ដោយ ជីវិតា
2024.04.26
RFA

អាជ្ញាធរជាតិអប្សរាចុះរុះរើផ្ទះសម្បែងរបស់ពលរដ្ឋ ក្នុងតំបន់អង្គរ កាលពីថ្ងៃទី២៤ មេសា ២០២៤។ រូប៖ ពលរដ្ឋផ្តល់ឱ្យ
មន្ត្រីសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរជាតិអប្សរាបញ្ឈប់ការរុះរើផ្ទះសម្បែងរបស់ពលរដ្ឋ ក្នុងតំបន់អង្គរ ដែលរំខានដល់ជីវភាពរស់នៅនិងសតិអារម្មណ៍របស់ពលរដ្ឋ។ សំណើនេះធ្វើឡើងក្រោយពីអាជ្ញាធរជាតិអប្សរាបន្តរុះរើផ្ទះសម្បែងរបស់ពលរដ្ឋក្រីក្រដោយបង្ខំ។
មន្ត្រីសិទ្ធិមនុស្សឱ្យដឹងថា ពលរដ្ឋមួយចំនួនដែលរស់នៅក្នុងតំបន់អង្គរ នៅតែមានអារម្មណ៍ភិតភ័យតាមលងបន្លាចស្មារតីពួកគាត់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយ ខ្លាចក្រែងអាជ្ញាធរជាតិអប្សរា មករុះរើផ្ទះសម្បែងរបស់ពួកគាត់ ដើម្បីដាក់សម្ពាធឱ្យទៅរស់នៅទីតាំងថ្មី។
អ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូ (Licadho) ប្រចាំខេត្តសៀមរាប លោក អ៊ិន គង់ជិត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ មេសា ថា ពលរដ្ឋដែលរស់នៅតំបន់អង្គរតាំងពីដូនតាមក នៅតែជួបការលំបាក ក្នុងការជុះជុល ឬកែលម្អផ្ទះសម្បែង របងផ្ទះ និងរោងចិញ្ចឹមសត្វជាដើម ធ្វើឱ្យពួកគាត់គ្មានជម្រករឹងមាំ ខ្វះសន្តិសុខ និងភាពកក់ក្តៅពីអាជ្ញាធររដ្ឋ។
លោក អ៊ិន គង់ជិត៖ «គួរតែបញ្ឈប់ទៅ ការដើររុះរើផ្ទះសម្បែងពលរដ្ឋ ប្រជាជនតែងគោរពច្បាប់គាត់ដាក់ពាក្យសុំ ពេលគាត់ដាក់ពាក្យសុំពិនិត្យទៅ ហើយពេលពិនិត្យទៅ ឱ្យគាត់កែសម្រួលទៅ លក្ខណៈសំណង់ហ្នឹងយ៉ាងម៉េច ដើម្បីឱ្យវាមានសោភ័ណភាព? បើថាចង់រៀបចំភូមិដ្ឋានចាស់ តំបន់រមណីយដ្ឋាន ឬកន្លែងក្បែរប្រាសាទ យើងផ្តល់គំរូសំណង់ឱ្យគាត់ធ្វើទៅ»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលរូបនេះធ្វើឡើង ក្រោយពីអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២៤ មេសា បានបញ្ជូនមន្ត្រីជិត ២០នាក់ ទៅរុះរើសំណង់ផ្ទះពលរដ្ឋមួយខ្នង ឋិតក្នុងភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ទល់មុខភ្នំបូក ដោយលើកហេតុផលថា ជាសំណងខុសច្បាប់ សង់ក្នុងតំបន់ឧទ្យានអង្គរ ឬហៅថា តំបន់២។
ផ្ទះមួយខ្នងដែលអាជ្ញាធររុះរើ ទំហំ ៤ គុណ៥ ម៉ែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី បានសាងសង់ ឡើងកាលដើមឆ្នាំ ២០២៤។ រីឯអ្នកភូមិរាប់រយនាក់ បានចេញមកតវ៉ា ប្រឆាំងការរុះរើនេះ ហើយសកម្មភាពរុះរើបានផ្អាក។
ពលរដ្ឋដែលចូលរួមតវ៉ាថ្លែងសុំលាក់ឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពយល់ថា ទង្វើរបស់អាជ្ញាធរអប្សរាជារឿងអយុត្តិធម៌ធ្វើបាបពលរដ្ឋក្រីក្រ ខ្វះទីពឹង គ្មានជម្រករស់នៅច្បាស់លាស់។ លោកស្នើឱ្យអាជ្ញាធរគួរមានដំណោះស្រាយសមរម្យ ក្រៅពីការរុះរើ ដោយមិនប៉ះពាល់ជម្រករស់នៅ និងជីវភាពពលរដ្ឋក្រីក្រ។
ពលរដ្ឋសុំលាក់ឈ្មោះ៖ «អត់ដោះស្រាយទៅដេកណា ក៏ដេកទៅ រើរបស់គាត់ចោល អត់មានដោះស្រាយឱ្យគាត់ទៅនៅណាផងហ្នឹង»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា មូលហេតុដែលអាជ្ញាធររុះរើ ព្រោះពលរដ្ឋបានសង់សំណង់ខុសច្បាប់ ក្នុងតំបន់ឧទ្យានអង្គរ ដោយមិនសុំច្បាប់អនុញ្ញាតត្រឹមត្រូវ។
លោកស្នើឱ្យពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ មានបំណងចង់សង់បន្ទប់អនាម័យ សុំតសំយាបផ្ទះ សុំពង្រីកផ្ទះ ដើម្បីសម្រួលដល់ការរស់នៅជាដើម ពលរដ្ឋត្រូវដាក់ពាក្យស្នើសុំ មកអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យមន្ត្រីជំនាញចុះពិនិត្យ និងអនុញ្ញាត ដោយគ្មានការបង់ប្រាក់នោះទេ។
លោក ឡុង កុសល៖ «យើងមានការយោគយល់ច្រើន ពេលខ្លះកន្លែងខ្លះ យើងមិនអាចអារម្មណ៍របស់យើង ធ្វើការងារទេ។ យើងយកមូលដ្ឋានគតិយុត្តិច្បាប់ ធ្វើកិច្ចការងារ យើងទទួលស្គាល់បងប្អូនលំបាកនេះ តែគាត់រំលោភបំពានលើការសាងសង់មិនស្របច្បាប់»។
របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិចេញផ្សាយ កាលពីឆ្នាំ២០២២ឱ្យដឹងថា មានពលរដ្ឋ០១ម៉ឺនគ្រួសារ (១០.០០០) ដែលរស់នៅក្នុងតំបន់អង្គរ ត្រូវបណ្ដេញចេញដោយបង្ខំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។