សិប្បករ​ចម្លាក់​ថ្ម​នៅ​ស្រុក​សន្ទុក​តាំង​ចិត្ត​បន្ត​ឆ្លាក់​ថ្ម​ដោយ​ដៃ ដើម្បី​រក្សា​ក្បួន​ខ្នាត និង​រចនាបថ​ដូនតា

ដោយ មាន ឫទ្ធិ
2024.05.21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សិប្បករ​ចម្លាក់​ថ្ម​នៅ​ស្រុក​សន្ទុក​តាំង​ចិត្ត​បន្ត​ឆ្លាក់​ថ្ម​ដោយ​ដៃ ដើម្បី​រក្សា​ក្បួន​ខ្នាត និង​រចនាបថ​ដូនតា

ជាងចម្លាក់​ថ្ម​ម្នាក់​កំពុង​ខាត់​រូប​ព្រះពុទ្ធបដិមាករ នៅ​ក្នុង​សិប្បកម្មមួយកន្លែង ស្តិត​នៅ​ភូមិ​សំណាក់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ឧសភា ២០២៤។ រូប​៖ ពលរដ្ឋផ្ដល់ឱ្យ


ម្ចាស់​សិប្បកម្ម​ចម្លាក់​ថ្ម ក្នុង​ឃុំ​កកោះ ស្រុក​សន្ទុក លើក​ឡើង​ថា បើ​ទោះបីជា​ប្រឈម​នឹង​ការ​កុម្ម៉ង់​ទិញ​តិច​តួច​ក្ដី ក៏​ពួកគេ​នៅ​តែ​បន្ត​អាជីវកម្ម​ចម្លាក់​ថ្ម​ដោយដៃ ដើម្បី​អភិរក្ស​មរតក​វប្បធម៌​ដូនតា។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ដើម្បី​បង្កើន​ការងារ​ក្នុង​ស្រុក និង​ថែ​រក្សា​ក្បួន​ខ្នាត​ចម្លាក់​ថ្ម​ខ្មែរ រដ្ឋាភិបាល​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ជន​បរទេស ប្រកប​អាជីវកម្ម​ចម្លាក់​ថ្ម​នោះ​ឡើយ។

បើ​គេ​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុងស្ទឹងសែន នៃ​ខេត្តកំពង់ធំ សំដៅ​ទៅ​ក្រុងភ្នំពេញ តាម​ដង​ផ្លូវ​ជាតិ​លេខ៦ ប្រមាណ​១០គីឡូម៉ែត្រ អ្នក​ធ្វើ​ដំណើរ​នឹង​បាន​ឃើញ​រូប​ចម្លាក់​ពុទ្ធបដិមា និង​រូប​ចម្លាក់​ផលិត​ចេញ​ពី​ថ្មភក់ និង​ថ្មកែវ​ផ្សេងៗ​រាប់​ពាន់​រូប​ដាក់​តម្រៀប​លក់។ ក្រៅ​ពី​ឃើញ​មាន​ជាង​កំពុង​ឆាប ដាប់ ចម្លាក់​ថ្ម​ហើយ គេ​ក៏​ឧស្សាហ៍​ឃើញ​មាន​អតិថិជន​រក​ទិញ​រូប​ចម្លាក់​ថ្ម​បន្តបន្ទាប់​គ្នា​មិន​ដាច់​នោះ​ដែរ។

