ព្រែកជីកហ្វូណន៖លោក ហ៊ុន ម៉ាណែត ចាត់ទុកលោក សម រង្ស៊ី ជាមនុស្សប្រឆាំងនឹងសមិទ្ធផលជាតិ

កម្ពុជា
26/04/2024 – 11:14
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

នៅថ្ងៃទី២៦ ខែមេសានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញសារតាមហ្វេសប៊ុកតបទៅលោក សម រង្ស៊ី ដោយចាត់ទុកមេប្រឆាំងរូបនេះជាមនុស្សដែលប្រឆាំងនឹងសមិទ្ធផលជាតិ។ ចម្លើយតបរបស់លោកហ៊ុន ម៉ាណែតទៅលោក សម រង្ស៊ី ដូច្នេះធ្វើឡើង ក្រោយពីលោក សម រង្ស៊ី បានធ្វើការរិះគន់ និងមិនគាំទ្រដល់គម្រោងព្រែកជីកហ្វូណនដែលភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រ។

ព្រែកជីកហ្វូណន៖លោក ហ៊ុន ម៉ាណែត ចាត់ទុកលោក សម រង្ស៊ី ជាមនុស្សប្រឆាំងនឹងសមិទ្ធផលជាតិ


តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន ម៉ាណែត បានប្រតិកម្មខ្លាំងៗតបនឹងលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ក្រោយពីលោក សម រង្ស៊ី បានវាយប្រហារលើគម្រោងព្រែកជីកហ្វូណនរបស់រដ្ឋាភិបាលថាធ្វើឲ្យខាតបង់ប្រយោជន៍ជាតិ និងប្រជាជន។ លោកហ៊ុន ម៉ាណែតបានចាត់ទុកលោក សម រង្ស៊ី ជាមនុស្សប្រឆាំងដើម្បីតែប្រឆាំងដោយមិនរើសពេលវេលា ឬប្រធានបទ និងជាមនុស្សប្រឆាំង សូម្បីតែសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯង។

គួររម្លឹកថាក្នុងថ្ងៃទី២៤ មេសា លោក សម រង្ស៊ី បានសរសេរសាររិះគន់រដ្ឋាភិបាលកម្ពុជាដែលតក់ក្រហល់សាងសង់ព្រែកជីកហ្វូណនដោយមិនបានសិក្សាគ្រប់ជ្រុងជ្រោយ និងដើម្បីបម្រើតែផលប្រយោជន៍យុទ្ធសាស្ដ្ររបស់ចិន។ តាមមេបក្សប្រឆាំងចាស់វស្សារូបនេះ គោលបំណងធំនៃការសាងសង់ព្រែកជីកនេះមិនមែនបម្រើប្រយោជន៍សេដ្ឋកិច្ចកម្ពុជាទេ តែគឺបម្រើប្រយោជន៍ចិនដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួនទៅដល់ឈូងសមុទ្រថៃដោយឆ្លងកាត់ប្រទេសឡាវ និងកម្ពុជាដែលស្ថិតនៅក្រោមឥទ្ធិពលរបស់ចិនរួចទៅហើយ។

លោក ហ៊ុន ម៉ាណែត បានចោទសួរទៅកាន់អ្នកនយោបាយប្រឆាំងចាស់វស្សាលោក សម រង្ស៊ី ថា តើលោកជាមនុស្សល្ងង់ ឬជាមនុស្សចេះតែធ្វើល្ងង់?។ ការចោទសួរបែបនេះដោយលោកហ៊ុន ម៉ាណែតលើកឡើងថា ប្រជាជនកម្ពុជាមួយប្រទេសបានយល់ដឹងអំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ច និងសង្គមជាតិដែលគម្រោងព្រែកជីកហ្វូណននឹងផ្ដល់ឱ្យប្រទេសជាតិ និងប្រជាជន។ ដោយមិនភ្លេចសារឌឺដង លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា សូម្បីតែភូមិសាស្ដ្រខេត្តដែលគម្រោងព្រែកជីកហ្វូណនគ្រោងនឹងតភ្ជាប់ក៏លោក សម រង្ស៊ី មិនទាន់អាចក្ដាប់បានដែរ។ ទន្ទឹមនឹងប្រតិកម្មរបស់លោកហ៊ុន ម៉ាណែត តបនឹងលោក សម រង្ស៊ី គេក៏ឃើញមានប្រតិកម្មព្រោងព្រាត និងចលនាគាំទ្រជាលក្ខណៈបុគ្គល ស្ថាប័ន អង្គភាពនានា គណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការរដ្ឋាភិបាល និងគណបក្សកាន់អំណាចមួយចំនួនដែរ។

ព្រែកជីកហ្វូណន៖លោក ហ៊ុន ម៉ាណែត ចាត់ទុកលោក សម រង្ស៊ី ជាមនុស្សប្រឆាំងនឹងសមិទ្ធផលជាតិ
ព្រែកជីកហ្វូណន៖លោក ហ៊ុន ម៉ាណែត ចាត់ទុកលោក សម រង្ស៊ី ជាមនុស្សប្រឆាំងនឹងសមិទ្ធផលជាតិ © hun manet, Sam Rainsy

សូមរំលឹកថាកាលពីដើមខែមេសាកន្លងទៅ កាសែត The Straitstimes ដែលមានទីស្នាក់ការនៅសិង្ហបុរីបានដកស្រង់អត្ថបទស្រាវជ្រាវមកពីវិទ្យាស្ថានមួយគាំទ្រដោយរដ្ឋវៀតណាមដោយបានចុះផ្សាយថា ព្រែកជីកហ្វូណនជាគម្រោងមុខពីរ ទី១ លើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទី២ អាចសម្រួលដល់វត្តមានយោធាចិនចូលជ្រៅទៅក្នុងទឹកដីកម្ពុជាក្បែរតំបន់ជិតព្រំដែនជាមួយវៀតណាម។ ទោះយ៉ាងណា កម្ពុជានៅតែបង្ហាញគោលជំហរយ៉ាងរឹងមាំក្នុងការជីកព្រែកហ្វូណនដែលមានប្រវែង១៨០គីឡូម៉េត្រ និងគ្រោងចំណាយលុយសាងសង់ជិត ២ពាន់លានដុល្លារ៕

What Next?

Recent Articles

Leave a Reply

Submit Comment