ដោយ យ៉ង ចាន់តារា
2024.05.29
RFA

អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែងក្នុងសន្និសីទបង្ហាញគ្រឿងញៀន នាមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ នៅកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។ RFA File
មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការព្រមានចាត់វិធានការលើមន្ត្រីពន្ធនាគារ កងកម្លាំង នគរបាលជាតិ និងមន្ត្រីរាជការដែលបម្រើការក្នុងស្ថាប័នរដ្ឋមិនអាចទប់ស្កាត់ការចែកចាយ និងការផលិតគ្រឿងញៀននៅក្នុងប្រទេសបានទេប្រសិនបើរដ្ឋាភិបាលមិនលុបបំបាត់អំពើពុករលួយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ព្រមានចាត់វិធានការសាជាថ្មីលើប្រធានពន្ធនាគារណាដែលជាប់ពាក់ព័ន្ធនឹងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន។
មន្ត្រីអង្គការសង្គមស៊ីវិលសង្កេតឃើញថា កន្លងទៅរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការបោសសម្អាតគ្រឿងញៀនជាច្រើនលើករួចមកហើយ ប៉ុន្តែបញ្ហាគ្រឿងញៀននៅតែបន្តកើតមានឡើងច្រើន ដោយសាររដ្ឋាភិបាលហាក់ខ្វះឆន្ទៈទប់ស្កាត់។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែឧសភា ថា ដោយសារការអនុវត្តច្បាប់ធូររលុង និងមានការយោគយល់ដល់ក្រុមឈ្មួញទុច្ចរិត ទើបធ្វើឱ្យមេខ្លោងរត់ពន្ធគ្រឿងញៀនអាចគេចផុតពីសំណាញ់ច្បាប់។ លោកបន្តថា បញ្ហាអំពើពុករលួយជាប្រព័ន្ធនៅក្នុងស្ថាប័នរដ្ឋគឺជា ឫសគល់ធ្វើឱ្យរដ្ឋាភិបាលបរាជ័យក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ។
លោក សេក សុជាតិ៖ «រដ្ឋាភិបាលគឺត្រូវតាំងចិត្ត ហើយប្ដេជ្ញាអនុវត្តទើបមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹង ហើយប្រសិនបើនៅតែធ្វើការសម្រេចចិត្ត ដោយការយោគយល់ដោយសារពួកគាត់ជាសមាជិកគណបក្ស ឬក៏អ្នកបម្រើនៅក្នុងផ្នែកណាមួយនៃគណបក្ស ឬក៏ដើម្បីការពារនៅផលប្រយោជន៍ណាមួយ គឺជារឿងមួយដែលពិបាកនៅក្នុងការដោះស្រាយ ហើយលទ្ធផលយើងមើលឃើញក្នុងការអនុវត្តដោយមានភាពឆកល្វែង»។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ថ្លែងនៅក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ និងផ្ដល់អនុសាសន៍ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ខែឧសភា ថា មន្ត្រី ឬជនទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នឹងមានវាសនាមិនខុសពីផ្សែងដែលចេញពីក្រដាសខ្ចប់ភ្លើងនោះទេ ពោលគឺត្រូវដុតកម្ទេចចោល។ លោក ស សុខា ព្រមានចាត់វិធានការតាមច្បាប់លើប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែដែលសមត្ថកិច្ចរកឃើញថា មានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឬមានអ្នកជាប់ឃុំណាមួយមានជាប់ពាក់ព័ន្ធនឹងបទល្មើស។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៨ ខែឧសភា។
ទាក់ទងបញ្ហានេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា ការចាត់វិធានការលើមន្ត្រីរដ្ឋាភិបាលតែម្យ៉ាងមិនអាចទប់ស្កាត់លំហូរនៃការនាំគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជនបានទេ។ លោកបន្តថា រដ្ឋាភិបាលត្រូវតែបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងមេខ្លោងចែកចាយគ្រឿងញៀនទើបអាចបង្ក្រាបការជួញដូរ និងការផលិតគ្រឿងញៀនមានប្រសិទ្ធភាព។
លោក នី សុខា៖ «តែយើងថា ចង់ឱ្យមានការពង្រឹង ការបង្កើន និងត្រួតពិនិត្យទៅលើអ្នកជាប់ពាក់ព័ន្ធទៅហ្នឹងការជួញដូរធំដុំ បើអ្នកដែលជួញដូរធំដុំ។ ការពិនិត្យមានវិធានការទៅលើអ្នកដែលជួញដូរគឺថាកុំឱ្យមានការលើកលែង កុំឱ្យមានការបន្ធូរបន្ថយពីព្រោះយើងកន្លងមកនេះមានអ្នកមានមួយចំនួនបានប្រព្រឹត្ត នូវការជួញដូរគ្រឿងញៀនដែលមានបុណ្យស័ក្ដិ អ្នកដែលមានតួនាទីអ្នកខ្លះមានតែឧកញ៉ាគឺថាជាប់ពន្ធនាគារមិនបានគឺថាត្រូវរួចខ្លួនទៅវិញអ៊ីចឹងទៅ»។
នេះមិនមែនជាលើកទីមួយទេដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ប្ដេជ្ញាចិត្តបង្ក្រាប និងបោសសម្អាតបញ្ហាគ្រឿងញៀនតាមបទបញ្ជារបស់លោក ហ៊ុន ម៉ាណែត ដើម្បីបញ្ចៀសមិនឱ្យកម្ពុជាក្លាយជាប្រទេសគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន។
ប៉ុន្តែអ្នកឃ្លាំមើលបញ្ហាសង្គមមួយចំនួនមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបរាជ័យក្នុងការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ដោយសារតែការប្រើប្រាស់ និងសកម្មភាពជួញដូរគ្រឿងញៀនតូចធំនៅតែបន្តកើតមានឡើងព្រោងព្រាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។