កំពុង​រំលីង​រូប​ចម្លាក់​ពុទ្ធបដិមា ម្ចាស់​សិប្បកម្ម​ចម្លាក់​ថ្ម​ម្នាក់ នៅ​ភូមិ​សំណាក់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ គឺលោក ឯម រីផុន ឆ្លៀត​ប្រាប់​វិទ្យុអាស៊ីសេរី​ថា ដោយសារ​តែ​មិន​សូវ​មាន​ការ​កុម្ម៉ង់​ទិញ គ្រួសារ​របស់​លោក​អាច​រក​ប្រាក់​ចំណូល​បាន​ត្រឹម​តែ​ប្រមាណ​៥០ភាគរយ​ប៉ុណ្ណោះ ប្រៀបធៀប​ជាមួយ​ការ​លក់​មុន​ពេល​បោះឆ្នោត​ឆ្នាំ២០២៣។ លោក​បន្ត​ថា បើ​ទោះបីជា​ប្រឈម​នឹង​ការ​បាត់បង់​ប្រាក់​ចំណូល​យ៉ាងណា​ក្ដី ក៏​លោក​នៅ​តែ​ចង់​បន្ត​អាជីវកម្ម​ចម្លាក់​ថ្ម ព្រោះ​លោក​យល់​ថា ការ​ឆ្លាក់​ថ្ម​តាម​ក្បួន​ខ្នាត​ខ្មែរ​ត្រឹមត្រូវ​ពី​ដូនតា មិន​ត្រឹមតែ​អាច​រក​ចំណូល​ដល់​គ្រួសារ​លោក​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ថែ​រក្សា​កេរ្តិ៍​ដំណែល​ពី​បុព្វបុរស​ខ្មែរ​ទៀត​ផង។

លោក ឯម រីផុន៖ «នៅ​ក្នុង​ទឹក​ដៃ​ផ្នែក​សិល្បៈ​នេះ ខ្ញុំ​ចង់​និយាយ​ថា យើង​ចង់​លើក​ស្ទួយ​វប្បធម៌​សិល្បៈ​យើង​ផង ដូចជា​ចម្លាក់​ហ្នឹង វប្បធម៌​ស្នាដៃ​ខ្មែរ​យើង ឱ្យ​មាន​តទៅ​ទៀត ព្រោះ​ថា​របស់​នេះ​យើង​អាច​ថែរក្សា គង់វង្ស​បាន​យូរ ថិតថេរ អាច​ទុក​ជា​វត្ថុ​បុរាណ​បាន»។

ក្រៅ​ពី​ផលិត​រូប​ចម្លាក់​បដិមា​ព្រះពុទ្ធ និង​រូប​បុព្វបុរស​ល្បីៗ​ដូចជា​ព្រះបាទជ័យវរ្ម័នទី៧ សម្ដេច​សង្ឃរាជ ជួន ណាត អ្នក​ភិរម្យ​ភាសា អ៊ុក អ៊ូ ហៅ ង៉ុយ រូប​ចម្លាក់​ក្បាច់​បុរាណ​ខ្មែរ និង​សត្វ​ផ្សេងៗ​ហើយ​នោះ ម្ចាស់​សិប្បកម្ម​ចម្លាក់​ថ្ម​នៅ​ភូមិ​កកោះ​អះអាង​ថា ពួកគាត់​ក៏​អាច​ឆ្លាក់​រូប​សំណាក​ផ្សេងៗ បាន​គ្រប់​ទម្រង់​តាម​តម្រូវ​ការ​របស់​អតិថិជន​ទៀត​ផង។

ក្រឡេក​មើល​ដំណើរ​ការ​ឆ្លាក់​ថ្ម​វិញ ម្ចាស់​សិប្បករ​ចម្លាក់​ថ្ម​ដែល​មាន​កូន​ជាង​ប្រមាណ​៣០នាក់ លោក អ៊ុន ធីន ថ្លែងថា ដើម្បី​អាច​ផលិត​បាន​ជា​ចម្លាក់​ថ្ម គេ​ត្រូវ​ឆ្លង​កាត់​ដំណាក់​ការ​កែច្នៃ​ថ្ម​ជា​៤ដំណាក់​កាល។ ដំណាក់​កាល​ទី១ ជាង​ឆ្លាក់​ត្រូវ​ច្រោះ​ថ្ម​កម្រោល​ឱ្យ​ចេញ​ជា​ជ្រុង តាម​រូប​រាង​ចម្លាក់​ដែល​ចង់​បាន ដោយ​រំលេច​ចេញ​ជា​ស្មា កន្លាក់ដៃ ជើង ផ្ទៃមុខ ជាដើម។ ដំណាក់​កាល​ទី២ ជាង​ត្រូវ​ពិនិត្យ​មើល​រូប​ចម្លាក់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត រួច​ទើប​លុប​ជ្រុង​ដែល​បាន​ឆ្លាក់​ជា​៦ជ្រុង ឱ្យ​ចេញ​ជា​រៀង​មូល។ ដំណាក់​កាល​ទី៣ ជាង​ឆ្លាក់​ត្រូវ​រំលីង បញ្ចេញ​ក្បាច់​ចម្លាក់ ផ្ទៃមុខ ឱ្យ​បាន​សម​រូប​សម​រាង និង​ដំណាក់កាល​ចុងក្រោយ គឺ​ជាង​ត្រូវ​ខាត់ កែ​កុន​ផ្ទៃ​មុខ និង​សម្អាត​រូប​ចម្លាក់​ឱ្យ​បាន​ស្អាត​ល្អ មុន​នឹង​ដាក់​លក់​នៅ​លើ​ទីផ្សារ។ លោក​បន្ត​ថា បើ​ទោះបីជា​ការ​ឆ្លាក់​បច្ចុប្បន្ន​មាន​ការ​ប្រើប្រាស់​ម៉ូទ័រ​ឆាប រំលីង និង​ខាត់​ក្ដី ក៏​ជាង​ចម្លាក់​នៅ​តែ​ត្រូវ​មាន​ចិត្ត​អំណត់​ខ្ពស់ ទ្រាំ​នឹង​ការ​ហុយ​ពី​កម្ទេច​ថ្ម ទើប​អាច​ផលិត​រូប​ចម្លាក់​ដែល​រស់​រវើក និង​រក្សា​ទម្រង់​ដើម​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ។

លោក អ៊ុន ធីន៖ «អ្នក​ដែល​គេ​ស្រលាញ់​ទឹក​ដៃ​ខ្មែរ ទឹក​ដៃ​បរទេស​គេ​បែង​ចែក​ច្បាស់​លាស់ គេ​បែងចែក​ដាច់​ពី​ការ​ធ្វើ​ដោយ​ដៃ ការ​ធ្វើ​ដោយ​ម៉ាស៊ីន អ៊ីចឹង​មាន​ភ្ញៀវ​មួយ​ចំនួន​គេ​លើក​តម្កើង​ទឹក​ដៃ​ខ្មែរ ដល់​ពេល​អ៊ីចឹង​ទោះបី​ចម្លាក់​ម៉ាស៊ីន​ស្អាត​ប៉ុណ្ណា ក៏​គេ​អត់​ចាប់​អារម្មណ៍​ដែរ»។

ម្ចាស់​សិប្បកម្ម​ចម្លាក់​ថ្ម​ម្នាក់​ទៀត ដែល​មាន​បទពិសោធន៍​ឆ្លាក់​ជិត​៣០ឆ្នាំ គឺ​លោក ទេព ធាន បញ្ជាក់​ថា កូន​ជាង​ដែល​ចាប់​ផ្ដើម​រៀន​ឆ្លាក់​ថ្ម​អាច​ទទួល​ប្រាក់​ខែ​ចាប់​ពី​៦០ម៉ឺនរៀល ទៅ​ដល់​៨០ម៉ឺន ខណៈ​ជាង​ដែល​មាន​ទឹក​ដៃ​ល្អ អាច​ទទួល​ប្រាក់​ឈ្នួល​រហូត​ដល់ ១០ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ទោះ​ជា​យ៉ាងណា លោក​អះអាង​ថា ដោយសារ​តែ​ការងារ​ឆ្លាក់​ថ្ម​លំបាក និង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ដូច្នេះ​មាន​សិស្ស​រៀន​ឆ្លាក់​ថ្ម​មិន​ដល់ ៥០ភាគរយ​នោះ​ទេ ដែល​អាច​បន្ត​ចាប់​អាជីព​ជា​ជាង​ចម្លាក់​ថ្ម​បាន។

លោក ទេព ធាន៖ «ជាង​ចម្លាក់​នេះ​លំបាក​មែនទែន បាន​ថា​លំបាក​មែនទែន ទីមួយ​ដូច​ថា យើង​ឆ្លាក់​អ៊ីចឹង យើង​ឆ្លាក់​ទៅ​ជួន​កាល​វា​ហុយ ធ្វើ​ទៅ​វា​ប៉ះពាល់​ដល់​សុខភាព​យើង ជួន​កាល​វា​ដាច់​ផ្លែ​ម៉ូទ័រ​ចំ​ជើង ចំ​ដៃ វា​មាន​គ្រោះថ្នាក់​ច្រើន​បើ​យើង​មិន​សូវ​ជា​ប្រយ័ត្ន»។

