កម្ពុជា
កម្ពុជា-ច្បាប់
15/05/2024 – 13:45
ដោយ៖ អោ ស្រីពេជ្រ
RFI
នៅថ្ងៃទី១៤ឧសភា ប៉ូលិសសហព័ន្ធ FBI បានប្រកាសតាមចាប់ខ្លួនបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ក្នុងបទចោទប្រកាន់ឃាតកម្មដ៏ឃោរឃៅនៅសហរដ្ឋអាមេរិកកាលពី ៧ឆ្នាំមុន។ បើតាម FBI ឃាតកររូបនេះអាចរត់គេចពីការផ្តន្ទាទោសចូលមកប្រទេសកម្ពុជា និងបានសន្យាផ្តល់រង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះការផ្តល់ដំណឹងដែលនាំទៅដល់ការចាប់ខ្លួនឃាតករដែល FBI កំពុងចង់បានបំផុតរូបនេះ។
FBI ប្រកាសតាមចាប់ឃាតករខ្មែរសញ្ជាតិអាមេរិកម្នាក់ដែលរត់គេចពីការផ្តន្ទាទោសនៅអាមេរិក
ក្នុងសារលើ Twitter ថ្ងៃទី១៤ឧសភា ឆ្នាំ២០២៤ ប៉ូលិសសហព័ន្ធ FBI បានប្រកាសបន្តតាមចាប់បុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ឈ្មោះ បប់ តាំង ដែលតុលាការអាមេរិករកឃើញបានសម្លាប់មនុស្សម្នាក់យ៉ាងសាហាវព្រៃផ្សៃកាលពី៧ឆ្នាំមុន។ គួរជ្រាបថា ប៉ូលិសសហព័ន្ធ FBI បានដាក់ បប់ តាំង ចូលក្នុងបញ្ជីឃាតករចង់បានបំផុត និងបានប្រកាសផ្តល់រង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះការផ្តល់ដំណឹងមកការិយាល័យ FBI នៅស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកដែលនាំឈានដល់ការចាប់ខ្លួនឃាតកររូបនេះបាន។
តាមការប្រកាសរបស់ FBI បុរសជនជាតិខ្មែរឈ្មោះ បប់ តាំង អាយុ ៥៥ឆ្នាំ ជាឃាតុករសម្លាប់មនុស្ស និងបានកាត់សាកសពជនរងគ្រោះជាបំណែកៗកាលពីខែឧសភា ឆ្នាំ២០១៧។ បប់ តាំង ត្រូវបានតុលាការសហព័ន្ធអាមេរិកនៅស្រុកអាឡាមេដា រដ្ឋកាលីហ្វ័រញ៉ា សម្រេចចោទប្រកាន់ក្នុងបទឃាតកម្ម និងបញ្ជាឱ្យចាប់ខ្លួនក្នុងខែមីនា ឆ្នាំ២០១៩។ តែ បប់ តាំង បានបាត់ដានលែងនៅអាមេរិកចាប់ពីពេលនោះមក។ បើតាម FBI គិតត្រឹមថ្ងៃទី១៤ ឧសភា ឆ្នាំ ២០២៤ ជននេះនៅមិនទាន់ត្រូវបានកាត់ទោសនៅឡើយដោយបានដាក់ការសង្ស័យថា ឃាតកររូបនេះបានរត់គេចមកប្រទេសកម្ពុជា ព្រោះតាមការស្រាវជ្រាវ ជននេះមានទំនាក់ទំនងផ្សេងៗនៅទីក្រុងភ្នំពេញ។

ក្រសួងមហាផ្ទៃកម្ពុជាតាមរយៈអ្នកនាំពាក្យលោក ខៀវ សុភ័ក្រ នៅមិនទាន់អាចប្រាប់តម្រុយយ៉ាងណានៅឡើយជុំវិញការចូលរួមជាមួយប៉ូលិសសហព័ន្ធ FBI ក្នុងតាមចាប់ខ្លួនឃាតករ បប់ តាំងនេះ។ លោក ខៀវ សុភ័ក្រ បានត្រឹមបញ្ជាក់ថា បើឃាតករនោះពិតជាមានវត្តមាននៅកម្ពុជាមែន កម្ពុជានឹងស្វាគមន៍សហការជាមួយប៉ូលិសសហព័ន្ធ FBI។ គួរម្លឹកថា សំណុំរឿងឧក្រិដ្ឋកម្មកាលពី៧ឆ្នាំមុននេះបានផ្ទុះកក្រើកពេញសហរដ្ឋអាមេរិក ព្រោះវាជាឃាតកម្មព្រៃផ្សៃបំផុតដែលគេប្រដូចទៅនឹងរឿងភាគ «Dexter»។ តាមការចុះផ្សាយមួយចំនួនរបស់កាសែតអាមេរិក បប់ តាំង ក្លាយជាឃាតករសម្លាប់មិត្តភក្តិជិតស្និតដែលជាជនជាតិខ្មែរដូចគ្នាដោយសារតែភ្លើងប្រចណ្ឌ៕