ដោយ ច័ន្ទ ដារ៉ូ
2024.05.28
RFA

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងក្នុងកិច្ចប្រជុំគណបក្សកម្លាំងជាតិ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
គណបក្សកម្លាំងជាតិអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យជួយទប់ស្កាត់ការដកហូតមុខតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្រោយការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំបក្សភ្លើងទៀនបញ្ចប់តួនាទីសមាជិកក្នុងបក្ស និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនមួយចំនួនដោយដាក់ជំនួសអ្នកថ្មី ខណៈអ្នកខ្លះត្រូវរងបណ្តឹងព្រហ្មទណ្ឌ។
បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ គណបក្សកម្លាំងជាតិ នៅថ្ងៃទី២៧ ខែឧសភា ប្រកាសជំហរទទួលយកការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ជាងពីរពាន់(២១៩៨) មកពីបក្សជំទាស់ និងក្រុមប្រឹក្សាទើបជាប់ឆ្នោតថ្មី ដើម្បីបន្តការតស៊ូនយោបាយតាមបែបប្រជាធិបតេយ្យ ការគោរសិទ្ធិមនុស្សក្នុងទិសដៅរួមគឺការផ្លាស់ប្ដូរជាវិជ្ជមាន។
ទន្ទឹមនឹងនេះគណបក្សកម្លាំងជាតិអំពាវនាវដល់គ្រប់គណបក្សនយោបាយត្រូវគោរពការសម្រេចចិត្តសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាអង្គបោះឆ្នោត និងស្នើដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមទាំងក្រសួងមហាផ្ទៃ ឱ្យការពារការសម្ងាត់របស់អង្គបោះឆ្នោតដោយចៀសវាងការដក និងដោះដូរនូវតួនាទីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដោយហេតុផលមិនបោះឆ្នោតតាមការចង្អុលបង្ហាញរបស់គណបក្សខ្លួន។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន មានប្រសាសន៍ថា ការសម្រេចរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃបោះឆ្នោតជាសិទ្ធិសេរីភាពស្របច្បាប់ដោយមិនត្រូវរងការគំរាមកំហែងដកតំណែងពួកគេនោះឡើយ។ លោកបញ្ជាក់មូលហេតុដែលគណបក្សកម្លាំងជាតិអំពាវនាវនៅពេលនេះ ដោយសារក្រោយការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅមានអង្គបោះឆ្នោតនៅតាមបណ្តាលខេត្តមួយចំនួនដូចជាខេត្តសៀមរាបជាដើម ត្រូវគណបក្សសាមីលុបឈ្មោះ ឬផ្លាស់ប្ដូរចេញពីតួនាទីក្រុមប្រឹក្សាដោយអយុត្តិធម៌។
លោក រ៉ុង ឈុន៖ «ហើយបើសិនរឿងហេតុផលមិនបោះឆ្នោតឱ្យ ហើយត្រូវដកគាត់(ក្រុមប្រឹក្សាឃុំ)ទីណាត់ទីណែង វាជារឿងអយុត្តិធម៌ពីព្រោះគណបក្សភ្លើងទៀនមិនមានឈ្មោះនៅលើសន្លឹកឆ្នោតទេ អ៊ីចឹងគួរផ្តល់សេរីភាពឱ្យគាត់ជ្រើសរើសតាមហ្នឹងទៅ យើងចៀសវាងការដក ឬបញ្ឈប់តួនាទីគាត់នោះបាទ»។
កន្លងទៅ មន្ត្រីគណបក្សភ្លើងទៀនតាមរាជធានី ខេត្តស្ទើរទូទាំងប្រទេសបាន លុបឈ្មោះសមាជិកជាក្រុមប្រឹក្សាឃុំ និងស្នើអាជ្ញាធរផ្លាស់ប្ដូរសមាសភាពថ្មីមកជំនួសជាបន្តបន្ទាប់។ ករណីទាំងនេះកើតឡើងនៅមុនការបោះឆ្នោតក្រុមប្រឹក្សាថ្នាក់ក្រោមជាតិកាលថ្ងៃទី២៦ ខែឧសភា។ ជាក់ស្តែងប្រធានប្របត្តិបក្សភ្លើងទៀននៅខេត្តបន្ទាយមានជ័យចេញលិខិតលុបឈ្មោះកូនស្រីលោក ចៅ វាសនា គឺអ្នកស្រី ចៅ រតនៈ ចេញពីសមាជិកបក្ស និងដកតួនាទីជាចៅសង្កាត់រងទី២ នៅសង្កាត់ប៉ោយប៉ែត រួមជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ជាច្រើននាក់ទៀត។
ប្រធានចលនាយុវជនគណបក្សភ្លើងទៀននៅខេត្តសៀមរាប និងជាចៅសង្កាត់រងទី២នៃសង្កាត់សាលាកំរើកលោក នង ធារ៉ា ប្រាប់វិទ្យុអាស៊ីសេរីថា មកដល់ពេលនេះប្រធានប្រតិបត្តិដែលថ្នាក់ជាតិសម្រេចតែងតាំងថ្មីគឺអ្នកស្រី យឹម ផល្លី បានលុបឈ្មោះលោក និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បក្សភ្លើងទៀននៅខេត្តសៀមរាបជាង៦០នាក់ចេញពីបក្ស ហើយជំនួសអ្នកថ្មីដោយមិនបានសួរនាំ ឬបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះឡើយ។
