ដោយ ប្រាជ្ញ ចេវ
2024.05.29
RFA
សហគមន៍រងគ្រោះដីធ្លី នៅស្រុកឆែប ខេត្តព្រះវិហារ អះអាងថា អាជ្ញាធរបានព្រមានពលរដ្ឋមានជម្លោះដីធ្លី និងហាមឃាត់អ្នកភូមិប្រើសក្អក មិនឲ្យចូលទៅធ្វើស្រែចម្ការរបស់ពួកគេនៅក្នុងបរិវេណក្រុមហ៊ុនចិន រ៉ូយ ហ្វេង (Rui Feng) ទៀតនោះទេ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរមិនគួរប្រើប្រាស់ពាក្យសម្ដីគំរាមកំហែងនិងមិនស្វែងរកដំណោះស្រាយឲ្យពលរដ្ឋរងគ្រោះដីធ្លីឡើយ។
ពលរដ្ឋរងគ្រោះដីធ្លី នៅភូមិប្រើសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ អះអាងថា អាជ្ញាធរស្រុកឆែប មិនបានរកដំណោះស្រាយ ឲ្យប្រជាពលរដ្ឋដែលកំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅចិននោះទេ និងគំរាមប្ដឹងពលរដ្ឋទៅតុលាការថែមទៀត។
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយនៅភូមិប្រើសក្អក លោក ជុំ សុភឿត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ ខែឧសភាថា ពលរដ្ឋភូមិប្រើសក្អកចំនួន៧នាក់ បានចូលរួមកិច្ចប្រជុំស្វែងរកដំណោះស្រាយជាមួយអភិបាលស្រុកឆែប លោក ឡង់ សុបិន នៅសាលាស្រុកឆែប កាលពីថ្ងៃទី១៣ ខែឧសភា ប៉ុន្តែក្នុងកិច្ចប្រជុំនោះ មិនមានភាគីពាក់ព័ន្ធផ្សេងទៀតចូលរួមនោះទេ ក្រៅពីពលរដ្ឋរងគ្រោះដីធ្លីនិងអាជ្ញាធរស្រុក ហើយអាជ្ញាធរបានដកហូតទូរស័ព្ទនិងសម្ភារៈផ្សេងៗដែលអាចថតរូបនិងសំឡេង។ លោកថា នៅក្នុងកិច្ចប្រជុំនោះអភិបាលស្រុកឆែប លោក ឡង់ សុបិន បានព្រមានប្រជាពលរដ្ឋមិនឲ្យចូលទៅធ្វើស្រែចម្ការនៅក្នុងបរិវេណក្រុមហ៊ុនស្ករអំពៅចិននោះឡើយ ដោយសំអាងថា ដីទាំងនោះជារបស់ក្រុមហ៊ុនចិនវិនិយោគ ដើម្បីអភិវឌ្ឍន៍។ លោកបន្ថែមថា ការណ៍ដែលមិនឲ្យពលរដ្ឋចូលទៅអាស្រ័យផលនៅលើដីស្រែចម្ការរបស់ពួកគេ គឺជាទង្វើរំលោភបំពាននិងគ្មានយុត្តិធម៌សម្រាប់ជនជាតិដើម និងជាអ្នករងគ្រោះ។
លោក ជុំ សុភឿត៖ «ដីទាំងអស់នោះគាត់ប្រើប្រាស់យូរណាស់មកហើយ ធ្វើប្លង់ឲ្យពួកគាត់ទៅវាលែងមានរឿងរ៉ាវហើយ វាគ្មានភាពយុត្តិធម៌ អ្នកឈ្មួញកណ្ដាលគេមកពីណាពីណីយកបានដីរាប់រាយហិកតារមកដល់ពេលអ្នកដែលមានស្រែចម្ការធ្លាប់ធ្វើពីដូនពីតាមកបែបជាដេញគាត់មិនឲ្យធ្វើវាគ្មានភាពយុត្តិធម៌»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីអភិបាលស្រុកឆែប លោក ឡង់ សុបិន និងអភិបាលខេត្តព្រះវិហារ លោក គីម រីទ្ធី បានទេ នៅថ្ងៃទី២៨ ខែឧសភា។
