UNDP សម្រេចទទួលពាក្យបណ្ដឹងលីកាដូដែលសង្ស័យគម្រោងខ្លួនប៉ះពាល់បរិស្ថាន និងសង្គម

កម្ពុជា
24/05/2024 – 14:32
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ អង្គការសិទ្ធិមនុស្សលីកាដូបានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា ពាក្យបណ្ដឹងរបស់ខ្លួនដែលបានដាក់ទៅភ្នាក់ងារអង្គការសហប្រជាជាតិ (UNDP) ត្រូវបានសម្រេចទទួលយកទៅពិនិត្យហើយ។ បើតាមលីកាដូ ស្ថាប័នទទួលពាក្យបណ្តឹងផ្ទៃក្នុងរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)

UNDP សម្រេចទទួលពាក្យបណ្ដឹងលីកាដូដែលសង្ស័យគម្រោងខ្លួនប៉ះពាល់បរិស្ថាន និងសង្គម


តាងនាមឱ្យម្ចាស់ដើមបណ្ដឹងជាច្រើនដែលមិនបញ្ចេញអត្តសញ្ញាណ អង្គការលីកាដូបានដាក់ពាក្យបណ្ដឹងទាំងនោះទៅភ្នាក់ងារអង្គការសហប្រជាជាតិ (UNDP) តាំងពីដើមខែមីនា ឆ្នាំ២០២៤  ដោយប្តឹងថា គម្រោង UNDP មួយចំនួនដែលអនុវត្តដោយក្រុមហ៊ុនឯកជន មិនអនុលោមទៅតាមគោលការណ៍ដើមរបស់អង្គការសហប្រជាជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២៤ឧសភានេះ អង្គការលីកាដូចោទថា គម្រោង UNDP ខ្លះដែលអនុវត្តដោយក្រុមហ៊ុនឯកជនបានរំលោភសិទ្ធិមនុស្ស តាមរយៈការបង្ខំឱ្យលក់ដីធ្លី ការបណ្តេញពលរដ្ឋចេញដោយបង្ខំ ការកាប់បំផ្លាញព្រៃឈើទាំងក្នុងតំបន់ការពារនិងនៅលើដីរបស់ជនជាតិដើមភាគតិច បំពានពលកម្មកុមារ ការជួញដូរមនុស្ស និងការរំលោភបំពានសិទិ្ធមនុស្សជាច្រើនផ្សេងទៀត។

ក្នុងសេចក្តីថ្លែងការណ៍ដដែល អង្គការលីកាដូបានចាត់ទុកទង្វើរំលោភសិទ្ធិមនុស្សទាំងនេះគឺជាការធ្វេសប្រហែសរបស់ភ្នាក់ងារអង្គការសហប្រជាជាតិ ដែលមិនបានយកចិត្តទុកដាក់និងតាមដានការអភិវឌ្ឍគម្រោងរបស់ខ្លួនបានត្រឹមត្រូវទៅតាមគោលការណ៍បរិស្ថាននិងសង្គម។ តាមសេចក្តីថ្លែងការណ៍ដដែល UNDP បានជួយផ្សព្វផ្សាយគម្រោងអភិវឌ្ឍទាំងនោះជាសាធារណៈនៅលើផែនទីវិនិយោគលើផែនទីវិនិយោគិន SDG (SDG Investor Map) របស់ខ្លួនសម្រាប់ប្រទេសកម្ពុជាទៀតផង។

លោកអំ សំអាតនាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី២៤ឧសភានេះលើកឡើងថា ការសម្រេចទទួលយកបណ្តឹងរបស់UNDP គឺជាជំហានមួយដ៏ល្អ និងថា អង្គការលីកាដូនឹងរងចាំមើលការដោះស្រាយរបស់UNDP។

UNDPសម្រេចទទួលពាក្យបណ្ដឹងលីកាដូដែលសង្ស័យគម្រោងខ្លួនប៉ះពាល់បរិស្ថាន និងសង្គម
UNDP សម្រេចទទួលពាក្យបណ្ដឹងលីកាដូដែលសង្ស័យគម្រោងខ្លួនប៉ះពាល់បរិស្ថាន និងសង្គម AP – Andre Penner

គួរជ្រាបថា ក្តីបារម្ភជុំវិញបរិស្ថាននិងសង្គមក្នុងការអភិវឌ្ឍ​គម្រោងរបស់ UNDP នេះត្រូវបានលើកឡើងតាំងតែពីខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែបើតាមលីកាដូ ក្តីបារម្ភទាំងនោះពុំត្រូវបានដោះស្រាយសោះ ទើបអង្គការលីកាដូដាក់ពាក្យបណ្តឹងតវ៉ាផ្លូវការនៅក្នុងខែមីនាឆ្នាំ២០២៤៕

What Next?

Recent Articles