ខេត្តព្រះសីហនុ៖ជនជាតិឥណ្ឌា៥៨នាក់ត្រូវបានរំដោះពីឧក្រិដ្ឋកម្មឆបោកអនឡាញ

កម្ពុជា
កម្ពុជា-ច្បាប់
22/05/2024 – 09:35
ដោយ៖ អោ ស្រីពេជ្រ
RFI

នៅថ្ងៃទី២០ឧសភា  កងកម្លាំងខេត្តព្រះសីហនុបានរំដោះជនជាតិឥណ្ឌាជិត ៦០នាក់ដែលជាជនរងគ្រោះក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញចេញពីបនល្បែងដ៏ធំមួយឈ្មោះ «ជីនប៉ៃ-៤»។ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានបញ្ជាក់ក្នុងថ្ងៃទី២១ ឧសភាថា ជនជាតិឥណ្ឌាទាំងនោះបានបញ្ជូនពីខេត្តព្រះសីហនុមកកាន់ក្រុងភ្នំពេញដើម្បីត្រៀមធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសឥណ្ឌាវិញ។ តាមតំណាងទូតឥណ្ឌា នៅមានពលរដ្ឋឥណាជាច្រើននាក់ទៀតកំពុងរងគ្រោះក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញក្នុងប្រទេសកម្ពុជា។

ខេត្តព្រះសីហនុ៖ជនជាតិឥណ្ឌា៥៨នាក់ត្រូវបានរំដោះពីឧក្រិដ្ឋកម្មឆបោកអនឡាញ


មានជនជាតិឥណ្ឌាចំនួន ៥៨នាក់ត្រូវបានរំដោះចេញពី «ជីនប៉ៃ-៤» ដែលជាបនល្បែងដ៏ធំមួយក្នុងខេត្តព្រះសីហនុកាលពីអធ្រាត្រយប់ថ្ងៃទី២០ឧសភា។ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២១  ឧសភាថា ជនជាតិឥណ្ឌាទាំងនោះជាជនរងគ្រោះក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញ និងថា ពួកគេបានបញ្ជូនពីខេត្តព្រះសីហនុមកកាន់ទីក្រុងភ្នំពេញហើយដើម្បីត្រៀមវិលត្រលប់ទៅប្រទេសឥណ្ឌាវិញ។ គិតត្រឹមថ្ងៃទី២២  ឧសភានេះ មានជនរងគ្រោះឧក្រិដ្ឋកម្មឆបោកអនឡាញជាជនជាតិឥណ្ឌាសរុបប្រមាណ ៣៦០នាក់ត្រូវបានសង្គ្រោះ និងបញ្ជូនទៅប្រទេសឥណ្ឌាវិញតាមរយៈកិច្ចអន្តរាគមន៍របស់សមត្ថកិច្ចកម្ពុជា។

តំណាងទូតឥណ្ឌានៅកម្ពុជាបានបញ្ជាក់ពីជំហរបន្តប្រតិបត្តិការសង្គ្រោះពលរដ្ឋខ្លួន ដោយសង្ស័យថា នៅមានពលរដ្ឋខ្លួនច្រើននាក់ទៀតកំពុងរងគ្រោះក្នុងសំណាញ់ឧក្រិដ្ឋកម្មឆបោកអនឡាញក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Khobragade) ទើបទៅជួបលោកស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីស្នើសុំបន្តកិច្ចសហប្រតិបត្តិការលើបញ្ហានេះ និងថា ប៉ូលិសកម្ពុជាក៏មានសមានចិត្តគាំទ្រពេញទំហឹងដែរ។ នេះបើតាមស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។

ខេត្តព្រះសីហនុ៖ជនជាតិឥណ្ឌា៥៨នាក់ត្រូវបានរំដោះពីឧក្រិដ្ឋកម្មឆបោកអនឡាញ
ខេត្តព្រះសីហនុ៖ជនជាតិឥណ្ឌា៥៨នាក់ត្រូវបានរំដោះពីឧក្រិដ្ឋកម្មឆបោកអនឡាញ © ប្រភព

គួរដឹងថា ក្រសួងការបរទេសឥណ្ឌាបានចេញសេចក្តីណែនាំបន្តបន្ទាប់ប្រាប់ពលរដ្ឋខ្លួនឱ្យ​មានការប្រុងប្រយ័ត្នចំពោះករណីមករកការងារធ្វើនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍  ក្នុងនោះក៏មានកម្ពុជាមួយដែរ។ តាមក្រសួងការបរទេសឥណ្ឌា បច្ចុប្បន្ននេះ មានជនឆបោកជាច្រើនកំពុងលួងលោមឱ្យពលរដ្ឋឥណ្ឌាមកធ្វើការនៅកម្ពុជាដែលអាចធ្លាក់ក្នុងករណីឆបោកតាមប្រព័ន្ធអនឡាញ។ ជាការឆ្លើយតប កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅប៉ុន្មានថ្ងៃមុនថា ក្រសួងការបរទេសកម្ពុជាបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រសួងការបរទេសរបស់បណ្តាប្រទេសពាក់ព័ន្ធ  និងស្ថានទូតរបស់គេក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ៕

What Next?

Recent Articles