ខ្មែរក្រោម​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​គ្រោង​ធ្វើ​ពិធី​រំលឹក​ខួប ៧៥​ឆ្នាំ​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម

ដោយ សុជីវី
2024.05.30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ខ្មែរក្រោម​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​គ្រោង​ធ្វើ​ពិធី​រំលឹក​ខួប ៧៥​ឆ្នាំ​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម

ខ្មែរ​ក្រោម​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​បូរី​ញូវយ៉ក (New York) នៅ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ ដើម្បី​ទាមទារ​អាជ្ញាធរ​វៀតណាម​ឱ្យ​ដោះ​លែង​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ១៣អង្គ និង​នាក់ ដែល​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ។ រូប៖ RFA/ 2024-04-19


ខ្មែរក្រោម​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​គ្រោង​ធ្វើ​ពិធី​រំលឹក​ខួប ៧៥​ឆ្នាំ នៃ​ការណ៍​ដែល​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម​គ្រប់គ្រង បន្តបន្ទាប់​គ្នា​នៅក្នុង​ខែមិថុនា​ខាងមុខ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃទី១ រហូត​ដល់​ថ្ងៃទី​៩ ខែ​មិថុនា។

ក្នុង​នោះ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​គ្រោង​នឹង​ជួបជុំគ្នា ហែ​ក្បួន​រំលឹក​ខួប ៧៥​ឆ្នាំនេះ នៅ​ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា ដែល​នឹង​មាន​មនុស្ស​រាប់​រយ​នាក់​ចូលរួម។

កម្មវិធី​នេះ​ធ្វើឡើង ដើម្បី​រួមគ្នា​រម្លឹក​ប្រវត្តិ​ទឹកដី​ខ្មែរក្រោម និង​ផែនការ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​ទឹកដី​ខ្មែរក្រោម និង​សិទ្ធិ​សេរីភាព​ខ្មែរ​ក្រោម។

ខ្មែរក្រោម​រស់នៅ​ប្រទេស​អូស្ត្រាលី​នឹង​ចាប់ផ្ដើម​ធ្វើ​ពិធី​រំលឹក​ខួប ៧៥ ឆ្នាំនេះ​មុនគេ​គឺ​នឹង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែ​មិថុនា នៅ​ពេល​ដែល​ខ្មែរ​ក្រោម​នៅ​អឺរ៉ុប នៅ​កាណាដា និង​នៅ​ប្រទេស​កូរ៉េខាងត្បូង​គ្រោង​ធ្វើ​ពិធី​នេះ​នៅ​ថ្ងៃទី​២ មិថុនា​។ រីឯ​ខ្មែរក្រោម​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​សហរដ្ឋអាមេរិក​គ្រោង​នឹង​ប្រារព្ធ​ពិធី​នេះ​នៅ​ថ្ងៃទី​៩ មិថុនា។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ខ្មែរ​ក្វាងជូ នៅ​ប្រទេស​កូរ៉េខាងត្បូង លោក លួន វិបុល ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ក្រុម​របស់​លោក​រៀបចំ​កម្ម​វិធី​នេះ ដើម្បី​រម្លឹក​ពី​ការបាត់បង់​ទឹកដី​ខ្មែរក្រោម និង​ដាស់​ស្មារតី​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ឈឺឆ្អាល​រឿងរ៉ាវ​ខ្មែរក្រោម​។ លោក វិបុល រំពឹង​ថា ថ្ងៃ​ណាមួយ​ខ្មែរ​គ្រប់​ស្រទាប់ រួម​នឹង​រដ្ឋាភិបាល​កម្ពុជា​ផង​នឹង​យកចិត្តទុកដាក់​សុខទុក្ខ​ខ្មែរក្រោម​ដូច​ពាក្យ​ថា «​ខ្មែរ​តែមួយ»។

