លោក ហ៊ុន សែន៖ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនជាសិទ្ធិផ្ដាច់មុខរបស់នាយករដ្ឋមន្ដ្រី

កម្ពុជា
25/05/2024 – 11:15
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានចេញមុខបដិសេធថា លោកមិនបានសម្រេចឱ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន នៅថ្ងៃទី១២ មិថុនា ឆ្នាំ២០២៤ខាងមុខនេះទេ។ លោកបញ្ជាក់ថា ការបើកការដ្ឋានសាង់សង់នៅពេលណា ជាសិទ្ធិផ្ដាច់មុខរបស់នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត។

លោក ហ៊ុន សែន៖ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនជាសិទ្ធិផ្ដាច់មុខរបស់នាយករដ្ឋមន្ដ្រី


លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី១៦ ខែឧសភា ធ្លាប់បានចេញមុខជំរុញទៅកាន់ លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ឱ្យពន្លឿនបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនឱ្យបានឆាប់ដោយមិនចាំបាច់រង់ចាំទៀតទេ។ តាម លោកហ៊ុន សែន កាលណោះ ការបន្តរង់ចាំនឹងនាំឲ្យមានប្រតិកម្មពីសាធារណៈជនកាន់តែច្រើនឡើងពីមួយថ្ងៃទៅថ្ងៃ។

សម្រាប់ការបំភ្លឺរបស់លោក ហ៊ុន សែន នៅថ្ងៃនេះ បន្ទាប់ពីមានការលើកឡើងថា លោកជាអ្នកសម្រេចឱ្យបើកការដ្ឋានសាងសង់នៅជិតពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៤ខាងមុខ។ ប្រធានព្រឹទ្ធសភារូបនេះ មិនភ្លេចបញ្ជាក់ថា មិនមានរឿងបែបនេះទាល់តែសោះ។ លោក ហ៊ុន សែន ថាទាល់តែចេញការបំភ្លឺតាមបណ្ដាញសង្គមបែបនេះ ទើបពន្លត់ភ្លើងបានឆាប់ ដោយមិនព្រួយអង្គុយបក់ផ្សែង។

ទាក់ទិនការសាងសង់ព្រែកជីកហ្វូណននេះ អ្នកនយោបាយចាស់វស្សា និងជាប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ទើបតែទាមទារឱ្យរដ្ឋាភិបាលពន្យារពេលសាងសង់រហូតដល់មានការត្រួតពិនិត្យ និងវាយតម្លៃគ្រប់ជ្រុងជ្រោយ។ លោក សម រង្ស៊ី ពន្យល់ហេតុផលថា គម្រោងព្រែកជីកមួយនេះហុចផលឱ្យប្រទេសចិនច្រើនជាងប្រទេសខ្មែរដែលជាម្ចាស់ និងអះអាងថាគម្រោងនេះក៏នឹងធ្វើឱ្យកម្ពុជាជាប់អន្ទាក់សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយចិន។

តែលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា កាលពីថ្ងៃទី១៨ ឧសភា ពេលទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ព្រែកជីកហ្វូណន នឹងបើកការដ្ឋានបុកគ្រឹះក្នុងពេលឆាប់ៗនេះ មិនរងចាំដល់ចុងឆ្នាំ២០២៤  ឬដើមឆ្នាំ២០២៥ នោះទេ។ លោក ហ៊ុន ម៉ាណែត បង្ហាញគោលជំហរថា ទោះបីមានវិនិយោគគិនបរទេសចូលរួម ឬអត់ក៏ដោយ ព្រែកជីកនេះត្រូវតែធ្វើឱ្យខាងតែបាន។

លោក ហ៊ុន សែន៖ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនជាសិទ្ធិផ្ដាច់មុខរបស់នាយករដ្ឋមន្ដ្រី
លោក ហ៊ុន សែន៖ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនជាសិទ្ធិផ្ដាច់មុខរបស់នាយករដ្ឋមន្ដ្រី © Hun Sen

គួរជ្រាបថា គម្រោងព្រែកជីកថ្មីរបស់កម្ពុជា ក្រោមឈ្មោះថា ហ្វូណនតេជោ បានបង្កឱ្យមានការចម្រូងចម្រាស់ជាច្រើនកើតឡើង ទាំងខ្មែរ និងខ្មែរគ្នាឯង និងបណ្ដាប្រទេសសមាជិកគណៈកម្មាធិការទន្លេមេគង្គ។ ក្នុងនោះប្រទេសវៀតណាមយល់ថា គម្រោងព្រែកជីកនេះបង្កផលប៉ះពាល់ដល់លំហូរទឹកនៃទន្លេមេគង្គ និងការហូរទឹកប្រៃពីសមុទ្រចូលទន្លេដែលអាចជះផលអវិជ្ជមានខ្លាំងដល់ជីវិតរស់នៅរបស់ពលរដ្ឋតាមដីសណ្តទន្លេ និងប្រព័ន្ធអេកូឡូស៊ីជាដើម។

តែលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៣ ឧសភា បានអះអាង ថា  ទឹកសាបដែលហូរចូលសមុទ្រតាមព្រែកជីកថ្មីរបស់កម្ពុជានេះមានកម្រិតត្រឹម ០.០៥ភាគរយប៉ុណ្ណោះ និងថាព្រែកជីកហ្វូណននឹងផ្តល់អត្ថប្រយោជន៍ ដល់សកលលោកទាំងមូល ព្រោះវានឹងចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសដោយសារការធ្វើនាវាចរណ៍ប្រើពេលតិចជាងមុន៕

What Next?

Recent Articles