ដោយ ទីន ហ្សាការីយ៉ា
2024.05.24
RFA
ឧកញ៉ា និងមន្ត្រីមួយចំនួនដែលមានប្រវត្តិជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ រំលោភសិទ្ធិមនុស្ស និងបំផ្លាញធនធានធម្មជាតិ បានបរិច្ចាគថវិកាទៅកាកបាទក្រហមកម្ពុជាក្នុងឆ្នាំ២០២៤។ អ្នកវិភាគយល់ថាប្រសិនបើលុយកាកបាទក្រហមទទួលបានជាលុយកង្វក់ ឬបានមកពីអំពើពុករលួយជាដើម វានឹងនាំឱ្យស្ថាប័នកាកបាទក្រហមកម្ពុជាបាត់បង់គុណតម្លៃមនុស្សធម៌។
ឧកញ៉ា និងមន្ត្រីមួយចំនួន ដែលមានប្រវត្តិជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ រំលោភសិទ្ធិមនុស្ស និងបំផ្លាញធនធានធម្មជាតិរួមមានតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច លោក ជាម យៀប អ្នកឧញ៉ា គិត ម៉េង និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ជាដើម បានបរិច្ចាគថវិកាចាប់ពី១ពាន់ដុល្លាររហូតដល់មួយលានដុល្លារអាមេរិកទៅកាកបាទក្រហមកម្ពុជានៅដើមឆ្នាំនេះ។
អនុប្រធានទី១ រដ្ឋសភា លោក ជាម យៀប និងប្រពន្ធរបស់លោក គឺអ្នកស្រី ហាក់ ជូ បានផ្ដល់ថវិកាចំនួន ១២លានរៀល ឬជាង ១ពាន់ដុល្លារដល់កាកបាទក្រហមកម្ពុជា។ កាលពីឆ្នាំ២០១៣ រថយន្តរបស់អនុប្រធានទី១ រដ្ឋសភា លោក ជាម យៀប បានបុកម៉ូតូមួយគ្រឿងនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឱ្យបុរសជាប្ដីរងរបួសធ្ងន់ និងប្រពន្ធ ដែលមានផ្ទៃពោះ ២ខែស្លាប់។
ចំណែកប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង និងប្រពន្ធរបស់លោក គឺអ្នកស្រី ម៉ៅ ចំណាន បានផ្ដល់ថវិកាចំនួនពីរដងដោយលើកទី១ មានចំនួន ៣ម៉ឺនដុល្លារ និងលើកទីពីរចំនួនជិតមួយលានដុល្លារ (៩៩៩.៩៩៩ដុល្លារ)។ លោក គិត ម៉េង គឺជាមនុស្សជិតស្និតនឹងក្រុមគ្រួសារត្រកូល ហ៊ុន ហើយថ្មីៗនេះ លោក គិត ម៉េង តែងអមដំណើរជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស។
លោក គិត ម៉េង ក៏ជាបុគ្គលមួយរូប ដែលបំផ្លាញធនធានធម្មជាតិ តាមរយៈការទទួលបានដីរដ្ឋមកអភិវឌ្ឍ។ លោក គិត ម៉េង ទទួលបានដីរដ្ឋរួមមានបឹងតាមោក កោះរ៉ុងសន្លឹម និងទទួលបានដីនៅឧទ្យានជាតិបុទុមសាគរចំនួនពីរដងជាដើមក្នុងទំហំជិត ១ម៉ឺន (៩,៩៦៨)ហិកតារក្នុងឆ្នាំ២០២៣ និងទំហំជាង ៨ពាន់ (៨,៦៣១)ហិកតារ កាលពីឆ្នាំ២០២១។ ក្រោយពីទទួលបានដី លោក គិត ម៉េង បានបញ្ជាឱ្យកម្មករឈូសឆាយព្រៃឈើឱ្យរាបដល់ដី។
ចំណែកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន និងប្រពន្ធរបស់លោក គឺអ្នកស្រី អ៊ឹម ប៉ូលីកា ក៏បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារចូលរួមជាមួយកាកក្រហមកម្ពុជាដែរ។ លោកធ្លាប់លួចលាក់ទៅទិញសញ្ជាតិ និងប្រមូលទ្រព្យសម្បត្តិទៅលាក់ទុកនៅប្រទេសស៊ីប (Cyprius)។
