ដោយ យ៉ង ចាន់តារា
2024.04.20
RFA
កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យចំនួន ៥នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យពាក់ព័ន្ធករណី ដឹកជញ្ជូនផលិតគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់កាលពីថ្ងៃទី១៨ ខែមេសា។
ជនសង្ស័យទាំងនោះរួមមានជនជាតិចិនម្នាក់ ជនជាតិថៃ ២នាក់ និងខ្មែរ ២នាក់ ដែលត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឆ្មក់បង្ក្រាបបាននៅទីតាំងខារ៉ាអូខេ៦១៩ ស្ថិតក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៥ ខែមេសា។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ អាវុធហត្ថខេត្តបន្ទាយមានជ័យរឹបអូសបានវត្ថុតាងរួមមានកាំភ្លើងខ្លីចំនួន ០៤ដើមរួមជាមួយគ្រាប់កាំភ្លើងចំនួន ៥០គ្រាប់ និងថ្នាំញៀនជាច្រើនប្រភេទរួមមាន កេតាមីន រាប់រយគ្រាប់ និងម៉ាទឹកកកជាច្រើនកញ្ចប់ រួមទាំងឧបករណ៍កែច្នៃ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៣គ្រឿង។
មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតលោក នួន នីណារ៉ូ ឱ្យដឹងថា ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានផលិត ជួញដូរ និងប្រើប្រាស់ថ្នាំញៀន និងកាន់កាប់ដឹកជញ្ជូនអាវុធដោយខុសច្បាប់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក លឹម ប៊ុនសុភ័ក្រ និងអ្នកនាំពាក្យតុលាការខេត្តនេះគឺលោក រឿន លីណា ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី១៩ ខែមេសា។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត យល់ថា មូលហេតុដែលជនសង្ស័យទាំងនោះអាចនាំចូលអាវុធ និងថ្នាំញៀនចូលកម្ពុជា ដោយសារតែមន្ត្រីតាមច្រកព្រំដែនមួយចំនួនអនុវត្តធូររលុង និងអាចជាប់ពាក់ព័ន្ធអំពើពុករលួយ។
លោក អ៊ិន គង់ជិត៖ «សមត្ថកិច្ច និងតុលាការត្រូវស្រាវជ្រាវអ្នកណាដែលបានផ្ដល់អាវុធឱ្យពួកគេ នេះជាកត្តាធ្វើឱ្យពួកគេបានកាន់កាប់អាវុធដោយខុសច្បាប់។ ធម្មតាជនល្មើស ដែលប្រព្រឹត្តបទឧក្រិដ្ឋកម្មផ្សេងៗ គាត់ដឹងខ្លួនថា ប្រឈមជាមួយសមត្ថកិច្ច អ៊ីចឹងគាត់ត្រូវរកអាវុធ ដើម្បីការពារទប់ទល់នៅពេលសមត្ថកិច្ចបង្ក្រាប»។
មន្ត្រីសង្គមស៊ីវិលរូបនេះស្នើដល់តុលាការ និងអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកការស៊ើបអង្កេតលើអ្នកនៅពីក្រោយខ្នងជនល្មើសដែលតែងតែនាំចូលអាវុធ និងថ្នាំញៀនផលិតនៅកម្ពុជាយកមកអនុវត្តទោសឱ្យបានធ្ងន់ធ្ងរ ដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យបន្តរីករាលដាលបង្កផលប៉ះពាល់ដល់សង្គមជាតិបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។