UNDP ទទួល​យក​ពាក្យ​បណ្ដឹង​របស់​លីកាដូ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​រំលោភ​សិទ្ធិ​មនុស្ស

ដោយ ហ៊ុំ ចំរើន
2024.05.25
RFA

UNDPទទួល​យក​ពាក្យ​បណ្ដឹង​របស់​លីកាដូ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​រំលោភ​សិទ្ធិ​មនុស្ស

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) លោក អំ សំអាត។ RFA File


អង្គការ​លីកាដូ (LICADO) នៅថ្ងៃទី២៤ ខែ​ឧសភា ចេញ​សេចក្ដីថ្លែងការណ៍​ មួយ​បង្ហាញ​ថា ស្ថាប័ន​ទទួល​ពាក្យ​បណ្ដឹង​ផ្ទៃក្នុង​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) បាន​ទទួល​យក​ពាក្យ​បណ្ដឹង​របស់​អង្គការ​លីកាដូ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​រំលោភ​សិទ្ធិ​មនុស្ស។ អង្គការ​លីកាដូ​ជំរុញ​ឱ្យ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ឯកជន​ដែល​ជា​ដៃគូ​អនុវត្ត​គម្រោង​របស់​ខ្លួន​ទាំង​នោះ។

អង្គការ​លីកាដូ​បារម្ភ​ថា ការ​ខកខាន​ក្នុង​តាមដាន និង​វាយ​តម្លៃ​លើ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ដែល​ជា«ដៃគូ»សហការ​ក្នុង​គម្រោង​វិនិយោគិន​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចរីភាព (SDG Investor Platform) ក្រោម​ការ​គាំទ្រ​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) បង្ក​ឱ្យ​មាន​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តាម​សហគមន៍។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៤ ខែ​ឧសភា ថា គោលបំណង​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ​គឺ​ដោយសារតែ​អង្គការ​លីកាដូ​រក​ឃើញ​ថា ពលរដ្ឋ​រស់នៅ​តាម​សហគមន៍​មូលដ្ឋាន​មួយ​ចំនួន​រងគ្រោះ​ដោយសារ​ក្រុម​ឯកជន។ លោក​បន្ត​ថា ក្រុមហ៊ុន​ឯកជន​ទាំងនោះ​មួយ​ចំនួន​ត្រូវ​បាន​គម្រោង​វិនិយោគ​របស់​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ជួយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​ផែនទី​វិនិយោគិន SDG

លោក អំ សំអាត៖ «រឿង​រក​ឃើញ​រឿង​ហ្នឹង​វា​មាន​បញ្ហា​ច្រើន​ដែល​ទាក់ទង​រង​ការ​បណ្ដេញ​ចេញ រង​អំពើ​ហិង្សា និង​ទណ្ឌកម្ម​ផ្លូវ​ច្បាប់​ជាដើម។ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​អ៊ីចឹង ដោយសារតែ​រឿង​នេះ​យើង​ផ្ដោត​អារម្មណ៍​តែ​ទៅ​លើ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ ​UNDP ដែល​ជា​គម្រោង​ទាក់ទង​នឹង​វិនិយោគិន​យើង​ទុក​ឱ្យ​ស្ថាប័ន​នេះ​ធ្វើ​ឱ្យ​សិក្សា និង​ធ្វើ​សិក្សា​ឱ្យ​បាន​ឆាប់»។

ពាក្យ​បណ្ដឹង​ដែល​អង្គការ​លីកាដូ​បាន​ដាក់​កាល​ពី​ខែ​មីនា ដោយ​បាន​ប្ដឹង​ថា កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) បរាជ័យ​ក្នុង​ការ​អនុវត្ត​វិធានការ​យកចិត្តទុកដាក់ និង​ការ​ប្រកាន់ខ្ជាប់​នូវ​គោល​នយោបាយ​បរិស្ថាន និង​សង្គម​នៅ​ពេល​បង្កើត​ផែនទី​វិនិយោគិន ​SDG ​សម្រាប់​កម្ពុជា។ ពាក្យ​បណ្ដឹង​នោះ​បង្ហាញ​ថា ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) ជ្រើសរើស​ក្រុមហ៊ុន​ឯកជន និង​ចាត់​ទុក​ក្រុមហ៊ុន​ទាំងនោះ​ជា​ដៃគូ​សម្រាប់​អនុវត្ត​គម្រោង​របស់​ខ្លួន​ដោយ​ផ្ដល់​នូវ​ការ​គាំទ្រ​ផ្នែក​កេរ្តិ៍ឈ្មោះ​ដល់​ក្រុមហ៊ុន​ទាំងនោះ។ ក្នុង​នោះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​ឱ្យ​លក់​ដី ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយបង្ខំ​ ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ការពារ​មួយ​ចំនួន និង​លើ​ដី​មួយ​ចំនួន​របស់​ជនជាតិ​ដើម​ភាគតិច ពលកម្ម​កុមារ ការ​ជួញ​ដូរ​មនុស្ស និង​ការ​រំលោភបំពាន​សិទ្ធិ​មនុស្សជា​ច្រើន​ផ្សេងទៀត។ ទោះ​យ៉ាង​ណា​អង្គការ​លីកាដូ​មិន​បាន​បង្ហាញ ឈ្មោះ​របស់​ក្រុមហ៊ុន​ដែល​ជាប់​ព័ន្ធ​នោះ​ទេ។

