កម្ពុជា
24/05/2024 – 14:22
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
រដ្ឋាភិបាលវៀតណាមមិនគាំទ្រទាល់តែសោះចំពោះមតិញុះញង់ទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងវៀតណាមនិងកម្ពុជា។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមនៅចំពោះមុខសន្និសីតកាសែតមួយកាលពីថ្ងៃទី២៣ឧសភាម្សិលមិញ និងដោយអះអាងថា ការជេរប្រមាថលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាតាមបណ្តាញសង្គមដោយគណនីវៀតណាមនាពេលថ្មីៗនេះ គឺជាទស្សនៈបុគ្គល ពោលគឺមិនតំណាងឱ្យទស្សនៈរដ្ឋាភិបាលនិងប្រជាជនវៀតណាមឡើយ។
វៀតណាម៖ ការជេរប្រមាថលោក ហ៊ុន សែន តាមបណ្តាញសង្គមគឺជាទស្សនៈបុគ្គល © ក្រសួងការបរទេសវៀតណាម
រដ្ឋាភិបាលវៀតណាមមិនគាំទ្រទាល់តែសោះចំពោះមតិញុះញង់ទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងវៀតណាមនិងកម្ពុជា និងថាវៀតណាមក៏មិនឯកភាពឱ្យមានការរិះគន់និងជេរប្រមាថមេដឹកនាំកម្ពុជាដែលជាមិត្តនោះដែរ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hằng បានអះអាងយ៉ាងដូច្នេះនៅក្នុងសន្និសីតកាសែតនៅថ្ងៃទី២៣ឧសភា នៅខណៈវៀតណាមនិងកម្ពុជាកំពុងតាមវែកមុខអ្នកជេរប្រមាថលោកហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា តាមបណ្តាញសង្គមថ្មីៗនេះ។
ចំពោះក្រសួងការបរទេសវៀតណាម បើទោះបីជនទាំងនោះជាពលរដ្ឋវៀតណាមមែន តែវាមិនតំណាងឱ្យទស្សនៈរដ្ឋាភិបាលវៀតណាម និងប្រជាជនវៀតណាមនោះឡើយ ពោលវាគ្រាន់តែជាទស្សនៈបុគ្គលប៉ុណ្ណោះ។ លោកស្រី Pham Thu Hằng បានបញ្ជាក់ជាថ្មីអំពីជំហររក្សាមិត្តភាពនិងបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាគ្រប់ផ្នែកទាំងអស់។ តែលោកស្រីអ្នកនាំពាក្យមិនបានបញ្ជាក់ដំណើរការនៃប្រតិបត្តិការតាមស្រាវជ្រាវកំណត់មុខអ្នកជេរប្រមាថលោកហ៊ុន សែននៅឡើយទេ។

គួរជម្រាបថា មានគណនីតីកតុកវៀតណាមជាច្រើនបានចូលទៅជេរលោក ហ៊ុន សែន ក្រោយលោកហ៊ុន សែននិយាយពីរឿងព្រែកជីកហ្វូណន។ ភ្លាមៗនោះ តំណាងទូតវៀតណាមប្រចាំនៅកម្ពុជាត្រូវកោះហៅឱ្យផ្តល់កិច្ចសហការស្រាវជ្រាវនិងកំណត់សមាសភាព អត្តសញ្ញាណអ្នកជេរប្រមាថលោកហ៊ុន សែនទាំងនោះ។ លោកហ៊ុន សែនធ្លាប់បញ្ជាក់ថា លោកមិនបានចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថាជាអ្នកប្រើប្រាស់ជនទាំងនោះឱ្យចូលទៅជេររូបលោកទេ។ អ្វីដែលលោកហ៊ុន សែនចង់បានគឺ ការស្រាវជ្រាវដើម្បីជៀសវាងជនឱកាសនិយមបំបែកបំបាក់មិត្តភាពកម្ពុជា-វៀតណាម៕