លោក លួន វិបុល៖ «បង្ហាញ​អំពី​ភក្ដីភាព​ថា​គាត់​មាន​ភាពស្មោះត្រង់ មាន​ការ​ខ្វាយខ្វល់​ជាមួយ​បងប្អូន ខាង​កម្ពុជា​ក្រោម កុំ​គិតថា​កម្ពុជា​ក្រោម​នៅ​ម៉ា​ប៉ែក ហើយ​ទុក​ឱ្យ​គេ​ធ្វើ​ទៅ កុំឱ្យ​គិត​បែប​ហ្នឹង​ឱ្យ​សោះ គឺ​គិតថា​គាត់​ហ្នឹង​ក៏​ជា​បងប្អូន​ឈាមជ័រ​យើង​តែមួយ​ផង​ដែរ​។ ការ​ធ្វើ​ហ្នឹង​ទៀតសោត​កាលណា​មានការ​ចូលរួម​ច្រើន​បី​បងប្អូន​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក មិន​ថា​តែ​នៅ​កម្ពុជា​យើង​ទេ គឺ​បង្ហាញ​អំពី​ឥទ្ធិពល​ក៏ដូចជា​កម្លាំង​ចលករ​មួយ​ដ៏​ធំ​សម្បើម ឬ​ជា​កម្លាំង​ដ៏​មហិមា ដ៏​អស្ចារ្យ​ទៅ​ដល់​ឥស្សរជន​នយោបាយ ថ្នាក់ដឹកនាំ​នៅ​សហព័ន្ធ​ខ្មែរ​កម្ពុជា ដែល​គាត់​កំពុងតែ​តស៊ូ ដើម្បី​សិទ្ធិ​ស្វ័យ​សម្រេច​សម្រាប់​ជាតិ​មាតុភូមិ​ខ្មែរក្រោម»។

តាម​គម្រោង​សមាគម​ប្រជាធិបតេយ្យ​ខ្មែរ​ក្វាងជូ ត្រៀម​រៀបចំ​កម្មវិធី​ជួបជុំ​តាម​បែប​ព្រះពុទ្ធសាសនា​នៅពេល​ព្រឹក​ថ្ងៃទី​២ មិថុនា និង​ពេល​រសៀល​មាន​ហែ​ក្បួន ដែល​គេ​ហៅថា​ហែ​ក្បួន​រដ្ឋបុរស​ខ្មែរ​ក្រោម ឧកញ៉ា សឺន គុយ វីរសង្ឃ និង​អ្នកស្នេហា​ជាតិ​ខ្មែរ ដោយ​មាន​អ្នកចូលរួម​រាប់​រយ​នាក់​។ បើ​ទោះជា​អ្នក​ចំ​កម្មវិធី​នៅ​ប្រទេស​កូរ៉េ​នេះ​មិនមែន​ជា​ក្រុម​ខ្មែរក្រោម​ក្ដី ក៏​ពួកគេ​ចង់​បញ្ជាក់​ថា ខ្មែរ​នៅ​ប្រទេស​កូរ៉េ ចូលរួម​ជាមួយ​ខ្មែរក្រោម​ដែល​កំពុង​តស៊ូ​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​សម្រេច​ជោគវាសនា​ដោយ​ខ្លួនឯង​សម្រាប់​ខ្មែរក្រោម​ជា​ជនជាតិ​ដើម​នៅ​លើ​ទឹកដី​កំណើត។

khmerkrom2.jpeg
ខ្មែរ​ក្រោម​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​បូរី​ញូវយ៉ក (New York) នៅ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ ដើម្បី​ទាមទារ​អាជ្ញាធរ​វៀតណាម​ឱ្យ​ដោះ​លែង​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ចំនួន ១៣អង្គ និង​នាក់ ដែល​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ។ រូប៖ RFA/2024-04-19

នៅ​ប្រទេស​អ៊ីតាលី (Italy) លោក ត្រឹង សារុង ដែល​តំណាង​ខ្មែរក្រោម​នៅ​អឺរ៉ុប​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ខ្មែរ​ក្រោម​នៅ​ប្រទេស​បារាំង និង​នៅ​អ៊ីតាលី នឹង​រៀបចំ​ពិធី​រម្លឹក​ខួប​ដាច់ដោយឡែក​ពី​គ្នា នៅ​ថ្ងៃទី​២ ខែ​មិថុនា ដែរ ដើម្បី​ផ្ញើ​សារ​ទៅ​ខ្មែរ​គ្រប់ទិសទី​ឱ្យ​ចងចាំ​ប្រវត្តិសាស្ត្រ​របស់​ជាតិខ្មែរ និង​ជំហរ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​ខ្មែរក្រោម​ឱ្យ​បាន​ស្មើមុខ​ជនជាតិ​ដើម​ម្ចាស់​ស្រុក។

