ដោយ ខាន់ លក្ខិណា
2024.04.19
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន របស់សាកលវិទ្យាល័យការពារជាតិ កាលពីថ្ងៃទី១៩ មេសា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោក ហ៊ុន ម៉ាណែត ណែនាំឱ្យកងយោធពលខេមរភូមិន្ទ ត្រូវត្រៀមទប់ស្កាត់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិល លើកឡើងថា នៅប្រទេសកម្ពុជាគ្មានបដិវត្តន៍ពណ៌នោះទេ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាន នៅសាកលវិទ្យាល័យការពារជាតិនៅថ្ងៃទី១៩ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងកងយោធពលខេមរភូមិន្ទ។ លោកថា កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ។
លោក ហ៊ុន ម៉ាណែត៖ «ធ្វើឱ្យបរាជ័យរាល់ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្តទាំងក្នុង និងក្រៅប្រទេសដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាសន្តិភាពឱ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសបានទាន់ពេលវេលា»។
យ៉ាងណា លោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ថា កម្លាំងអមិត្តទាំងក្នុង និងក្រៅប្រទេស គឺជាក្រុមណា ឬនរណានោះទេ។ ប៉ុន្តែកន្លងមក រដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត តែងចោទប្រកាន់ផ្សារភ្ជាប់សកម្មភាពតវ៉ា ការសម្ដែងមតិរបស់គណបក្សប្រឆាំង សង្គមស៊ីវិល និងប្រជាពលរដ្ឋដែលរងគ្រោះ ពីការរំលោភបំពានការងារនិងរឿងដីធ្លីថា ជាក្រុមបដិវត្តន៍ពណ៌។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលចាត់ទុកថា ការចោទប្រកាន់របស់រដ្ឋាភិបាលនេះ គ្រាន់តែជាលេស ដើម្បីបង្ក្រាបទៅលើសំឡេងរិះគន់ និងសំឡេងប្រឆាំងក្នុងបំណងរក្សាអំណាចផ្ទាល់ខ្លួនប៉ុណ្ណោះ។មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែមេសា ថា កម្ពុជា គឺជាប្រទេសកាន់របបប្រជាធិបតេយ្យ ដូច្នេះ ចាញ់ឈ្នះលើសន្លឹកឆ្នោត ហើយបើធ្វើល្អប្រជាពលរដ្ឋនឹងគាំទ្រ។
លោកស្នើទៅរដ្ឋាភិបាល ឱ្យលុបចោលពាក្យ«បដិវត្តន៍ពណ៌» និងឈប់ចោទប្រកាន់លើអង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋ ហើយងាក មករៀបចំយន្តការច្បាប់ឱ្យល្អ និងនាំគ្នាគោរពច្បាប់ទាំងអស់គ្នា ដើម្បីប្រទេសជាតិរីកចម្រើន។
លោក យី សុខសាន្ត៖ «ខ្ញុំស្នើសុំដ៏ទទូចរាជរដ្ឋាភិបាលគួរលុបចោលទៅអារឿងបដិវត្តន៍ពណ៌អីនោះ។ ប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ យើងគួរនាំគ្នារៀបចំយន្តការច្បាប់ឱ្យល្អ ហើយឱ្យនាំគ្នាគោរពច្បាប់ទាំងអស់គ្នាទៅ អាហ្នឹងបានប្រទេសយើងបានរីកចម្រើន ហើយបើយើងនៅតែខឹងអ្នកណាលាបពណ៌អ្នកនោះ ចោទប្រកាន់សុទ្ធតែក្រុមបដិវត្តន៍ពណ៌ អាហ្នឹងគឺជាការនឹកឃើញដដែល នៅពេលគេចោទប្រកាន់នរណាម្នាក់ យើងតែនឹកឃើញកាលពីអតីតកាល ១៩៧៥–១៩៧៩ ដែលជាក្រុមប្រល័យពូជសាសន៍។ នៅពេលណាដែលគាត់ចង់សម្លាប់មនុស្ស ចង់ធ្វើបាបមនុស្ស គាត់តែចោទថា អ្នកនេះ ជាខ្មាំងសត្រូវ ហើយយកគាត់ទៅសម្លាប់ដោយអយុត្តិធម៌»។
ពាក្យបដិវត្តន៍ពណ៌នេះ ត្រូវបានលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាឪពុករបស់លោក ហ៊ុន ម៉ាណែត ព្រមទាំងក្រុមមន្ត្រីរដ្ឋាភិបាលលើកឡើងជាញឹកញាប់ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ត្រូវ តុលាការកំពូលរំលាយចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលចោទគណបក្សនេះនិងលោក កឹម សុខា ថាបានរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។
ប៉ុន្តែ ខ្លឹមសារចោទប្រកាន់នេះ ត្រូវបានមេដឹកនាំគណបក្សសង្គ្រោះជាតិ សង្គមស៊ីវិលជាតិ សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិច្រានចោល ហើយថា រដ្ឋាភិបាលកម្ពុជាមិនមានភស្តុតាងណាមួយ ដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួន អំពីបដិវត្តន៍ពណ៌នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។