ដោយ ខាន់ លក្ខិណា
2024.05.25
RFA

អតិថិជនក្រុមហ៊ុនបុរីពិភពថ្មីតវ៉ាមុខការិយាល័យក្រុមហ៊ុននៅខណ្ឌកំបូល កាលពីថ្ងៃទី២៨ តុលា ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យអានលើគេហទំព័រ
អតិថិជនបុរីពិភពថ្មីមួយចំនួន បង្ខំចិត្តទទួលប្រាក់ដើម ដែលក្រសួងរៀប ចំដែនដី និងក្រុមហ៊ុនដោះស្រាយ បើទោះបីជាការទូទាត់នោះ មិនសមរម្យក៏ដោយ ខណៈអ្នកខ្លះទៀត នៅបន្តទាមទាររកដំណោះស្រាយ។ ពួកគេស្នើឱ្យលោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ចំពោះរឿងនេះ ដើម្បីបង្ហាញរដ្ឋាភិបាលថា ពិតជាមាន ឆន្ទៈជួយដល់ពលរដ្ឋរងគ្រោះប្រាកដមែន។
អតិថិជនបុរីពិភពថ្មី ទទូចឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយជំរុញទៅក្រសួងរៀបចំដែនដី និងក្រុមហ៊ុន ពន្លឿនការដោះស្រាយសម្រាប់ពួកគាត់ ដោយថា ការអូសបន្លាយពេលនេះ គឺធ្វើឱ្យពួកគាត់ប្រឈមបញ្ហាជីវភាពកាន់តែខ្លាំង ខណៈអ្នកខ្លះ ផ្ទះត្រូវក្រុមហ៊ុនរឹបអូស ហើយជំពាក់បំណុលធនាគារបន្ថែមទៀត។
អតិថិជនបុរីពិភពថ្មីនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ លោកស្រី គង់ លីដា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែឧសភាថា ដំណោះស្រាយរបស់ក្រុមហ៊ុន គឺឱ្យលុយដើម ដោយមិនបានអនុវត្តតាមលក្ខខណ្ឌទិញចូល ៥០ភាគរយ (៥០%) ដូចក្រុមហ៊ុន បានសន្យាជាមួយអតិថិជននោះឡើយ។
លោកស្រីថា អ្នកខ្លះបានបង្ខំចិត្តទទួលយកត្រឹមតែលុយដើម ប៉ុន្តែអ្នកខ្លះទៀតមិនព្រមទទួល ដោយយល់ថា អយុត្តិធម៌ខ្លាំងពេលសម្រាប់ពួកគាត់។
លោកស្រី គង់ លីដា៖ «ខ្ញុំបង់អស់ ៩ ម៉ឺនដុល្លារហើយហ្នឹង ដល់ពេលឱ្យខ្ញុំតែជាង ២ ម៉ឺនដុល្លារ ខ្ញុំមិនម៉េចទទួលយកបាន វាតិចពេក វាមិនសាកសមនឹងលុយយើង។ វាមិនសក្ដិសមនឹងគោលការណ៍បុរី ហើយការទាមទារនេះ មិនមែនយើងទាមទារដោយចិត្តឯងទេ គឺបុរីមានគោលការណ៍ទិញចូលដោយខ្លួនឯងតាំងដើមមកម្ល៉េះ»។
លោកស្រី គង់ លីដា ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ទៅក្រសួងរៀបចំដែនដី និងក្រុមហ៊ុន ពន្លឿនដំណោះស្រាយសម្រាប់ពួកគាត់ឱ្យបានឆាប់។
លោកស្រី គង់ លីដា៖ «សម្ដេចប្រកាសយូរហើយឱ្យទទួលទិញ ៥០ ភាគរយតាំងពីមុនរហូតដល់ឥឡូវមិនទាន់មានដំណោះស្រាយទេ។ ដំណោះស្រាយអី ៤ ទៅ ៥ម៉ឺនដុល្លារ អ្នកខ្លះបាន ២ ទៅ ៣ ពាន់ដុល្លារមកវិញហ្នឹង អ្នកខ្លះអត់បានទៅទៀត។ អ៊ីចឹងសូមជួយដោះស្រាយឱ្យបងប្អូនយើងទៅ ទាំងគេទាំងខ្ញុំពន្លឿនទៅ កុំទុកយូរគ្នាកាន់តែដុនដាបមែនទែនហើយមួយៗជំពាក់គេ ហើយរកចំណូលអត់បាន។ បើដោះស្រាយបានលុយបានកាក់ទៅបើកមុខរបរ រកស៊ីអីផ្សេង ឬទៅជួលផ្ទះណាៗអីអ៊ីចឹងទៅ»។