លោក ត្រឹង សារុង៖ «ជាពិសេស​យើង​មើលឃើញ​បងប្អូន​យុវជន​យើង ទាំង​ព្រះសង្ឃ​ទាំងអស់​នៅ​កម្ពុជា​ក្រោម​ហ្នឹង​តស៊ូ​រហូតដល់​ថ្ងៃ​ហ្នឹង​រហូតដល់​អ្នកខ្លះ​ក៏​ជាប់គុក​។ យើង​ក៏​មាន​ការ​សោកស្ដាយ​ចំពោះ​ពួកគាត់ ប៉ុន្តែ​ក្នុង​ការ​តស៊ូ​ណាក៏ដោយ វា​មានការ​បាត់បង់​ខ្លះ​អ៊ីចឹង​ហើយ មានការ​លះបង់​អ៊ីចឹង​ហើយ​។ ដូច្នេះ​យើង​ក៏​នៅតែ​បន្តវេន​ហ្នឹង​តស៊ូ​ទៅទៀត ដើម្បី​ឱ្យ​ដល់​ទីបំផុត​គឺ​យើង​ត្រូវ​បាន​ជោគជ័យ​គឺ​យើង​ជា​ជនជាតិ​ដើម គឺ​យើង​ចង់បាន​សិទ្ធិ​មួយ​ហ្នឹង»។

មិន​ខុសគ្នា​នេះ​ដែរ តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ខេត្ត​អនធារីយ៉ូ (Ontario) ប្រទេស​កាណាដា (Canada) លោក តោ វុឌ្ឍី រំពឹង​ថា ការចូលរួម​ពី​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​គឺជា​ការ​លើកទឹកចិត្ត​ដ៏​ល្អ​មួយ​សម្រាប់​ខ្មែរក្រោម ដើម្បី​តស៊ូ​ត​ទៅមុខ​ទៀត។

លោក តោ វុឌ្ឍី៖ «ដូច្នេះ​ដើម្បី​ឱ្យ​មានការ​បន្ធូរបន្ថយ ឱ្យ​វៀតណាម​នឹង​ត្រូវតែ​គោរព យើង​ត្រូវតែ​ខំ​រួបរួម​គ្នា​នៅ​ខាងក្រៅ​ឱ្យ​បាន​កាន់​ច្រើនឡើង ឱ្យ​សំឡេង​សហព័ន្ធ ដែល​បងប្អូន​យើង​ខំ​តវ៉ា​ហ្នឹង​ឱ្យ​កាន់តែ​ធំធេង​ឡើង ដើម្បី​បញ្ចប់​នូវ​ការជិះជាន់​នេះ»។

សហរដ្ឋអាមេរិក​វិញ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​នេះ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ ៤ ទីតាំង​ផ្សេងគ្នា​គឺ​នៅ​ថ្ងៃទី​១ មិថុនា នៅ​ទីក្រុង តាកូម៉ា (Tacoma) នៃ​រដ្ឋ​វ៉ាស៊ីនតោន (Washington State) នៅ​ថ្ងៃទី​២ ខែ​មិថុនា នៅ​ទីក្រុង​សានប៊ែរណាឌីណូ (San Bernadio) និង​នៅ​ថ្ងៃទី​៩ ខែ​មិថុនា នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) និង​ទីក្រុង​សានហូហ្ស៊េ (San Jose) នៅ​រដ្ឋ​កាលីហ្វនីញ៉ា (California)។

ចំណែក​នៅក្នុង​ប្រទេស​កម្ពុជា​វិញ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នឹង​ប្រារព្ធ​ទិវា​បាត់បង់​ទឹកដី​នៅ​ឯ​វត្ត​សាមគ្គីរង្សី ស្ថិត​នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ពិធី​រម្លឹក​ខួប​៧៥​ឆ្នាំ​មាន​ន័យថា បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​សរុប​២៤ ខេត្ត ក្រុង ទៅ​ឱ្យ​វៀតណាម​អស់​រយៈពេល​៧៥​ឆ្នាំ​ហើយ​។ រយៈពេល​ជិត​១០០​ឆ្នាំនេះ ខ្មែរក្រោម​ដែល​រស់​នៅ​លើ​ទឹកដី​កំណើត​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​សព្វបែបយ៉ាង​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ដែល​រក​គ្រប់​មធ្យោបាយ​បំបាត់​អត្តសញ្ញាណ វប្បធម៌ ប្រពៃណី និង​សាសនា​ខ្មែរ។ ជាអាទិ៍​ពេល​នេះ​មាន​សកម្មជន​ខ្មែរក្រោម​ចំនួន​៨​នាក់ និង​ព្រះសង្ឃ ៥​អង្គ កំពុង​ជាប់ឃុំ​ដោយសារតែ​ការ​ផ្សព្វផ្សាយ​ពី​សិទ្ធិមនុស្ស និង​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​សម្រាប់​ខ្មែរក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles