លោក ​ស៊ី ជីនពីង ជាមេដឹកនាំ​ចិនទី​២ ដែល​កម្ពុជា​យក​ដាក់ឈ្មោះ​ផ្លូវ ​បន្ទាប់ពី​លោក ​ម៉ៅ សេទុង

កម្ពុជា
29/05/2024 – 14:10
ដោយ៖ ញឹម សុផល
RFI

នៅថ្ងៃ​ទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជាបាន​ប្រកាសដាក់​ឈ្មោះផ្លូវ​ក្រវ៉ាត់ក្រុង​ទី​៣ ដែល​មានប្រវែង ​៥៣គីឡូម៉ែត្រ​ថាជា «​មហាវិថី ស៊ី ជិនពីង»​។ ការយកផ្លូវ​វាងក្រុង​ដ៏សំខាន់មួយនៅ​ក្នុងប្រទេស​កម្ពុជា ទៅដាក់​ឈ្មោះ​មេដឹកនាំ​ចិន​បែបនេះ គឺជា​ការបង្ហាញពី​ចំណងមិត្តភាព​ធំធេង​សម្រាប់ចិន​-កម្ពុជា​។ តែអ្នក​តាមដាន​នយោបាយ និង​សង្គមមួយ​ចំនួន​ហាក់បង្ហាញ​នូវការ​មិន​សប្បាយចិត្ត​។

លោក ​ស៊ី ជីនពីង ជាមេដឹកនាំ​ចិនទី​២ ដែល​កម្ពុជា​យក​ដាក់ឈ្មោះ​ផ្លូវ ​បន្ទាប់ពី​លោក ​ម៉ៅ សេទុង


កំណាត់ផ្លូវ​ក្រវ៉ាត់ក្រុង​ទី៣ ដែលមាន​ប្រវែង ​៥៣​គីឡូម៉ែត្រ ត្រូវបាន​នាយករដ្ឋមន្ត្រី​កម្ពុជាលោក​ ហ៊ុន ម៉ាណែត និង​ឯកអគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជា​លោក វ៉ាង វិនធាន​ ប្រកាសថា​ឈ្មោះ ​«មហាវិថី ស៊ី ជីនពីង​»។ ជាការកត់​សម្គាល់ ​មហាវិថី​ស៊ី ជីនពីង ​នេះ គឺជា​ឈ្មោះមេដឹកនាំ​កំពូលចិន​ទី​២ហើយ ​បន្ទាប់ពី​មហាវិថី​ម៉ៅ សេទុង ដែល​ឈ្មោះនេះ​ត្រូវបានដាក់​នៅលើផ្លូវ​មួយខ្សែ​ក្នុងរាជធានី​ភ្នំពេញពី​អតីតកាល​។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បាន​សរសេរនៅលើ​ហ្វេសប៊ុករបស់លោក​ថា​តាមសំណើ​របស់រដ្ឋាភិបាល​កម្ពុជា មិត្តចិន​បានឯកភាពក្នុងការ​ប្រសិទ្ធនាមផ្លូវ​ក្រវាត់ក្រុងទី៣ ​ដែលតភ្ជាប់ពី​ផ្លូវជាតិលេខ១​ ទៅផ្លូវជាតិ​លេខ៤ ជា «​មហាវិថី ស៊ី ជីនពីង»​។ លោកថា​ការប្រសិទ្ធនាម​ផ្លូវក្រវាត់ក្រុង​ទី៣ ​មានអត្ថន័យ​ធំធេង ​សម្រាប់ចំណង​មិត្តភាព​ដែកថែប​កម្ពុជា-ចិន​។

រដ្ឋមន្ត្រី​ក្រសួងសាធារណការ ​និង​ដឹកជញ្ជូន​កម្ពុជា​លោក ប៉េង ពោធិ៍នា ​បានបញ្ជាក់នៅក្នុង​សុន្ទរកថា​របស់លោកថា​គិតមកដល់បច្ចុប្បន្ននេះ ​គម្រោងស្តារ និង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់-ស្ពាន​ ដែលប្រើប្រាស់​ឥណទានសម្បទាន ​និង​ជំនួយឥតសំណង​របស់ចិន ដែលបាន​សាងសង់រួច​ និង​កំពុងសាងសង់​មានទឹកប្រាក់​សរុបប្រមាណ​ជាង ៣ ៤០០​លានដុល្លារ​។

ក៏ប៉ុន្តែលោក​បណ្ឌិត មាស នី ​អ្នកសិក្សា​ការអភិវឌ្ឈន៍​សង្គមបាន​សរសេរនៅលើ​ហ្វេសប៊ុករបស់​លោកថាបើជាលុយ​ជំនួយឥតសំណង ​នោះការដាក់​ឈ្មោះមានភាព​សមរម្យ​ តែទោះបីជាយ៉ាងណា​ក៏មិនមែន​ជាលុយរបស់​លោក ស៊ី ជិនពីង ​ដែរ។ ​លោកថាបើជា​លុយកម្ចីវិញ ​នោះវាកាន់តែ​វែងឆ្ងាយទៅទៀត។​ ក្រៅពីនេះ​ ក៏មានការធ្វើ​អត្ថាធិប្បាយខ្លីៗ​តាមបណ្តាញសង្គម​ថាការដាក់ឈ្មោះ​មេដឹកនាំចិន​លើផ្លូវស្រុកខ្មែរ ​គឺជាការយកចិត្ត​ម្ចាស់ជំនួយ ​និងខ្លះទៀត​បង្ហាញនូវការ​មិនពេញចិត្ត​ចំពោះការដាក់ឈ្មោះ​ផ្លូវស្រុកខ្មែរ​តាមឈ្មោះ​មេដឹកនាំ​កុម្មុយនីស្ត​ជាដើម។

លោក ស៊ី ជីនពីង ជាមេដឹកនាំចិនទី២ ដែលកម្ពុជាយកដាក់ឈ្មោះផ្លូវបន្ទាប់ពីលោក ម៉ៅ សេទុង
លោក ស៊ី ជីនពីង ជាមេដឹកនាំចិនទី២ ដែលកម្ពុជាយកដាក់ឈ្មោះផ្លូវបន្ទាប់ពីលោក ម៉ៅ សេទុង © STPM

សូមរំលឹកថា​ក្រៅពីឈ្មោះ​មេដឹកនាំចិន​លោក ស៊ី ជីនពីង​ និង​លោក ម៉ៅ សេទុង ​ប្រទេសកម្ពុជា​ក៏បាន​យកឈ្មោះ​មេដឹកនាំ​ប្រទេសផ្សេងៗ​ទៀតមកដាក់​នៅលើផ្លូវមួយ​ចំនួន ​ដូចជា​វិថីហ្សាលដឺហ្គូល​ វិថី​គីម អ៊ីលស៊ុង ​វិថីស៊ូកាណូ ​វិថី​អាលីអាឡាតាស់​។ល៕​

What Next?

Recent Articles