ជនជាតិ​ដើម​ភាគតិច​កួយ​ជាច្រើន​គ្រួសារ​នៅ​ស្ទឹងត្រែង​បារម្ភ​អ្នក​មាន​អំណាច​រុករក​រ៉ែ​មាស ប៉ះពាល់​ដីចម្ការ​ពួកគាត់

2024.05.16
RFA

ជនជាតិ​ដើម​ភាគតិច​កួយ​ជាច្រើន​គ្រួសារ​នៅ​ស្ទឹងត្រែង​បារម្ភ​អ្នក​មាន​អំណាច​រុករក​រ៉ែ​មាស ប៉ះពាល់​ដីចម្ការ​ពួកគាត់

រណ្តៅ​រុករក​រ៉ែ ដែល​ពលរដ្ឋ​អះអាង​ថា ជនជាតិ​ចិន ជីក​ក្នុងភូមិ​វាល​ពោធិ៍ ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី១៤ ឧសភា ២០២៤។ រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ


ពលរដ្ឋ​ចំនួន ៣​ភូមិ រស់នៅ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ព្រួយបារម្ភ​ពី​សុវត្ថិភាព​ដីស្រែ​ចម្ការ​របស់​ពួកគាត់ ក្រោយពី​សកម្មភាព​ខូង​រុករក​រ៉ែ​មាស និង​រ៉ែ លោហៈ បាន​ប្រើប្រាស់​សារជាតិ​គីមី ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​អ្នក​ភូមិ កាន់តែ​រីកធំឡើងៗ ដោយ​គ្មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ពលរដ្ឋ​យ៉ាងហោចណាស់ ៥០ គ្រួសារ​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ក្នុង​ភូមិ​ផ្អាវ ភូមិ​វាលពោធិ៍ ឃុំ​អន្លង់ភេ និង​ភូមិ​មន ឃុំ​អន្លង់​ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ផ្តល់​ព័ត៌មាន​លម្អិត ពី​សកម្មភាព​ខូង​រក​រ៉ែ​មាស ទ្រង់ទ្រាយ​ធំ ប៉ះចំ​ដីស្រែ​ចម្ការ​របស់​អ្នកភូមិ​ជាង ៦ ខែ​មក​ហើយ។

ពលរដ្ឋ​រស់នៅ​ភូមិ​វាលពោធិ៍ លោក សៀន រ៉ន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១៦ ឧសភា ថា អភិបាលរង​ស្រុក​ថាឡាបរិវ៉ាត់​ម្នាក់​ឈ្មោះ អ៊ុក ចាន់ថន និង​ជនជាតិ​ចិន​មួយ​ក្រុម អម​ដោយ​មន្ត្រី​នគរបាល បាន​មក​ដល់​ផ្ទះ​របស់​ពួក​លោក ជា​ញឹកញាប់ ចាប់តាំងពី​មុន​ចូលឆ្នាំ​ខ្មែរ ដើម្បី​ដាក់​សម្ពាធ​ឱ្យ អ្នកភូមិ​លក់​ដីចម្ការ​ថោកៗ ទៅ​ឱ្យ​អ្នក​វិនិយោគ​ជា​ជនជាតិ​ចិន ដើម្បី​រុករក​រ៉ែ។

លោក​ថា អ្នកភូមិ​កំពុង​ភិតភ័យ ខ្លាចក្រែង​អាជ្ញាធរ​ដកហូត​ដីចម្ការ​របស់​ពួកគាត់ ដើម្បី​វិនិយោគ​ឱ្យ​ជនជាតិ​ចិន ដោយ​គ្មាន​សំណង​ត្រឹមត្រូវ ហេតុ​នេះ​ទើប​ពួកគាត់​កំពុង​ពិចារណា​លក់​ដីចម្ការ​ទាំ​ង​បង្ខំចិត្ត។

លោក សៀន រ៉ន៖ «បារម្ភ​តែ​មិន​ដឹង​ថា ធ្វើ​ម៉េច​បើ​យើង​ថា មិន​លក់​ដី​ឱ្យ​គេ ពីរ ទៅ បី​ថ្ងៃ​គេ​មក​សួរ ខ្លាច​យើង​មិន​ព្រម​លក់ គេ​ហៅ​ទៅ​ប៉ុស្តិ៍ និង​ស្រុក​អី​ណា​ទៀត»។

អ្នកភូមិ​អះអាង​ថា ជនជាតិ​ចិន ដែល​អ្នក​មាន​អំណាច​កាង​នៅ​ពី​ក្រោយខ្នង បាន​ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​រួមមាន អេស្កាវទ័រ (Excavator) ម៉ាស៊ីន​ខូង​ដី និង​សម្ភារៈ​ជីក​រក​រ៉ែ​មាស​មួយ​ចំនួន​ទៀត ធ្វើ​សកម្មភាព​រុករក​រ៉ែ​ក្នុង​ដី ជាច្រើន​ទីតាំង ឋិត​ក្នុង​ឃុំ​អន្លង់ភេ និង​មាន​ផ្នែក​ខ្លះទៀត ឋិត​ក្នុង​ដី​ឃុំ​អន្លង់ជ្រៃ ក្បែរ​ដែន​ជម្រក​សត្វ​ព្រៃឡង់។