អតិថិជនបុរីពិភពថ្មីម្នាក់ទៀត នៅខណ្ឌកំបូល សុំមិនបញ្ចេញឈ្មោះ និងសំឡេងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែឧសភា ថា ការដោះស្រាយរបស់ក្រសួងរៀបចំដែនដីកន្លងមក គឺធ្វើតាមការចង់បានរបស់ក្រុមហ៊ុន ហើយមកបង្ខំ និងគំរាមកំហែងពួកគាត់។ លោកស្រីហៅការដោះស្រាយនេះ ថាជារឿងអយុត្តិធម៌។
លោកស្រីរិះគន់ឧកញ៉ា ហុង ពីវ ម្ចាស់ក្រុមហ៊ុនបុរីពិភពថ្មី ថាមិនដោះស្រាយ សំណងសមរម្យឱ្យអតិថិជន បែរជាធ្វើខ្លួនជាមនុស្សសប្បុរសធម៌ យកលុយរាប់លានដុល្លាទៅបរិច្ចាគដល់រដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដើម្បីបិទបាំង អំពើអាក្រក់ និងការទទួលខុសត្រូវរបស់ខ្លួន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក មាស សុភ័ណ្ឌ និងអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេ នៅថ្ងៃទី២៥ ខែឧសភា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែឧសភាថា ប្រសិនបើប្រជាពលរដ្ឋជួបរឿង អយុត្តិធម៌នោះ ពួកគាត់មានសិទ្ធិតស៊ូមតិបន្តទៀត ដើម្បីទាមទារយុត្តិធម៌ និងសំណងសមរម្យ។
លោកថា រដ្ឋាភិបាលដើរតួនាទីក្នុងការសម្របសម្រួល ដើម្បីការពារផលប្រយោជន៍ ទាំងភាគីពលរដ្ឋ និងអ្នកវិនិយោគ ប៉ុន្តែក៏ត្រូវថ្លឹងថ្លែងឱ្យស្មើភាពគ្នាដែរ ដោយធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋខាតបង់ច្រើន និងប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់។
លោក យង់ គិមអេង៖ «ព្យាយាមធ្វើម៉េចកុំឱ្យប្រជាពលរដ្ឋគ្នាខាតបង់ច្រើនពេក។ អ៊ីចឹងកាលណាគ្នាខាតបង់ច្រើនពេក គ្នាក៏ពិបាកដែរ ហើយអ្នកខ្លះ លុយដែលគ្នាយកមកបង់ហ្នឹង ខ្ចីគេផងអីផង។ អ៊ីចឹងបើគ្នាយកទៅសងគេ ក៏សងមិនរួចដែរ ក៏អាចកាត់បន្ថយបំណុលបានបន្តិចបន្តួចប៉ុណ្ណឹងទេមើលទៅ»។
អស់រយៈពេលជិត១ឆ្នាំមកហើយ ដែលក្រុមអតិថិជនរងគ្រោះពីការបង់រំលស់ផ្ទះ ពីអ្នកឧកញ៉ា ហុង ពីវ ជាង ២០០នាក់ បានចេញតវ៉ាស្វះស្វែងរកដំណោះស្រាយ និងបានដាក់ញត្តិទៅគ្រប់ស្ថាប័នពាក់ព័ន្ធ ប៉ុន្តែរហូតដល់ពេលនេះ អតិថិជនមួយចំនួន នៅពុំទាន់មានដំណោះស្រាយសមរម្យសម្រាប់ពួកគាត់នោះទេ រហូតដល់មានប្រើប្រាស់អំពើហិង្សា មានការចាប់ខ្លួន និងឃុំខ្លួនពលរដ្ឋម្នាក់នៅពន្ធនាគារ ខណៈអតិថិជនមួយចំនួនធ្លាក់ខ្លួនក្រីក្រ បាត់បង់ផ្ទះសម្បែង និងជំពាក់បំណុលធនាគារវ័ណ្ឌក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។