កាលឆ្នាំ២០១៤ អ្នកស្រី អ៊ឹម ប៉ូលីកា ត្រូវបានគេរកឃើញថា បានចំណាយលុយ ២.១លានដុល្លារ អូស្ត្រាលី ស្មើនឹង ១.៥លានដុល្លារអាមេរិក ទិញផ្ទះល្វែង (Apartment) មួយក្នុងតំបន់ វ័ន សេនត្រល ផាក (One Central Park) នៅក្នុងទីក្រុងស៊ីដនី (Sydney) ផងដែរ។ បើគិតតាមប្រាក់ខែឧបនាយករដ្ឋមន្ត្រីមិនដល់ ៣លានរៀលនោះ បានធ្វើឱ្យគេមានចម្ងល់ថា តើក្រុមគ្រួសារ លោក អូន ព័ន្ធមុនីរ័ត្ន អាចមានលទ្ធភាពជះលុយទិញសញ្ជាតិ និងផ្ទះនៅក្រៅប្រទេសតាមរបៀបណា។
អ្នកស្រី អ៊ឹម ប៉ូលីកា ដែលជាម្ចាស់ក្រុមហ៊ុនវ័នប្រូស្ពើរិធី (One Prosperity) បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋក្នុងទំហំផ្ទៃដី ៧០ហិកតា ក្នុងដែនជម្រកសត្វព្រៃកែវសីមា កាលពីឆ្នាំ២០២២ ផងដែរ។
ក្រៅពីនេះបុគ្គលខាងលើនេះ មានបុគ្គលផ្សេងទៀត ដែលរងការរិះគន់ ដូចជា តារាចម្រៀងលោក ព្រាប សុវត្តិ ដែលធ្លាប់ទទួលបានដីពីបឹងតាមោកបានបរិច្ចាគទឹកប្រាក់ ៥ពាន់ដុល្លារ។ អ្នកឧកញ៉ា ហេង សៀ ដែលត្រូវបានលោក ហ៊ុន សែន លើកឡើងថា បានរំលោភបំពានទៅលើពិធីការិនី MyTV ក៏បានបរិច្ចាគទឹកប្រាក់ក្នុងចំនួន ៣ពាន់ដុល្លារដែរ។
ទន្ទឹមនឹងនេះ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Hout Group) ធ្វើជាកម្មសិទ្ធិ ដែលធ្លាប់ទទួលបានដីរដ្ឋនៅបឹងជើងឯក ក៏បានបរិច្ចាគចំនួន ១ម៉ឺនដុល្លារដែរ។ ប្រធានសមាគមឧកញ៉ាកម្ពុជា លោក លី យ៉ុងផាត់ ដែលរងការរិះគន់ថាបានបណ្ដេញពលរដ្ឋចេញពីលំនៅឋាននៅខេត្តកំពង់ស្ពឺ និងខេត្តផ្សេងទៀតឥតមេត្តានោះ ក៏បរិច្ចាគថវិកាកាកបាទក្រហម ចំនួន ៥០ម៉ឺនដុល្លារ។
ចំណែកលោក ឡេង ណាវ៉ាត្រា ដែលក្រុមហ៊ុនលោកនៅមិនទាន់អាចប្រគល់ផ្ទះដល់អតិថិជនបានផងនោះ ក៏បានបរិច្ចាគប្រាក់ចំនួន ១ម៉ឺនដុល្លារ។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ពុង ឃាវសែ ដែលរងការរិះគន់ពីការចាក់ដីចូលទន្លេនៅតំបន់កោះនរា ក៏បរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារ។
លើសពីនេះឧកញ៉ាមួយរូបទៀត ដែលល្បីខាងបំផ្លាញព្រៃឈើ និងបរិស្ថាន លោក ទ្រី ភាព ដែលជាបេសកជនពិសេសរបស់លោក ហ៊ុន សែន ផងនោះ ក៏បានបរិច្ចាគលុយជូនកាកបាទក្រហមកម្ពុជាចំនួន ៣០ម៉ឺនដុល្លារដែរ។
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា អ្នកស្រី ពុំ ចន្ទីនី និង អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា អ្នកស្រី មែន នារីសោភ័គ ដើម្បីសុំសួរបញ្ហានេះ ប៉ុន្តែអ្នកទាំងពីរបានបដិសេធឆ្លើយសំណួររបស់វិទ្យុអាស៊ីសេរីនោះទេ កាលថ្ងៃទី១៩ ខែឧសភា។