ជាងនេះទៅទៀតប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានកោះហៅលោក និងសមាជិកពីរនាក់ទៀតឱ្យទៅបំភ្លឺនៅថ្ងៃទី២៨ ខែឧសភាតាមបណ្តឹងរបស់អ្នកស្រី យឹម ផល្លី ចោទថា ពួកលោកគំរាមកំហែង និងរំលោភលើលំនៅឋាន។ យ៉ាងណាក្តីលោកបញ្ជាក់ថា រឿងរ៉ាវដែលក្រុមប្រឹក្សាឃុំចេញតវ៉ាកន្លងមក គឺដោយសារតែចង់ស្វែងដំណោះស្រាយ និងមិនបានប្រព្រឹត្តអំពើល្មើសច្បាប់ដូចការចោទប្រកាន់នោះទេ។
លោក នង ធារ៉ា៖ «គេដកតែអ្នកតស៊ូស្មោះត្រង់ជាមួយអ្នកប្រជាធិបតេយ្យ អ្នកបម្រើគណបក្ស អ្នកបម្រើជាតិ នេះព្យាយាមដកបំផ្លាញអ្នកតស៊ូនៅមូលដ្ឋានដែលនិយមប្រកាន់លទ្ធិប្រជាធិបតេយ្យ វាគួរឱ្យសង្វេគណាស់ដែលយើងជាអ្នកប្រជាធិបតេយ្យជាប់ឆ្នោតដោយពលរដ្ឋត្រូវអ្នកស្រី យឹម ផល្លី ដកទាំងទទឹងទិសទីមួយ ហើយទីពីរអ្នកស្រី យឹម ផល្លី ប្តឹងពួកខ្ញុំទៅស្នងការទៀត»។
កាលពីពេលថ្មីនេះសកម្មជនបក្សភ្លើងទៀននៅស្រុកប្រាសាទបាគងលោក វ៉ា ឃីម ត្រូវបានតុលាការខេត្តសៀមរាបសម្រេចឃុំខ្លួននៅពន្ធនាគារតាមបណ្តឹងរបស់លោកស្រី យឹម ផល្លី ទាក់រឿងតវ៉ាដកសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នេះដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល ដើម្បីបកស្រាយជុំវិញរឿងនេះបាននៅថ្ងៃទី២៧ ខែឧសភា។ ចំណែកអគ្គលេខាធិការបក្សភ្លើងទៀនលោក លី សុធារ៉ាយុត្ត មិនឆ្លើយសំណួររបស់វិទ្យុអាស៊ីសេរី ដោយលោកបញ្ជាក់ថា នឹងឆ្លើយបំភ្លឺករណីទាំងនេះនៅថ្ងៃទី២៩ ខែឧសភា។
ទាក់ទងរឿងនេះ អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងថា ការប្រើឥទ្ធិពលគណបក្សទៅដកឬដាក់សមាសភាពក្រុមប្រឹក្សាឃុំដែលកើតចេញពីឆន្ទៈរបស់ពលរដ្ឋនោះគឺជាការបំពានស្មារតីនៃរដ្ឋធម្មនុញ្ញ និងមិនឱ្យតម្លៃលើការសម្រេចរបស់ពលរដ្ឋម្ចាស់ឆ្នោតដែលបង្ហាញឱ្យឃើញថាអ្នកនយោបាយខ្វះការយល់ដឹងអំពីប្រព័ន្ធបែបប្រជាធិបតេយ្យ។
លោក វ៉ន ចាន់ឡូត៖ «បើសិនសមាជិកបក្សខ្លួនឯងជាប់ឆ្នោតជាក្រុមប្រឹក្សាពីឆន្ទៈរបស់ពលរដ្ឋ ហើយអ្នកទាំងនោះកំពុងដឹកនាំកិច្ចការក្នុងនាមតំណាងឱ្យពលរដ្ឋគួរបញ្ឈប់ការដក ការដាក់តាមអំពើចិត្តដែលវាប្រាសចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញ និងមួយទៀតគណបក្សក្រៅរដ្ឋាភិបាលគួរតែស្វែងរកយន្តការដើម្បីសហការគ្នាតាមរយៈការបែងចែកមណ្ឌលគ្នាឈរ ឬតាមរយៈការសហការក្នុងរូបភាពណាដែលអាចយកឈ្នះ អាចទទួលបានការគាំទ្រពីពលរដ្ឋនៅអាណត្តិបន្តបន្ទាប់»។
ក្រោយពេលអាជ្ញាធរអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន រាំងខ្ទប់គណបក្សភ្លើងទៀនមិនឱ្យចូលរួមការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០២៣ មក មេដឹកនាំបក្សនេះមួយចំនួនបានសម្រេចបង្កើតសម្ព័ន្ធភាពឆ្ពោះទៅអនាគតដោយជ្រើសរើសយកបក្សឆន្ទៈខ្មែរចូលរួមការបោះឆ្នោត។ បន្ទាប់មកថ្នាក់ដឹកនាំបក្សភ្លើងទៀន បានប្រកាសលុបឈ្មោះសមាជិករូបណា មិនគាំទ្រការសម្រេចនោះ ឬបង្ហាញនិន្នាការគាំទ្រគណបក្សកម្លាំងជាតិ។
សកម្មជនបក្សប្រឆាំង និងអ្នកឃ្លាំមើលលើកឡើងថា បើសិនថ្នាក់ដឹកនាំគណបក្សភ្លើងទៀនមិនបញ្ឈប់ការគំរាមកំហែងដកតួនាទីរបស់សមាជិកគណបក្សនិងផ្ដល់តួនាទីឱ្យពួកគេ ឬកែប្រែរបៀបធ្វើនយោបាយឡើងវិញទេនោះ កម្លាំងអ្នកប្រជាធិបតេយ្យនឹងចុះខ្សោយ ហើយអ្នកដែលទទួលផលចំពេញក្នុងរឿងនេះគឺគណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។