ខុស​ពី​ផលិតផល​សិល្បៈ​ទម្រង់​ផ្សេងៗ បើ​ទោះបីជា​ជាង​ចម្លាក់​ខ្មែរ​មាន​ទឹក​ដៃ​ល្អ និង​ផ្ចិតផ្ចង់​យ៉ាង​ណា​ក្ដី ក៏​ជាង​ចម្លាក់​ថ្ម​មិន​អាច​ឆ្លាក់​ផ្ទៃ​សាច់​ថ្ម​ឱ្យ​បាន​រលោង​ស្អាត ដូច​ផលិតផល​ចម្លាក់​ថ្ម ឆ្លាក់​តាម​ម៉ាស៊ីន​ប្រព័ន្ធ​កុំព្យូទ័រ​បាន​ដែរ។

ឆ្លាក់.jpg
ជាងចម្លាក់​ថ្ម​ម្នាក់​កំពុង​ឆ្លាក់​អក្សរ នៅ​ក្នុង​សិប្បកម្មមួយកន្លែង ស្តិត​នៅ​ភូមិ​សំណាក់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ឧសភា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ម្ចាស់​សិប្បករ​ចម្លាក់​ថ្ម​មួយ​ចំនួន​ព្រួយ​បារម្ភ​ថា ចម្លាក់​ថ្ម​ដោយ​ម៉ាស៊ីន​របស់​ក្រុមហ៊ុន​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន និង​វៀតណាម អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ចម្លាក់​ថ្ម​ខ្មែរ​ក្នុង​ពេល​អនាគត។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ជាវ​ចម្លាក់​ថ្ម មក​ពី​ស្រុក​ពួក ខេត្ត​សៀមរាប ដែល​មាន​អាយុ​ប្រមាណ​៧០ឆ្នាំ លោកស្រី ឯក សាលួន លើក​ឡើង​ថា មូលហេតុ​ដែល​លោក​ស្រី និង​ពុទ្ធបរិស័ទ​ផ្សេងៗ​នាំ​គ្នា​ទិញ​រូប​ចម្លាក់​ថ្ម នៅ​ភូមិ​សំណាក់ គឺ​ដោយសារ​តែ​រូប​ចម្លាក់​ដែល​ឆ្លាក់​ដោយ​ទឹក​ដៃ​ជាង​ខ្មែរ មាន​រូបរាង​សមសួន និង​រស់​រវើក​ទៅ​តាម​រចនាបថ​ខ្មែរ។

លោកស្រី ឯក សាលួន៖ «គុណភាព​គាត់​ល្អ​មែន ហើយ​តម្លៃ​គាត់​សមរម្យ​ដែល​យើង​អាច​ទទួល​យក​បាន ហើយ​មិន​មែន​តែ​តម្លៃ​សមរម្យ​ហើយ​របស់​អត់​ល្អ​ទេ របស់​គាត់​ល្អ»។

ជុំវិញ​រឿង​នេះ មេឃុំ​កកោះ ស្រុក​សន្ទុក លោក ចាប ធីន លើក​ឡើង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​សំណាក់​ប្រមាណ​៥០គ្រួសារ ប្រកប​មុខរបរ​សិប្បកម្ម​ចម្លាក់​ថ្ម ដោយ​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ប្រមាណ​២រយនាក់ មក​ពី​ភូមិ​ផ្សេងៗ​ក្នុង​ឃុំ​កកោះ។ លោក​អះអាង​ថា ចម្លាក់​ថ្ម​ភូមិ​សំណាក់ មិន​ត្រឹម​តែ​លក់​នៅ​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លក់​ទៅ​ក្រៅ​ប្រទេស ដូច​ជា​សហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី និង​ខ្មែរ​កម្ពុជា​ក្រោម​ផង​ដែរ។ លោក ចាប ធីន បន្ត​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ចម្លាក់​ថ្ម​ភូមិ​សំណាក់ ទទួល​បាន​ការ​គាំទ្រ​ច្រើន គឺ​ដោយសារ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ តែង​ដឹកនាំ​គ្រូ​ចម្លាក់​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ហៅ​សាលា​រចនា មក​បង្រៀន​អំពី​ក្បួន​ខ្នាត​នៃ​ការ​ឆ្លាក់​ថ្ម ដល់​ជាង​ចម្លាក់​ក្នុង​ភូមិ​សំណាក់​ដោយ​ផ្ទាល់ ជា​រៀង​រាល់​ឆ្នាំ។