ឆ្លើយតប​នឹង​បញ្ហា​នេះ អង្គភាព​អនុលោម​ភាព​សង្គម និង​បរិស្ថាន (SECU) ដែល​ជា​​ស្ថាប័ន​ទទួល​ពាក្យ​បណ្ដឹង​ផ្ទៃក្នុង​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) បាន​ចេញ​លិខិត​មួយ​កាល​ពីថ្ងៃទី៩ ខែ​ឧសភា ទទួល​យក​ពាក្យ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​គម្រោង​ដែល​គាំទ្រ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ហើយ​និង​បន្ត​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ។

ទោះ​ជា​យ៉ាងណា​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ក្នុង​លិខិត​ដដែល​នោះ​ដោយ​បដិសេធ​ថា ខ្លួន​មិន​បាន​ចូលរួម​ភាព​ជា​ដៃ​គូ​ហិរញ្ញវត្ថុ​ជាមួយ​អង្គភាព​ណា​មួយ​នោះ​ទេ ដូច្នេះ​មិន​តម្រូវ​ឱ្យ​មាន​ដំណើរការ​ស៊ើបអង្កេត​យ៉ាង​ល្អួតល្អិត​ពាក់ព័ន្ធ​នឹង​អង្គភាព​ដែល​ជា​ដៃគូ​ក្នុង​គម្រោង​ផែនទី​វិនិយោគិន SDG ឡើយ។

តំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ប្រចាំ​ប្រទេស​កម្ពុជា​សុំ​មិន​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​ឡើយ។

អង្គការ​លីកាដូ​បាន​បញ្ជាក់​ថា កាលពី​ខែ​ធ្នូ ឆ្នាំ២០២២ អង្គការ​លីកាដូ​បាន​លើកឡើង​ពី ក្ដី​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​គម្រោង​ផែនទី​វិនិយោគិនSDGដោយ​ផ្ទាល់​ជាមួយ​ការិយាល័យ​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា ប៉ុន្តែ​ស្ថាប័ន​នេះ មិន​បាន​ដោះស្រាយ​បញ្ហា​ទាំងនេះ​អស់​ជាង​មួយ​ឆ្នាំ​មក​ហើយ មុន​ពេល​ដែល​ពាក្យ​បណ្ដឹង​ត្រូវ​បាន​ធ្វើ​ឡើង។

គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​នៅ​ប្រទេស​កម្ពុជា (Sustainable Development Goals) គឺជា​គម្រោង​មួយ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ដែល​មាន​របៀបវារៈ​ចំនួន១៧គោលដៅ រួមមាន​ដូចជា​បញ្ចប់​ភាព​ក្រីក្រ ការពារ​បរិស្ថាន និង​អាកាសធាតុ ព្រម​ទាំង​សុខុមាលភាព​មាំមួន​ជាដើម។ ប៉ុន្តែ​តាមរយៈ​ការ​ជ្រើស​សម្រាប់​ជា​ដៃគូ​នៅ​លើ​ថ្នាល​វិនិយោគិន​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចរីភាព (SDG Investor Platform) របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) បាន​បរាជ័យ​ក្នុង​ការ​អនុលោម​តាម​បទដ្ឋាន​មួយ​ចំនួន ដែល​ការពារ​សុខភាព សុវត្ថិភាព និង​សន្តិសុខ​ដល់​សហគមន៍ ការ​បណ្ដេញ​ចេញ និង​ការ​តាំងទីលំនៅ​ថ្មី និង​ជនជាតិ​ដើម​ភាគតិច។

ជុំវិញ​រឿង​នេះ លោក អំ សំអាត រំពឹង​ថា កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) នៅ​កម្ពុជា​គោរព​តាម​គោលការណ៍​របស់​ខ្លួន​ឡើង​វិញ​ជាពិសេស​ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ម៉ត់​លើ​ក្រុមហ៊ុន​ឯកជន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​ឱ្យ​ពលរដ្ឋ​លក់​ដី និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ដើម្បី​ធានា​ដល់​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles