ដោយ មាន ឫទ្ធិ
2024.05.27
RFA

ត្រីធំៗ ដែលគេដាក់លក់ នៅក្នុងផ្សារសាមគ្គី ខេត្តស្ទឹងត្រែង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ រូបពីពលរដ្ឋ
ប្រជាសហគមន៍នេសាទ និងមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភ អំពីការថមថយផលត្រី ដោយសារឈ្មួញធំៗ និងជនខិលខូចប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ចាប់ត្រីតាមដងទន្លេមេគង្គ ក្នុងរដូវបិទនេសាទ ដោយមិនមានសមត្ថកិច្ចណាបង្ក្រាបឡើយ។
រីឯការតាំងលក់ត្រីធំៗ ពងកូន នៅរដូវបិទនេសាទ ក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែង ក៏កំពុងកើតមានច្រើនដែរ។
បើទោះបីជាអាជ្ញាធរខេត្តស្ទឹងត្រែងបានផ្សព្វផ្សាយច្បាប់ជលផល និងហាមពលរដ្ឋមិនឱ្យនេសាទ ក្នុងរដូវបិទនេសាទក្តី ក៏ប៉ុន្តែប្រជាសហគមន៍នេសាទសង្កេតឃើញថា អ្នកនេសាទជាច្រើន នៅតែប្រើទូក ពង្រាយមងរាំងខ្ទប់ដំណើររបស់ត្រីរកកន្លែងពងកូន ក្នុងរដូវបិទនេសាទនេះ ផ្ទុយពីបម្រាមរបស់រដ្ឋាភិបាល។
រីឯជនខិលខូចមួយចំនួននៅតែលួចលាក់ធ្វើសកម្មភាព នេសាទខុសច្បាប់ ដូចជាឆក់ក្តៅនិងឆក់ត្រជាក់ គប់គ្រាប់បែក និងលួចដាក់មង ក្នុងអន្លង់អភិរក្សត្រីមេពូជជាដើម។
ប្រជាសហគមន៍នេសាទអះអាងថា ត្រីមេពូជជាច្រើនប្រភេទដែលច្រាលឡើងនៅខែវស្សាឆ្នាំនេះ នឹងមិនអាចរកកន្លែងមានសុវត្ថិភាព ដើម្បីពងកូនបង្កកំណើតបានឡើយ ព្រោះអ្នកនេសាទជាច្រើនកំពុងពង្រាយមងរាំងខ្ទមការចរាចររបស់ត្រី នៅអាងទន្លេមេគង្គក្នុងក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមរាប តំបន់កោះស្រឡាយ។
ប្រជាសហគមន៍នេសាទភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង លោក លី វិចិត្រ ស្នើឱ្យអាជ្ញាធរខេត្តគិតគូរឱ្យបានហ្មត់ចត់ ក្នុងការទប់ស្កាត់បទល្មើសនេសាទ និងរឹតបន្តឹងការអនុវត្តច្បាប់ បើពុំដូច្នេះទេ ធនធានជលផលកាន់តែថយចុះ ប៉ះពាល់ជីវភាពពលរដ្ឋ។
លោកថា ការតាំងលក់ត្រីពងកូនធំៗ នៅតាមទីផ្សារ និងនាំចេញទៅខេត្តផ្សេងទៀតនៅរដូវបិទនេសាទ នៅតែកើតមានច្រើន ដែលជាហេតុធ្វើឱ្យត្រីធំៗ មិនអាចបន្តពូជបាន។
លោក លី វិចិត្រ៖ «ការបិទនៅមិនទាន់បានពេញលេញនៅរដូវបិទនេសាទ វាចេះតែលួចនេសាទនៅពេលយប់ ព្រោះទន្លេយើងមានវិសាលភាពច្រើន ក្នុងខេត្តស្ទឹងត្រែងយើង មានដល់ទៅ ៤ ទន្លេ»។

វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីនាយខណ្ឌរដ្ឋបាលជលផល ខេត្តស្ទឹងត្រែង អ្នកស្រី សំ វិចិត្រ បាននៅឡើយទេ នៅថ្ងៃទី ២៧ ឧសភា។
ចំណែកអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
អាជ្ញាធរខេត្តស្ទឹងត្រែងបានប្រកាសបិទដែននេសាទចាប់ពីថ្ងៃទី១ ឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា ដើម្បីការពារត្រីមេពូជអំឡុងពេលពងកូន។
ក្នុងអំឡុងពេលបិទនេសាទនេះ មិនអនុញ្ញាតឱ្យមានការនេសាទ ដោយឧបករណ៍មងគ្រប់ប្រភេទដើម្បីការពារត្រីមេពូជ កំពុងបង្កកំណើត។ ចំណែក ឧបករណ៍ អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នក់ អាជ្ញាធរមិនអនុញ្ញាតឱ្យប្រើក្នុងរដូវបិទនេសាទឡើយ។
ប្រធានខណ្ឌជលផលខេត្តស្ទឹងត្រែង អ្នកស្រី សំ វិចិត្រ បានថ្លែងក្នុងសេចក្តីជូនដំណឹងថា រដូវត្រីពងកូន អ្នកនេសាទត្រូវមានឆន្ទៈស្រឡាញ់មច្ឆាជាតិ ចៀសវាងប្រើឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់ ឬលួចចូលទៅធ្វើនេសាទក្នុងអន្លង់អភិរក្ស បង្កផលប៉ះពាល់ត្រីពងកូន ។
អ្នកស្រីស្នើឱ្យអ្នកនេសាទអនុវត្តន៍សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឱ្យបានខ្ជាប់ខ្ជួន និងរួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ។
ជុំវិញរឿងនេះ នាយកអង្គការបណ្តាញការពារទន្លេបី លោក លាង ប៊ុនលាភ យល់ថា បទល្មើសនេសាទគឺជារឿងមួយ ដែលអាជ្ញាធរគួរតែយកចិត្តទុកដាក់ដោះស្រាយ មិនគួរផ្តល់ឱកាសឱ្យជនខិលខូចបំផ្លាញធនធានរបស់ជាតិនោះឡើយ។
លោកបារម្ភថា ត្រីមេពូជជាច្រើន នឹងច្រាលឡើងរកកន្លែងពងកូន ក្នុងខែវស្សានេះនឹងជួបគ្រោះថ្នាក់ ដោយសារបទល្មើសនេសាទ។
លោក លាង ប៊ុនលាភ៖ «រឿងនេះយើងគួររួមគ្នាដោះស្រាយជាបន្ទាន់ ដើម្បីឱ្យការចែកចាយផលនេសាទ ដល់ពលរដ្ឋទូទៅបានផលស្មើៗ គ្នា ដើម្បីជាប្រជាអាហារូបត្ថម្ភ និងជីវភាពរស់នៅ របស់ពលរដ្ឋទូទៅ»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា លក្ខណៈជីវសាស្ត្ររបស់ត្រីមេពូជ តែងសម្ងំក្នុងអន្លង់អភិរក្សទឹកជ្រៅ និងរូងថ្ម ហើយនៅពេលរដូវពងកូនវាច្រាលមកតំបន់ព្រៃលិចទឹក និងឫសឈើជាដើម ដើម្បីរកកន្លែងកាច់សំបុកពងកូនបង្កកំណើត។ ជាមួយគ្នានេះ នៅពេលដែលត្រីច្រាលឡើង រកកន្លែងពងកូន ពេលធ្លាក់ភ្លៀង អ្នកស្រុកមួយចំនួន នឹងសម្រុកចាប់ត្រីទាំងនោះ ធ្វើឱ្យប៉ះពាល់ទិន្នផលត្រី។
រីឯរដ្ឋបាលជលផល នៃក្រសួងកសិកម្ម ចេញសេចក្ដីបិទនេសាទ ក្នុងដែននេសាទទឹកសាប ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។
កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ បណ្ដាញយុវជនកម្ពុជា (CYN)បានផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយ រកឃើញថា កត្តាអាជ្ញាធរមិនយកចិត្តទុកដាក់ការប្រព្រឹត្តអំពើពុករលួយ និងកង្វះសម្ភារៈទំនើបប្រើប្រាស់ដើម្បីទប់ស្កាត់បទល្មើសនេសាទ បានក្លាយជាក្តីបារម្ភធ្ងន់ធ្ងរមួយសម្រាប់កិច្ចការអភិរក្សក្នុងតំបន់ទន្លេមេគង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។