អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ស្ទឹងត្រែង​ទទួល​ស្គាល់​ថា មាន​បទល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍

ដោយ ប្រាជ្ញ ចេវ
2024.05.22
RFA

អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ស្ទឹងត្រែង​ទទួល​ស្គាល់​ថា មាន​បទល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍

បទល្មើសព្រៃឈើនៅសហគមន៍​ព្រៃ​ជម្រក​សត្វ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ប្រធាន​សហគមន៍​ព្រៃ​ជម្រក​សត្វ និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍​ព្រៃ​ជម្រក​សត្វ​ប្រាកដ​មែន ហើយ​សហគមន៍​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទាំង​នោះ​ហើយ។ មន្ត្រី​សង្គម​ស៊ីវិល​សាទរ និង​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទៅ​លើ​ជនល្មើស។

ក្រោយ​ពី​ផ្សព្វផ្សាយ​ព័ត៌មាន​បទល្មើស​ព្រៃឈើ​កើត​មាន​នៅ​ក្នុង​ព្រៃ​សហគមន៍​ព្រៃ​ជម្រក​សត្វ ប្រធាន​សហគមន៍​ព្រៃ​ជម្រក​សត្វ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទល្មើស​ព្រៃ​ឈើ និង​ការ​រំលោភបំពាន​ពី​សំណាក់​ក្រុមហ៊ុន លីម វត្តី ប៉ុន្តែ​បដិសេធ​ថា ពួកគេ​មិន​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​សមាជិក​សហគមន៍​នោះ​ទេ។

ប្រធាន​សហគមន៍​ព្រៃ​ជម្រក​សត្វ លោក ម៉ឹង រដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅថ្ងៃទី២១ ខែ​ឧសភា​ថា នៅ​ក្នុង​ព្រៃ​សហគមន៍​ព្រៃ​ជម្រក​សត្វ​ពិត​ជា​មាន​បទល្មើស​ព្រៃឈើ និង​មាន​ការ​ឈូស​ឆាយ​រំលោភបំពាន​ពី​សំណាក់​ក្រុមហ៊ុន លីម វត្តីមែន ប៉ុន្តែ​លោក និង​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ជួយ​ទប់ស្កាត់​បទល្មើស​ទាំង​អស់​នោះ​ហើយ ចំណែក​អាជ្ញាធរ​ខេត្ត​ក៏​បាន​ឲ្យ​ក្រុម​ហ៊ុន លីម វត្តី ផ្អាក​សកម្មភាព ដោយ​រង់​ចាំ​ដំណោះស្រាយ​និង​ត្រូវ​មាន​ឯកសារ​ស្របច្បាប់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​មុន​សិន។ លោក​អំពាវនាវ​ឲ្យ អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​ជួយ​ពន្លឿន​រក​ដំណោះស្រាយ និង​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ កាប់​ឈើ​ធ្វើអាជីវកម្ម និង​ឈប់​ឈូស​ឆាយ​រំលោភបំពាន​លើ​ដី​ព្រៃ​សហគមន៍​ត​ទៅ​ទៀត។

លោក ម៉ឹង រដ្ឋា៖ «ចង់​ផ្ដាំ​ឲ្យ​អាជ្ញាធរ​អ្នក​ពាក់ព័ន្ធ​ដូចជា​មន្ទីរ​ជំនាញ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា។ ខ្ញុំ​សុំ​អំពាវនាវ អ្នក​ដែល​មាន​បំណង​ចង់​ធ្វើការ​រុករាន​ឬ​ក៏​កាប់​ព្រៃឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍​ក៏​សុំ​ធ្វើការ​បញ្ឈប់​ទៅ​ពីព្រោះ​ថា ព្រៃ​សហគមន៍​ជា​ព្រៃ​មួយ​ដែល​ប្រជាពលរដ្ឋ​គាត់​អាស្រ័យផល»។

មេ​ឃុំ​សំអាង លោក គាំ សារាំ ឲ្យ​ដឹង​ថា លោក​បាន​ឲ្យ​ប្រធាន​សហគមន៍​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ថ្នាក់​ខេត្ត​និង​មន្ត្រី​ជំនាញ ដើម្បី​ឲ្យ​ពួក​គេ​ចុះ​ជួយ​ទប់ស្កាត់​ជា​បន្ទាន់ ប៉ុន្តែ​ចំណាត់​ការ​យ៉ាង​ណា​នោះ លោក​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

លោក គាំ សារាំ៖ «តាម​សហគមន៍​រាយការណ៍​ឲ្យ​ខ្ញុំ​ឮ​ថា​កាប់​ឈើ និង​កាយ​ព្រំប្រទល់ ខ្ញុំ​មិន​ទាន់​មាន​ចំណាត់​ការ​ទេ ប៉ុន្តែ​ខ្ញុំ​ឲ្យ​សហគមន៍​រាយការណ៍​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ដើម្បី​ទប់ទល់ កាប់​ឈើ​នៅ​តែ​កាប់​ឈើ»។

ពលរដ្ឋ​នៅ​ឃុំ​សំអាង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ឲ្យ​ដឹង​ថា ពួកគេ​សាទរ​នៅ​ពេល​ឮ​ថា​អាជ្ញាធរ​ចុះ​ទប់ស្កាត់​និង​មាន​វិធានការ​ទៅ​លើ​ជនល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ ប៉ុន្តែ​ពួកគេ​ថា​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ចុះ​ទប់ស្កាត់​ឡើយ។

ជុំ​វិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយក​ផ្នែក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ស្រុក​ថាឡាបរិវ៉ាត់ លោក ហ៊ុន សំអឿន និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា។ ចំណែក​ក្រុមហ៊ុន​ថ្មម៉ាប លីមវត្តី ក៏​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក​មន្ត្រី​សម្រប​សម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ ហើយ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​សិក្សាស្រាវជ្រាវ​ស្វែង​រក​អ្នក​ដែល​ជាប់ពាក់ព័ន្ធ​និង​អ្នក​ប្រព្រឹត្ត​យក​មក​អនុវត្ត​ច្បាប់ ដើម្បី​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ការពារ​ធនធាន​ធម្មជាតិ​របស់​អាជ្ញាធរ។

លោក អូត ឡាទីន៖ «ខ្ញុំ​នៅ​តែ​ស្នើ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ធ្វើ​យ៉ាង​ណា​វែក​មុខ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​រុករាន​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​សហគមន៍​ដើម្បី​យក​មក​ផ្ដន្ទាទោស​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ភាព​រាងចាល ត្រូវ​អនុវត្ត​ឲ្យ​ល្អ​បំផុត​អនុវត្ត​ឲ្យ​មាន​ភាព​យុត្តិធម៌»។

ព្រៃ​សហគមន៍​ព្រៃ​ជម្រក​សត្វ មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ឈ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ។ ព្រៃ​សហគមន៍​មួយ​នេះ មាន​ផ្ទៃ​ដី​ជាង​៤ពាន់(៤១៥៣)ហិកតារ​សម្បូរ​ទៅ​ដោយ ជីវចម្រុះ និង​ដើម​ឈើ​គ្រប់​ប្រភេទ មាន​ដូច​ជា ដួងចែម កកោះ ផ្ចឹក ផ្ដៀក ស្រឡៅ ឈ្លិក និង​ដើមឈើ​ទាល​ឬ​ហៅ​ដើម​ជ័រ​ច្បោះ ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles