ដោយ ហ៊ុំ ចំរើន
2024.04.20
RFA

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។ រូប៖ ហ្វេសប៊ុកលោក ស សុខា
អ្នកវិភាគថា ការធ្វើកំណែទម្រង់តួនាទីមន្ត្រីក្នុងក្រសួងមហាផ្ទៃ ពុំផ្ដល់ផលជាវិជ្ជមាន ដល់ប្រទេសជាតិទេ ប្រសិនបើមិនលុបបំបាត់ អំពើពុករលួយ និងបក្ខពួកនិយម។ ករណីនេះ ក៏ជាកត្តាជំរុញឱ្យមានបញ្ហាអយុត្តិធម៌សង្គម បន្តកើតមានជាហូរហែ ប៉ុន្តែ មិនត្រូវបានដោះស្រាយ ប្រកបដោយប្រសិទ្ធភាព។
ការធ្វើកំណែទម្រង់ ផ្លាស់ប្ដូរមន្ត្រីនៅតាមក្រសួងនានា បន្តកើតមានជាហូរហែ។ នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មី របស់លោក ហ៊ុន ម៉ាណែត នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ ក៏ប៉ុន្តែ ការផ្លាស់ប្ដូរទាំងនោះ ត្រូវបាន អ្នកឃ្លាំមើលវាយតម្លៃថា ធ្វើឡើងដោយបក្ខពួកនិយម ជាពិសេស ក្រុមអ្នកដែលពូកែអែបអប និងធ្លាប់បម្រើឱ្យត្រកូល «ហ៊ុន» តែងទទួលបានតំណែងគ្រាក់ៗនៅក្នុងជួររដ្ឋាភិបាល។
ទោះយ៉ាងណាក្ដី អ្នកវិភាគថា ការធ្វើកំណែទម្រង់ គឺជារឿងល្អ ប៉ុន្តែត្រូវឈរលើគោលការណ៍ យុត្តិធម៌ និងតម្លាភាព ទើបសង្គមជាតិរីកចម្រើន។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែមេសា ថា ការធ្វើកំណែទម្រង់មន្ត្រី ក្នុងក្រសួងមហាផ្ទៃ គឺជារឿងចាំបាច់ ប៉ុន្តែ លោកថា អ្វីដែលគួរឱ្យបារម្ភ នោះ គឺការតែងតាំង មន្ត្រី ដែលគ្មាន ចំណេះដឹងពិតប្រាកដ និងខ្វះមនសិការជាតិ ឱ្យមកកាន់កិច្ចរដ្ឋ ដែលបណ្ដាលឱ្យកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិ និងរំលោភដីធ្លីពលរដ្ឋជាហូរហែ។
លោកបណ្ឌិត មាស នី បន្តថា ដើម្បីទប់ស្កាត់មន្ត្រីខិលខូចទាំងនោះ រដ្ឋាភិបាលត្រូវហ៊ានបោសសម្អាត បញ្ហាអំពើពុករលួយជាប្រព័ន្ធចាប់តាំងពីមន្ត្រីថ្នាក់ជាតិ រហូតដល់មន្ត្រីថ្នាក់ក្រោមជាតិ។ ជាពិសេសការទប់ស្កាត់ បញ្ហាតែងតាំងមន្ត្រីដែលតាមរយៈបក្ខពួកនិយម។
បណ្ឌិត មាស នី៖ «បើកំណែទម្រង់ធ្វើឡើងដើម្បីការរើសអើង។ ឧបមាថា ធ្វើកំណែទម្រង់ ដល់មន្ត្រីណា ដែលពុំសូវស៊ីខ្សែ យើងរុញចេញ។ មិនថា បក្ខពួកនិយមមិនថា គ្រួសារនិយមមិនថា បក្ខពួកនិយម អាហ្នឹង ជាការកំណែទម្រង់បែបហ្នឹងមិនអាចទៅមុខរួចទេ។ វាគ្រាន់តែបានត្រឹម ធ្វើឱ្យល្អមើល ប៉ុន្តែ មិនល្អស៊ី»។
ការលើកឡើងនេះ ស្របពេលដែលក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចកាលពីថ្ងៃទី១៦ ខែមេសា ស្ដីពី ការកែសម្រួលការបែងចែកភារកិច្ចរបស់មន្ត្រី ចំនួន ៧១រូប ចាប់ពីតួនាទីរដ្ឋលេខាធិការ រហូត អនុរដ្ឋលេខាធិការ។
ក្នុងចំណោម អ្នកទាំងនោះ រួមមាន អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឱ្យទៅកាន់តំណែងជាអ្នកទទួលបន្ទុកនាយកខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចំណែក រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ លោក ម៉ៅ ច័ន្ទតារា ទទួលជួយរដ្ឋមន្ត្រីលើកិច្ចការងារ អគ្គលេខាធិការដ្ឋាន។ ដោយឡែក មន្ត្រីខ្លះទៀត បន្តរក្សាដំណែងដដែល និងខ្លះ កាន់តំណែងថ្មី តាមការចាត់ចែងរបស់ក្រសួង។
ទោះយ៉ាងណា ការតែងតាំងមន្ត្រី ជាបន្តបន្ទាប់នេះ អ្នកវិភាគមើលឃើញថា គឺគ្រាន់តែ ជារបៀបផ្លាស់អ្នកចាស់ដាក់អ្នកថ្មី។ ប៉ុន្តែ ប្រសិទ្ធភាពការងារវិញ អាចនឹងមិនមានការវិវត្តន៍អ្វីជាដុំកំភួននោះទេ ដោយសារតែរបៀបធ្វើការដដែល។ ជាក់ស្ដែង ការប្រព្រឹត្តអំពើពុករលួយ ការធ្វើទុក្ខបុកម្នេញមកលើសកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងនយោបាយ ពួកគេ នៅតែបន្តរងភាពអយុត្តិធម៌ តាមរយៈប្រព័ន្ធតុលាការឯកបក្ស ជាហូរហែ។ ករណីនេះ ពុំមានមន្ត្រីពាក់ព័ន្ធ ដោះស្រាយ ឬប្ដេជ្ញាចិត្ត ដើម្បី ស្ដារគោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញនោះទេ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទង អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ និង ប្រធានអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៩ ខែមេសា។
អ្នកវិភាគនយោបាយ និងប្រជាពលរដ្ឋ បារម្ភថា ស្ថាប័នរដ្ឋជាច្រើននៅពេលបច្ចុប្បន្នត្រូវបានក្ដោបក្ដាប់ អំណាច តាមរយៈបក្ខពួកនិយម ចំណែកកិច្ចការងារភាគច្រើន មន្ត្រីទាំងនោះ ធ្វើដើម្បីការពារផលប្រយោជន៍បក្សកាន់អំណាច ជាជាងផលប្រយោជន៍ពលរដ្ឋ។ ប្រជាពលរដ្ឋ ទទូចឱ្យមន្ត្រីពាក់ព័ន្ធ គួរតែឈរលើ ផលប្រយោជន៍ជាតិជាធំ ជាជាងប្រយោជន៍បក្ខពួក។ ពួកគាត់ថា កាលណាសង្គម សម្បូរដោយមន្ត្រីស្អាតស្អំ មិនរំលោភបំពានពលរដ្ឋ មិនប្រព្រឹត្តអំពើពុករលួយ ប្រទេសជាតិនោះ នឹងរីកចម្រើន ហើយពុំមានអំពើអយុត្តិធម៌ កើតមានជាបន្តបន្ទាប់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។