ពលរដ្ឋ​ម្នាក់​ទៀត លោក សៀក សៀន សង្កេត​ឃើញ​ថា អាជ្ញាធរ​លាក់បាំង​ព័ត៌មាន​ពី​បញ្ហា​នេះ ដោយ​មិនបាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​ទុក​ចិត្ត​អាជ្ញាធរ។

លោក​បារម្ភ​ថា រដូវភ្លៀង​ឈាន​ចូល​ដល់​សារធាតុ​គីមី នឹង​ហូរ​ចូល​ដីស្រែ​ចម្ការ របស់​ពលរដ្ឋ​កាន់តែ​ខ្លាំង ប៉ះពាល់​ដំណាំ​កសិកម្ម ហេតុ​នេះ​ហើយ ទើប​អ្នកភូមិ​ស្នើ​ឱ្យ​អាជ្ញាធរ​ផ្តល់​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់។

លោក សៀក សែន៖ «អ្នក​មក​ជីក​រ៉ែ វា​ប៉ះពាល់​លើ​ពលរដ្ឋ​ច្រើន​ដែរ ចង់​និយាយ​ថា មិនមែន​ទទួល​ការ​ខុសត្រូវ​ទេ ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិន​ឈឺឆ្អាល​ជាមួយ​ពលរដ្ឋ បើ​ប៉ះ​ដឹង​តែ​ទៅ​ហើយ​ពលរដ្ឋ​។ កសិករ​ធ្វើស្រែ​ចម្ការ ប៉ះពាល់​លើ​គាត់​មិនដឹង​គាត់​នៅ​ណា គាត់​សង្ឃឹមលើ​ដីស្រែ​ចម្ការ»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១៦ ឧសភា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។ រីឯ​អភិបាលរង​ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ុក ចាន់ថន ក៏​មិនទាន់​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

រីឯ​អភិបាលរង​ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ុក ចាន់ថន បាន​ប្រាប់​ក្រុម​ពលរដ្ឋ​កាលពី​អំឡុង​ខែមេសា​ថា ដីចម្ការ​ដែល​ពលរដ្ឋ​កំពុង​ដាំ​ដុះ​បច្ចុប្បន្ន រដ្ឋាភិបាល​មាន​គម្រោង​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន ជា​យូរ​មក​ហើយ ពោល​គឺ​មុន​ពេល​ដែល​ពលរដ្ឋ​មិនទាន់​ចូល​ទៅ​កាន់កាប់​ដី នៅ​តំបន់​នោះ​។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ស្ទឹងត្រែង លោក ចឹក ចិត្រា យល់​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង គួរតែ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ពី​គម្រោង​វិនិយោគ​រ៉ែ ក្នុង​តំបន់​នោះ ទៅ​ឱ្យ​ក្រុមហ៊ុន​ណាមួយ ចៀសវាង​លាក់បាំង​ព័ត៌មាន ធ្វើ​ឱ្យ​ពលរដ្ឋ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ដីធ្លី និង​ផល​ប៉ះពាល់​ដោយសារ​សារជាតិ​គីមី។

លោក ចឹក ចិត្រា៖ «រដ្ឋ​គួរ​យកចិត្តទុកដាក់ លើ​រឿង​ហ្នឹង ក្នុង​ការ​ដោះស្រាយ ដើម្បី​ច្បាស់លាស់ តើ​ក្រុមហ៊ុន​ហ្នឹង​ទទួល​បាន​សិទ្ធិ​ពេញលេញ ស្របច្បាប់​អត់​មិនមែន​យើង​ធ្វើ​ដោយ​លួចលាក់ ដោយ​មិន​មាន​ការប្រកាស ឬ​ប្រាប់​ដំណឹង​ទៅ​ពលរដ្ឋ តាមរយៈ​ការ​ចុះ​បញ្ជី​ត្រឹមត្រូវ»។

ក្រសួង​រ៉ែ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ឱ្យ​ដឹង​ថា ក្រសួង​នឹង​បញ្ចប់​សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់​បែប​អនាធិបតេយ្យ ហើយ​ជំរុញ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ស្របច្បាប់​ឡើងវិញ ដើម្បី​ទាញ​ចំណូល​ចូលជាតិ និង​ទប់ស្កាត់​ផល​ប៉ះពាល់​ដល់​បរិស្ថាន។

ក្រសួង​រក​ឃើញ​ថា អាជីវកម្ម​រ៉ែ​មាស​បាន​កើតមានឡើង​យ៉ាង​អនាធិបតេយ្យ និង​ប្រើប្រាស់​សារធាតុ​គីមី រំសេវ​ជាតិ​ផ្ទុះ និង​ជីក​អណ្តូង​ក្រោម​ដី​យ៉ាង​ជ្រៅ ដោយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ។

ទោះជា​យ៉ាងណា ពលរដ្ឋ​អះអាង​ថា សកម្មភាព​រុករក​រ៉ែ​អនាធិបតេយ្យ និង​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​នៅតែ​កើតមាន​ដដែល និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​ទាំងអស់​នេះ​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles