កម្ពុជា
27/05/2024 – 08:53
ដោយ៖ អ៊ឹង ប៊ុនថន
RFI
គណបក្សជំទាស់បាត់សំឡេងឆ្នោតជិតពាក់កណ្តាលនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ ២០២៤ ដែលបិទបញ្ចប់កាលពីថ្ងៃទី២៦ខែឧសភា។ នៅក្នុងចំណោមសមាជិកក្រុមប្រឹក្សាសរុប ទាំង៤២០០ អសនៈ គណបក្សឆន្ទៈខ្មែរអាចនឹងទទួលបានតែជាង៣០០អសនៈប៉ុណ្ណោះ។ តែបើផ្អែកលើអង្គបោះដែលគណបក្សជំទាស់មាន គណបក្សឆន្ទៈខ្មែរអាចទទួលបានជិត៦០០អសនៈ។
លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៧ ខែឧសភានេះ មានហេតុផលចំនួនពីរដែលអាចបញ្ជាក់ពីការថយចុះសន្លឹកឆ្នោតរបស់គណបក្សឆន្ទៈខ្មែរនៅក្នុងការបោះឆ្នោតអសកលលើកនេះ ទី១ ការយឺតយ៉ាវក្នុងផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សភ្លើងទៀន និងទី២ ការចាប់ខ្លួនសមាជិកគណបក្សជំទាស់មួយចំនួននៅមុនការបោះឆ្នោត។ តែសមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែររូបនេះដដែលមិនភ្លេចបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះក៏មិនខុសគ្នានឹងការបោះឆ្នោតព្រឹទ្ធសភានាពេលកន្លងទៅថ្មីៗនេះទេ។
បើតាម លោក គង់ មុនីកា គណបក្សឆន្ទៈខ្មែរអាចទទួលបានកៅអីក្រុមប្រឹក្សា រាជធានី ខេត្ត ចន្លោះពី៤០ទៅ៥០អសនៈ។ ចំណែកកៅអី ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាចនឹងទទួលបានជាង៣០០អសនៈ។ តែបើផ្អែកលើតួលេខនៃអង្គបោះឆ្នោតចំនួន ២.១៩៨នាក់របស់គណបក្សភ្លើងទៀននៅទូទាំងប្រទេស ប្រសិនបើពួកគេបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ ១០០% នោះ គណបក្សជំទាស់នេះនឹងត្រូវទទួលបានអាសនៈក្រុមប្រឹក្សា សរុបជិត ៦០០អាសនៈ នៅក្នុងចំណោម អសនៈសរុប ៤២០០។

សូមបញ្ជាក់ថា មានគណបក្សនយោបាយចំនួន៥ បានចូលរួមការបោះឆ្នោតអសកលនេះ គឺគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។
យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អ្នកចេញទៅបោះឆ្នោតមានរហូតដល់៩៩.៧៩% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន១១ ៦២២នាក់។ បើតាម គ.ជ.ប ដំណើរការបោះឆ្នោតអសកលនេះបានប្រព្រឹត្តទៅដោយមានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ៕