជា​រឿង​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចង់​ឃើញ​នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី លើក​ឡើង​នៅ​ចំពោះ​មុខ​លោក​ ហ៊ុន​ ម៉ាណែត ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ឲ្យ​គោរព​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​២៣​តុលា​ឆ្នាំ​១៩៩១​។

តាម​គម្រោង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី ​ចាប់​ពី​ថ្ងៃ​ទី​៤ខែ​មីនាខាង​មុខ​ ខណៈ​សកម្មជន​ខ្មែរ​នៅ​អូស្ត្រាលី​ក៏​បាន​ប្រកាស​រួច​ហើយ ពី​ផែន​ការ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នឹង​វត្ត​មាន​មេ​ដឹក​វ័យ​ក្មេង​របស់​កម្ពុជា​រូបនេះ​។

ជា​ការ​កត់​សំគាល់​ថា ​ការ​កម្រើក​នៃ​បាតុ​កម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្រឆាំង​នឹង​វត្តមាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​លោកស្រី មូរ ​សុខហួរ ​សមាជិក​បក្ស​ប្រឆាំង​បាន​ទៅ​ជួប​លោក ជូលាន ហៀល តំណាង​រាស្ត្រ​សហព័ន្ធ ប្រចាំ​រដ្ឋ Victoria កាល​ពី​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ​។​ គឺ​ជា​ជំនួប​និយាយ​ពីយុទ្ធ​សាស្ត្រ​សម្រាប់​ថ្ងៃ​អនាគត ​ខណៈ​ដែល ​លោក ​ជូលាន ​ហៀល ​ត្រូវបាន​សកម្មជន​ខ្មែរ​ចាត់ទុកថា តែងតែ​ចេញ​មុខ​ជួយ​ដល់​ប្រទេស​កម្ពុជា​ពីរឿង​ប្រជាធិបតេយ្យ​និង សិទ្ធិមនុស្ស។

យ៉ាងណាក៏ដោយ នៅមិនទាន់​ឃើញសកម្មភាព​ពលរដ្ឋខ្មែរ​នៅអូស្ត្រាលី​នាំគ្នា​ចេញ​សារ​ស្វាគមន៍​ដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត នៅឡើយទេ ខណៈ​ដែល​សកម្មភាព​នៃការ​តវ៉ាប្រឆាំងបាន​កម្រើកឡើងចាប់តាំងពីពេលនេះ៕

What Next?

Recent Articles