គិតត្រឹមថ្ងៃទី១៧ ខែឧសភា បុគ្គលមកពីក្រសួងស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋទូទៅ បានចូលរួមបរិច្ចាគជាង ១១លាន (១១.២) ដុល្លារដុល្លារ និងសម្ភារៈផ្សេងៗ ទៀត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់កាកបាទក្រហមកម្ពុជាកាលពីថ្ងៃទី២១ ខែឧសភា។
អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម បណ្ឌិត មាស នី មានប្រសាសន៍ថា នៅពេលដែលបុគ្គល ឬក្រុមណាម្នាក់បានបរិច្ចាគទៅកាន់កាកបាទក្រហមកម្ពុជា គឺជាសកម្មភាពមនុស្សធម៌ជួយដល់សង្គម។ ប៉ុន្តែ បណ្ឌិត មាស នី ចាត់ទុកថា ប្រសិនបើលុយមកពីក្រុមបុគ្គល ឬស្ថាប័នទាំងនោះជាលុយកង្វក់ ឬជាលុយដែលបានមកពីប្រព្រឹត្តអំពើពុករលួយជាដើមស្ថាប័នកាកបាទក្រហមកម្ពុជានឹងបាត់គុណតម្លៃមនុស្សធម៌។
បណ្ឌិត មាស នី៖«អីចឹង សម្រាប់ប្រភពធនធានកាកបាទទទួលយក ទាល់តែប្រភពលុយហ្នឹង ចេញមកពីប្រភពមួយ ដែលចេញមកពីដែលមានយុត្តិធម៌ មានការគោរពសិទ្ធមនុស្ស ហើយមានតម្លៃមនុស្សធម៌ខ្ពស់ផងដែរ។ ដូច្នេះ នៅក្នុងរឿងហ្នឹង ប្រសិនបើយើងយកគុណតម្លៃអ្វី ដែលខ្ញុំនិយាយអម្បាញ់មិញហ្នឹង វានឹងអាចមានផលប៉ះពាល់ទៅលើប្រភពលុយ ដែលយកមក ពិសេសគឺ លុយដែលយកមកពីអំពើមិនល្អផ្សេងៗ»។
បណ្ឌិត មាស នី យល់ថា កាកបាទក្រហមកម្ពុជាគួរតែបង្ហាញពីតម្លាភាពពាក់ព័ន្ធនឹងប្រភពលុយ និងការចំណាយជាក់លាក់ ដែលអាចឱ្យសាធារណជនអាចតាមដានបាន។
ចំណែកអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ ថា កាកបាទក្រហមកម្ពុជាបានដើរខុសពីគោលការណ៍របស់កាកបាទក្រហមអន្តរជាតិជាតិ ដែលជួយសង្គ្រោះពលរដ្ឋដោយមិនមានរើសអើងពូជសាសន៍ ឬនិន្នាការនយោបាយនោះទេ ប៉ុន្តែលោកថា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំស្ថាប័ននេះឱ្យមានការរើសអើង និងមិនជួយសង្គ្រោះដល់ពលរដ្ឋណាដែលមិនគាំទ្ររដ្ឋាភិបាលនោះឡើយ។
លោក ម៉ែន សុថាវរិន្ទ្រ៖«គាត់មិនដែលគោរពតាមមុខងាររបស់គាត់ ដែលធ្វើទៅជួយប្រជាពលរដ្ឋក្រីក្រទាំងអស់ទេ គឺគាត់ជួយតាមបក្ខពួក នរណាមិនមែនបក្ខពួកគាត់ មិនមែនគណបក្សគាត់ គាត់អត់ឱ្យទេ ហ្នឹងជាទម្លាប់របស់គាត់យូរមកហើយ អាហ្នឹងនរណាក៏ដឹងដែរ គឺគាត់ជួយតែគណបក្សប្រជាជនគណបក្សរបស់គាត់»។
កន្លងមកអ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា ដោយសារតែអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន តែងតាំងថ្នាក់ដឹកនាំកាកបាទក្រហមភាគច្រើន គឺជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះស្ថាប័នមួយនេះ ច្រើនមាននិន្នាការនយោបាយ និងបក្សពួកនិយម នៅពេលចែកសម្ភារៈមនុស្សធម៌។ បន្ថែមពីនេះ អ្នកវិភាគថា ដោយសារកាកបាទក្រហមទទួលយកការឧបត្ថម្ភដោយមិនខ្វល់ពីប្រភពថវិកាល្អ ឬអាក្រក់ផងនោះ ដូច្នេះស្ថាប័នមួយនេះ ក៏អាចជាខែលការពារឈ្មួញរកស៊ីទុច្ចរិត ដែលជាម្ចាស់លុយទាំងនោះផងដែរ៕