ពលរដ្ឋ៤០នាក់បន្តទាមទារឲ្យសាលាក្រុងភ្នំពេញពន្លឿនដំណោះស្រាយជម្លោះដីធ្លីជាមួយឧកញ៉ាឃុន ស៊ា

កម្ពុជា
16/05/2024 – 14:18
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ពលរដ្ឋប្រមាណ៤០នាក់បានប្រមូលផ្ដុំគ្នានៅមុខសាលាក្រុងភ្នំពេញដើម្បីឱ្យជួយពន្លឿនដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុន អេកូមេហ្គាប៉ូលីស ឌីវេឡុបមិន ដែលបានធ្វើប្លង់រឹងគ្របពីលើដីរបស់ពួកគេ។ តែសាលាក្រុងបានសុំពន្យារពេល២សប្ដាហ៍បន្ដទៀតដើម្បីដោះស្រាយ។ ចំណែកប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានអះអាងថា បញ្ហាដីធ្លីដែលអូសបន្លាយយូរនឹងនាំឱ្យមានបាតុភាពច្រើនកើតឡើង។

ពលរដ្ឋ៤០នាក់បន្តទាមទារឲ្យសាលាក្រុងភ្នំពេញពន្លឿនដំណោះស្រាយជម្លោះដីធ្លីជាមួយឧកញ៉ាឃុន ស៊ា


ការតវ៉ារបស់ពលរដ្ឋមានបញ្ហាដីធ្លីមកពីភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភានេះមិនត្រូវបានសាលាក្រុងភ្នំពេញអនុញ្ញាតឲ្យធ្វើនៅមុខសាលាក្រុងទេ និងបានហៅពួកគេឱ្យចូលទៅបរិវេណខាងក្នុងដើម្បីរង់ចាំជួបអភិបាលរងក្រុង។ តំណាងពលរដ្ឋម្នាក់ឈ្មោះ សឿន សុខុន បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ថា ជំនួបជាមួយរដ្ឋបាលក្រុងលើកនេះជាលើកទី២ ក្រោយពីបានជួបលើកទី១ កាលពីថ្ងៃទី២៣មីនា។ តែបន្ទាប់ពីបានរង់ចាំអស់ជាង ១ម៉ោង បែរជាសាលាក្រុងសុំពន្យារពេលបន្ថែមដល់ទៅ២សប្ដាហ៍ ដើម្បីដោះស្រាយទៅវិញ។ នេះបើតាមលោកសឿន សុខុន។

ការពន្យារពេលដោះស្រាយត្រូវបានសាលាក្រុងលើកហេតុផលពន្យល់ថា គឺជាប់មមាញឹករៀបចំការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុង ស្រុក ខណ្ឌ និងថា ភាគីក្រុមហ៊ុនក៏មិនបានចូលខ្លួនតាមការកោះហៅ។ តាមតំណាងពលរដ្ឋរូបនេះដដែល ពលរដ្ឋព្រមទទួលយកការសុំពន្យារពេលដោះស្រាយរបស់សាលាក្រុង ពីព្រោះសាលាក្រុងអះអាងថានឹងបញ្ជូនសំណុំរឿងនេះឡើងទៅក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ឲ្យជួយដោះស្រាយ ប្រសិនបើនៅ ២សប្តាហ៍ទៀត ភាគីក្រុមហ៊ុន អេកូមេហ្គាប៉ូលីស ឌីវេឡុបមិន នៅតែមិនចូលខ្លួនតាមការកោះហៅ។

គួរជម្រាបថា កាលពីថ្ងៃទី៣មករា ក្រុមហ៊ុនអេកូមេហ្គាប៉ូលីស ឌីវេឡុបមិន របស់ឧកញ៉ាឃុន ស៊ា បានដាក់ពាក្យបណ្ដឹងទប់ស្កាត់ទៅអាជ្ញាធរមិនឱ្យចេញប្លង់រឹងឱ្យប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹសចំនួន៥១ក្បាលដី។ ក្នុងបណ្តឹងទប់ស្កាត់ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមួយនេះបានបញ្ជាក់អំពីសិទ្ធិកាន់កាប់ដីទាំង៥១ក្បាលដីនោះតាំងតែពីថ្ងៃ១៧ មិថុនា ឆ្នាំ២០១៥មក។ តែប្រជាពលរដ្ឋតវ៉ាបានអះអាងត្រឡប់វិញថា ពួកគេមានប្លង់រឹងស្លាបមាន់ ប្លង់ផ្ទេរកម្មសិទ្ធិដែលទទួលស្គាល់ពីអភិបាលខណ្ឌដង្កោ និងមានបង់ពន្ធប្រថាប់ត្រាត្រឹមត្រូវតាមច្បាប់ដែលបានទិញ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលតាំងពីឆ្នាំ១៩៩៣ និងខ្លះនៅឆ្នាំ២០១៤។

ពលរដ្ឋ៤០នាក់បន្តទាមទារឲ្យសាលាក្រុងភ្នំពេញពន្លឿនដំណោះស្រាយជម្លោះដីធ្លីជាមួយឧកញ៉ាឃុន ស៊ា
ពលរដ្ឋ៤០នាក់បន្តទាមទារឲ្យសាលាក្រុងភ្នំពេញពន្លឿនដំណោះស្រាយជម្លោះដីធ្លីជាមួយឧកញ៉ាឃុន ស៊ា © សឿន សុខុន

ទោះយ៉ាងណា លោក អំ សំអាត ប្រធានអង្គការសិទ្ធិមនុស្សលីកាដូមើលឃើញថា បញ្ហាដីធ្លីដែលអូសបន្លាយយូរនឹងនាំឱ្យមានបាតុភាពច្រើន ដូចជាពលរដ្ឋខាតពេលវេលា ខាតការរកស៊ី ឬអាចឈានដល់កើតមានអំពើហិង្សា ឡើងតុលាការ ឈានដល់ការចាប់ខ្លួន និងការលាបពណ៌គ្នាក៏មាន។ ដោយឡែក បញ្ហាដីធ្លីនេះត្រូវបានអង្គការ Amnesty International ចេញផ្សាយរបាយការណ៍កាលពីដំណាច់ឆ្នាំ ២០២៣ ថា កម្ពុជាកំពុងខ្វះប្រព័ន្ធច្បាប់គ្រប់គ្រងសិទ្ធិដីធ្លីច្បាស់លាស់ ទោះបីជាប្រទេសនេះបានទទួលយករបបប្រជាធិបតេយ្យកាលពីជាង ៣០ឆ្នាំមុនក៏ដោយ៕

What Next?

Recent Articles