លោក ចាប ធីន៖ «មន្ទីរ​វប្បធម៌​បាន​យក​គ្រូ​ជំនាញៗ​ពី​សាលា​វិចិត្រ​សិល្បៈ​មក​បង្រៀន​ដល់​ទី​កន្លែង​ផ្ទាល់ នៅ​ក្នុង​ភូមិ​សំណាក់​នេះ​ផ្ទាល់​តែ​ម្ដង​បាន​ច្រើន អ៊ីចឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ហ្នឹង​កាន់​តែ​មាន​ជំនាញ​គ្រប់​សព្វ​របស់​គាត់ ហើយ​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​នៃ​វប្បធម៌​របស់​ខ្មែរ​យើង​មិន​ឱ្យ​ខុស»។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា សិប្បកម្ម​ចម្លាក់​ថ្ម មិន​ត្រឹម​តែ​អាច​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​ថែម​ទាំង​ជួយ​អភិរក្ស​វប្បធម៌​ខ្មែរ ដែល​ជា​កេរមរតក​ពី​បុព្វបុរស​ខ្មែរ​បាន​ទៀត​ផង។

លោក យង់ គិមអេង៖ «ដែល​ទាក់ទង​ជាមួយ​តម្លៃ​វប្បធម៌​ហ្នឹង ជា​ទូទៅ​គេ​មិន​សូវ​ឱ្យ​បរទេស​មក​រកស៊ី​របរ​បែប​ហ្នឹង​ទេ ពី​ព្រោះ​អាច​ធ្វើ​ឱ្យ​បាត់បង់​នូវ​អត្តសញ្ញាណ​ដើម​ពិត​ប្រាកដ អាច​ធ្វើ​ឱ្យ​វា​ក្លាយ បាត់បង់​នូវ​តម្លៃ​ដើម​របស់​វា អ៊ីចឹង​បាន​ជា​ដូច​នៅ​ថៃ នៅ​អី បាន​គេ​មិន​ឱ្យ​បរទេស​រកស៊ី​បែប​ហ្នឹង​គឺ​ដោយសារ​គេ​បារម្ភ​អ៊ីចឹង​ដែរ»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​ទប់ស្កាត់​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​អាជីវកម្ម ទៅ​ដល់​ក្រុមហ៊ុន​បរទេស​ដែល​ប្រើ​ម៉ាស៊ីន​ឆ្លាក់​ថ្ម ព្រោះ​បើ​ទោះបីជា​ផលិតផល​ចម្លាក់​ថ្ម​ដោយ​ម៉ាស៊ីន​កុំព្យូទ័រ​ទាំង​នោះ ស្អាត​វិចិត្រ​យ៉ាង​ណា​ក្ដី ក៏​មិន​មាន​តម្លៃ​ជា​ស្នាដៃ​ខ្មែរ​នោះ​ឡើយ។ ម្ចាស់​សិប្បកម្ម​ចម្លាក់​ថ្ម បញ្ជាក់​គោល​ជំហរ​ថា ដើម្បី​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​មាន​មោទនភាព​ចំពោះ​ចម្លាក់​ខ្មែរ ដូច​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​មាន​មោទនភាព​ចំពោះ​ស្ថាបត្យកម្ម​បុព្វបុរស​ខ្មែរ​ពី​បុរាណ ពួកគេ​នឹង​នៅ​តែ​រក្សា​អាជីវកម្ម​ចម្លាក់​ថ្ម​ដោយ​ដៃ តាម​ក្បួន​ខ្នាត និង​រចនាបថ​ខ្មែរ​ឱ្យ​បាន​គង់​វង្ស ដោយ​មិន​ប្រើ​ម៉ាស៊ីន​កុំព្យូទ័រ​ឱ្យ​ឆ្លាក់​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles