2024.05.20
RFA

សាលាដំបូងរាជធានីភ្នំពេញ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២០ ខែឧសភា លើកពេលសវនាការជំនុំជម្រះក្តីលើបណ្តឹងប្រឆាំងនឹងពលរដ្ឋនៅតំបន់បឹងតាមោកចំនួន៦នាក់ ពាក់ព័ន្ធនឹងការការពារមិនឱ្យអាជ្ញាធររុះរើទ្វារផ្ទះរបស់ពលរដ្ឋ។
អាជ្ញាធរខណ្ឌព្រែកព្នៅបានប្តឹងពលរដ្ឋតំបន់បឹងតាមោកចំនួន ៦ នាក់ពី បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងស្ថានទម្ងន់ទោស នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈរួមមានលោកស្រី សឿន ស្រីសុទ្ធ លោកស្រី ប្រាក់ សុភា លោកស្រី គង់ តឿ និងពលរដ្ឋនៅបឹងតាមោក ៣នាក់ផ្សេងទៀត។
ការលើកពេលសវនាការជំនុំជម្រះនៅរសៀលថ្ងៃដដែលនេះ ដោយសារតែភាគីដើមបណ្ដឹង ដែលជាអាជ្ញាធរខណ្ឌព្រែកព្នៅ អវត្តមានក្នុងសវនាការ។
ពលរដ្ឋរស់នៅតំបន់បឹងតាមោក លោកស្រី សឿន ស្រីសុទ្ធ ប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី២០ ខែឧសភាថា លោកស្រីចាត់ទុកអវត្តមានរបស់ភាគីដើមបណ្ដឹងក្នុងសវនាការនេះ គឺជាការធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋរស់នៅតំបន់បឹងតាមោក។
លោកស្រី សឿន ស្រីសុទ្ធ៖ «គាត់អត់បានចូលរួមអីចឹងវាធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារខ្ញុំផង វាធ្វើឲ្យប៉ះពាល់ដល់ផ្នែកស្មារតីព្រោះមួយរយៈពេលហ្នឹងតាំងពីគេដាក់លិខិតរុះរើផ្ទះខ្ញុំផងខ្ញុំរងសម្ពាធផ្លូវចិត្តច្រើន ណាទទួលបានបណ្ដឹងតុលាការ ណាគេដាក់លិខិតឲ្យរុះរើផ្ទះទាំងដែលបង្ខំពួកខ្ញុំដោយមិនទាន់ដោះស្រាយឲ្យប្រជាពលរដ្ឋផងបែរជាដាក់លិខិតថា ផ្ទះខ្ញុំប៉ះពាល់ផ្លូវដែលគេសាងសង់ស្ពាន»។
នៅព្រឹកថ្ងៃដដែលនេះ ពលរដ្ឋរស់នៅបឹងតាមោក ចំនួន ៤នាក់ រួមមានលោកស្រី គង់ តឿ លោកស្រី យន គឹមយឿន លោកស្រី យន សម្បត្តិ និងលោកស្រី អំ ភឿន បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញមួយករណីផ្សេងទៀត ក្រោមបទចោទស្ថានទម្ងន់ទោស នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ តាមដីកាកោះហៅ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា។
ពលរដ្ឋនៅបឹងតាមោកលោកស្រី គង់ តឿ ឲ្យដឹងថា ចៅក្រមស៊ើបសួរបានសាកសួរលោកស្រីអំពីការប្រើប្រាស់អំពើហិង្សាលើអាជ្ញាធរ ប៉ុន្តែលោកស្រីបានបដិសេធការចោទប្រកាន់នោះ។
លោកស្រី គង់ តឿ៖ «គេបានសួរថា តើខ្ញុំនេះរារាំងអាជ្ញាធរ? ខ្ញុំថា ចា៎ខ្ញុំរារាំងអាជ្ញាធររុះរើរោងដែលខ្ញុំលក់ដូរ រោងដែលខ្ញុំសាងសង់ហ្នឹង គឺអាជ្ញាធរមកហ្នឹងខ្ញុំសំពះម្រាមដៃដប់កុំឲ្យអាជ្ញាធររុះរើរបស់ខ្ញុំព្រោះបឹងតាមោកមួយ ៣ពាន់ហិកតារជាងគាត់លុបបាត់ហើយ ពីមុនអាស្រ័យផលលើផ្ទៃបឹងតាមោកហ្នឹង ដល់ពេលគាត់លុបហើយគឺខ្ញុំសុំធ្វើរោងលក់ដូរនៅមុខផ្ទះរបស់កូនរបស់ខ្ញុំ»។
ការសាកសួរពលរដ្ឋនៅបឹងតាមោក ចំនួន៤នាក់បន្ថែមនេះ គឺបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរពលរដ្ឋបឹងតាមោក២នាក់ឪពុកកូនរួចហើយ កាលថ្ងៃទី១៧ ខែឧសភា ទាក់ទងនឹងការចោទប្រកាន់ដូចគ្នានេះ។
ជម្លោះដីធ្លីរ៉ាំរ៉ៃ របស់ពលរដ្ឋរស់នៅតំបន់បឹងតាមោក បានអូសបន្លាយពេលជិត៥ឆ្នាំមកហើយ ក្រោយពីអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រគល់ដីនៅតំបន់នោះ ឱ្យទៅអ្នកមានលុយមានអំណាចជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់ក្នុងគោលដៅផ្សេងៗគ្នា។ ចំណែកពលរដ្ឋត្រូវបានអាជ្ញាធរបណ្ដេញពីដីលំនៅឋានដោយបង្ខំ ហើយពលរដ្ឋខ្លះទៀតបានព្រាត់ប្រាសគ្រួសារ ដោយសារភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព និងពលរដ្ឋខ្លះទៀត ត្រូវជាប់ពាក្យបណ្ដឹងជាច្រើនករណី នៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។