លោក សម រង្ស៊ី៖ ព្រែកជីកហ្វូណនមិនមែនជាប្រយោជន៍ខ្មែរ តែជាប្រយោជន៍ចិន

កម្ពុជា
កម្ពុជា-នយោបាយ
24/05/2024 – 10:26
ដោយ៖ អោ ស្រីពេជ្រ
RFI

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបន្តទាមទារឱ្យរដ្ឋាភិបាលពន្យារពេលសាងសង់គម្រោងព្រែកជីកហ្វូណនរហូតដល់មានការត្រួតពិនិត្យ និងវាយតម្លៃគ្រប់ជ្រុងជ្រោយ។ ការទាមទារដូចនេះត្រូវបានលោក សម រង្ស៊ី ពន្យល់ហេតុផលថា គម្រោងព្រែកជីកមួយនេះហុចផលឱ្យប្រទេសចិនច្រើនជាងប្រទេសខ្មែរដែលជាម្ចាស់។ នេះបើតាមអត្ថបទទស្សនៈលោក សម រង្ស៊ី ដែលចុះផ្សាយនៅក្នុងកាសែតជប៉ុន Nikkei Asia នាថ្ងៃទី២៣ ឧសភា និងបន្តសរសេរថា គម្រោងនេះក៏នឹងធ្វើឱ្យកម្ពុជាជាប់អន្ទាក់សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយចិន។

លោក សម រង្ស៊ី៖ ព្រែកជីកហ្វូណនមិនមែនជាប្រយោជន៍ខ្មែរ តែជាប្រយោជន៍ចិន


លោក សម រង្ស៊ី នៅតែបន្តនិយាយរិះគន់គម្រោងព្រែកជីកហ្វូណនរបស់រដ្ឋាភិបាលកម្ពុជាដោយបរិហារថា គម្រោងព្រែកជីកមួយនេះមិនមែនជាប្រយោជន៍ខ្មែរ តែជាប្រយោជន៍ចិន។ នេះបើតាមអត្ថបទបញ្ចេញទស្សនៈរបស់លោក សម រង្ស៊ី ដែលចុះផ្សាយក្នុងកាសែតជប៉ុន Nikkei Asia នៅថ្ងៃទី២៣ ឧសភា។ លោក សម រង្ស៊ី មើលឃើញថា គម្រោងព្រែកជីកនេះនឹងបម្រើប្រយោជន៍ចិនក្នុងការពង្រឹងឥទ្ធិពលខ្លួនទៅដល់ឈូងសមុទ្រថៃដោយឆ្លងកាត់ឡាវ និងកម្ពុជា ហើយថា គម្រោងព្រែកជីកដដែលមួយនេះក៏នឹងជួយសម្រួលវត្តមានយោធាចិនចូលជ្រៅទៅក្នុងទឹកដីកម្ពុជាក្បែរតំបន់ជិតព្រំដែនជាមួយវៀតណាមដែរ។

លើសពីនេះ និងបើតាមប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះដដែល ព្រែកជីកហ្វូណននឹងបម្រើសេដ្ឋកិច្ចចិន ព្រោះព្រែកជីកមួយនេះជាប្រភេទគម្រោងវិនិយោគម៉ូឌែល BOT ដែលបើកផ្លូវឱ្យក្រុមហ៊ុនឯកជនចិនចាយលើការសាងសង់ទាំងស្រុងដោយបន្តគ្រប់គ្រងរយៈពេលដល់ទៅ ៥០ឆ្នាំ។ ដូច្នេះសម្រាប់លោកសម រង្ស៊ី កម្ពុជាត្រូវពន្យារពេលសាងសង់ព្រែកជីកហ្វូណននេះរហូតដល់មានការត្រួតពិនិត្យ និងវាយតម្លៃគ្រប់ជ្រុងជ្រោយ។ គួរជ្រាបថា គម្រោងព្រែកជីកប្រវែង១៨០គីឡូម៉ែត្រមួយនេះបានបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើន ក្នុងនោះ មានទាំងរវាងខ្មែរ និងខ្មែរគ្នាឯង និងរវាងខ្មែរ និងបណ្តាប្រទេសសមាជិកគណៈកម្មាធិការទន្លេមេគង្គ ពិសេសប្រទេសវៀតណាមដែលយល់ថា គម្រោងព្រែកជីកនេះបង្កផលប៉ះពាល់ដល់លំហូរទឹកនៃទន្លេមេគង្គ និងការហូរទឹកប្រៃពីសមុទ្រចូលទន្លេដែលអាចជះផលអវិជ្ជមានខ្លាំងដល់ជីវិតរស់នៅរបស់ពលរដ្ឋតាមដីសណ្តទន្លេ និងប្រព័ន្ធអេកូឡូស៊ីជាដើម។

លោកសម រង្ស៊ី៖ព្រែកជីកហ្វូណនមិនមែនជាប្រយោជន៍ខ្មែរ តែជាប្រយោជន៍ចិន
លោក សម រង្ស៊ី៖ ព្រែកជីកហ្វូណនមិនមែនជាប្រយោជន៍ខ្មែរ តែជាប្រយោជន៍ចិន © ប្រភព

តែនៅចំពោះមុខសន្និសីទ ស្តីពី «អនាគតរបស់អាស៊ី» នៅក្នុងប្រទេសជប៉ុននាថ្ងៃទី២៣ឧសភា លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនខ្វាយខ្វល់នឹងភាពចម្រូងចម្រាស់ និងក្តីបារម្ភដែលគ្មានមូលដ្ឋានទាំងនោះឡើយ។ លោក ស៊ុន ចាន់ថុល បានអះអាងថា ទឹកសាបដែលហូរចូលសមុទ្រតាមព្រែកជីកថ្មីរបស់កម្ពុជានេះមានកម្រិតត្រឹម ០.០៥ភាគរយប៉ុណ្ណោះ។ បើតាមមន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះដដែល ព្រែកជីកហ្វូណននឹងផ្តល់អត្ថប្រយោជន៍ដល់សកលលោកទាំងមូលព្រោះវានឹងចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសដោយសារចម្ងាយខ្លី និងការធ្វើនាវាចរណ៍ប្រើពេលតិចជាងមុន៕

What Next?

Recent Articles