កម្ពុជា
17/05/2024 – 11:06
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានសម្តែងការគាំទ្រគោលបំណងរបស់កូរ៉េខាងត្បូងដែលចង់ឃើញឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លែអ៊ែរ។ ការបង្ហាញជំហរដូច្នេះរបស់កម្ពុជាធ្វើឡើង នៅខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង និងដោយបានជួបមេដឹកនាំកំពូលៗកូរ៉េខាងត្បូងជាច្រើននាក់។
កម្ពុជាគាំទ្រកូរ៉េខាងត្បូងដែលចង់ឃើញឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ
តាមរយៈសេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា និងកូរ៉េខាងត្បូង កម្ពុជាមានជំហរគាំទ្រលើគំនិតផ្ដួចផ្ដើមដ៏ក្លាហានរបស់ក្រុងសេអ៊ូលដែលចង់ឃើញឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ។ កម្ពុជាយល់ថា ជំហរគាំទ្ររបស់ខ្លួននេះ គឺជាការរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ នៅក្នុងន័យនេះ កម្ពុជាបានអំពាវនាវឱ្យកូរ៉េខាងជើងគោរពតាមសេចក្ដីសម្រចទាំងអស់របស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងត្រូវចូលរួមនៅគ្រប់កិច្ចសន្ទនាដើម្បីស្វែងរកសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ឧបទ្វីបកូរ៉េ។

គួរជម្រាបថា ស្ថានភាពនៅឧបទ្វីបកូរ៉េបានធ្លាក់ក្នុងស្ថានភាពតឹងតែងយោធាខ្លាំងមិនធ្លាប់មាន គិតចាប់ពីឆ្នាំ២០១០។ តាមការចុះផ្សាយរបស់កាសែតកូរ៉េខាងត្បូងឈ្មោះយ៉ុនហាប់ កាលពីដើមឆ្នាំ២០២៤ របបក្រុងព្យុងយ៉ាងបានធ្វើឱ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែតឹងតែងឡើងៗ។ លោកវណ្ណ ប៊ុនណាអ្នកសិក្សាស្រាវជ្រាវភូមិសាស្ត្រនយោបាយនៃវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាពបានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃសុក្រទី១៧ ឧសភានេះថា ការចូលរួមរបស់កម្ពុជាជាមួយកូរ៉េខាងត្បូងដើម្បីឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរគឺជាគោលនយោបាយសន្ដិវិធីរបស់កម្ពុជា។
លោកវណ្ណ ប៊ុនណាបានបន្ថែមថា ក្នុងនាមកម្ពុជាជាសមាជិកមួយនៅអង្គការសហប្រជាជាតិ កម្ពុជាត្រូវគោរពតាមការសម្រេចរបស់អង្គការសហប្រជាជាតិ និងថា នេះជាឆន្ទៈរបស់កម្ពុជាក្នុងការចូលរួមជួយដោះស្រាយគ្រប់វិបត្តិអន្ដរជាតិ។ តាមអ្នកសិក្សាស្រាវជ្រាវភូមិសាស្ត្រនយោបាយរូបនេះដដែល ការដែលកម្ពុជាបានចូលរួមគាំទ្រលើជំហររបស់កូរ៉េខាងត្បូងដែលចង់ឃើញឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរពេលនេះនឹងមិនបង្កផលប៉ះពាល់អ្វីដល់កម្ពុជាខ្លួនឯងទេ ព្រោះរឿងអាវុធនុយក្លេអ៊ែរជាក្តីកង្វល់របស់ពិភពលោក ពិសេសការសាយភាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