ទោះជាយ៉ាងណាអាជ្ញាធរស្រុកឆែប ធ្លាប់ចេញសេចក្ដីប្រកាសហាមឃាត់ប្រជាពលរដ្ឋចំនួន១៧ភូមិ ក្នុងឃុំចំនួន៦ មិនឲ្យចូលទៅឈូសឆាយ ឬភ្ជួរដី ធ្វើស្រែចម្ការនៅក្នុងបរិវេណ ក្រុមហ៊ុនចិន រ៉ូយ ហ្វេង ដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ម្ដងរួចមកហើយ ប៉ុន្តែអនុញ្ញាតឲ្យពលរដ្ឋចំណាកស្រុកអាចចូលធ្វើស្រែចម្ការជំនួសជនជាតិដើមភាគតិចកួយវិញ។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ឃើញថា អាជ្ញាធរស្រុកឆែបកំពុងតែគាំទ្រក្រុមហ៊ុន និងក្រុមឈ្មួញកណ្ដាល ដែលរកស៊ីជួលដីធ្វើស្រែ ហើយកោះហៅប្រជាពលរដ្ឋយកទៅដាក់សម្ពាធបន្ថែមបែបនេះមិនមែនជាយន្តការស្វែងរកដំណោះស្រាយឡើយ។ លោកបន្ថែមថា ប្រសិនបើអាជ្ញាធរយល់អំពីសិទ្ធិជនជាតិដើមភាគតិច និងច្បាប់ភូមិបាលច្បាស់លាស់ អាជ្ញាធរនឹងមិនប្រើប្រាស់ពាក្យសម្ដីគំរាមកំហែងដល់ពលរដ្ឋបែបនេះនោះទេ។
លោក ប៉ឹក សោភ័ណ៖ «គាត់យល់ពីសិទ្ធិពលរដ្ឋយល់ពីសិទ្ធិជនជាតិដើមភាគតិច មានក្នុងច្បាប់ភូមិបាល ប្រហែលជាគាត់គោរពសិទ្ធិជនជាតិដើមភាគតិច និងសិទ្ធិរបស់ប្រជាពលរដ្ឋគាត់នឹងមិនប្រើពាក្យពេជណាមួយ ដែលបញ្ហាពីការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលគាត់ជាម្ចាស់ទឹកម្ចាស់ដីគាត់ប្រើប្រាស់អាស្រ័យផលដីធ្លីតាំងពីដូនតាគាត់មក»។
ក្រុមហ៊ុន ហេង ហ្វូ ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកាលពីឆ្នាំ២០១១ លើផ្ទៃដីជិត៥ម៉ឺនហិកតារ (៤៩,០០០) នៅខេត្តព្រះវិហារដើម្បីវិនិយោគទៅលើផលិតស្ករស ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធចំនួន៥ រួមមានក្រុមហ៊ុន រ៉ូយ ហ្វេង (Rui Feng) ឡាន ហ្វេង (Lan Feng ) ហេង យូ (Heng Yue) និង ហេង ណុង (ខេមបូឌា) អ៊ីនធើណេសិនណល ខមភេនី (Heng Non (Cambodia) International Company)។ ក្រុមហ៊ុនមួយនេះបានផ្អាកដំណើរការម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ប៉ុន្តែនៅឆ្នាំ២០២៣អាជ្ញាធរខេត្តព្រះវិហារ បានអះអាងថា ក្រុមហ៊ុនស្ករអំពៅនៅតែដំណើរការជាធម្មតា។ ទោះជាយ៉ាងណា រហូតមកដល់ឆ្នាំ២០២៤នេះ គេមិនទាន់ឃើញក្រុមហ៊ុន ហេង ហ្វូ ធ្វើសកម្មភាពអភិវឌ្ឍន៍អ្វី ក្រៅពីឃុបឃិតគ្នាជាមួយអាជ្ញាធរជួលដីទាំងនោះឲ្យទៅពលរដ្ឋចំណាកស្រុកឲ្យដាំដំណាំកសិកម្ម និងមិនព្រមដោះស្រាយជម្លោះដីធ្លីឲ្យពលរដ្ឋនៅតំបន់នោះនៅឡើយ ព្រមទាំងមានការប្ដឹងផ្ដល់ពលរដ្ឋមានវិវាទដីធ្លីទៅតុលាការថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។