កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
30/05/2024 – 11:49
ដោយ៖ ជួប នរក្សា
RFI
នៅថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា ឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams និងមន្ត្រីស្ថានទូតអង់គ្លេសបានជួបប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន។ តាមខ្លឹមសារនៃជំនួប លោក Dominic Williams បានប្រាប់លោក ហ៊ុន សែន អំពីក្តីកង្វល់របស់អង់គ្លេសលើបញ្ហាមួយចំនួន និងបានស្នើឲ្យកម្ពុជាធានាពីការបើកលំហសេរីភាពសង្គមស៊ីវិល និងការបញ្ចេញមតិពាក់ព័ន្ធក្នុងផ្នែកនយោបាយ។
ទូតអង់គ្លេសប្រាប់លោក ហ៊ុន សែន ពីការចង់ឲ្យកម្ពុជាធានាលំហសេរីភាព និងការបញ្ចេញមតិនយោបាយ
តាមខ្លឹមសារដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញបានរៀបរាប់ពីប្រធានបទសំខាន់នៃជំនួបរវាងឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams និងប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន។ ប្រធានបទសំខាន់ទាំងនោះរួមមាន គោលនយោបាយការបរទេសសំខាន់ៗ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងឱកាសដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគរវាងអង់គ្លេស-កម្ពុជា។ ក្រៅពីនេះ លោក Dominic Williams ក៏ភ្លេចលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាដោយបានគូសបញ្ជាក់ ការធានាឲ្យមានលំហសម្រាប់សង្គមស៊ីវិល និងមតិចម្រុះនៅក្នុងកិច្ចសន្ទនានយោបាយ គឺជារឿងចាំបាច់។

បន្ទាប់មក ឯកអគ្គរាជទូតអង់គ្លេសបានលើកឡើងនូវក្តីកង្វល់មួយចំនួននៅកម្ពុជា ដូចជាការជួញដូរមនុស្ស ការធ្វើពលកម្មដោយបង្ខំ និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធ័រណែត។ គួរកត់សម្គាល់ថា នេះជាជំនួបដំបូងរបស់លោក Dominic Williams ជាមួយលោក ហ៊ុន សែន ក្នុងនាមលោកហ៊ុន សែនជាប្រធានព្រឹទ្ធសភា។ ទោះយ៉ាងណា ការលើកឡើងពីបញ្ហាខាងលើមិនត្រូវបានស្ថានទូតអង់គ្លេសប្រចាំក្រុងភ្នំពេញលម្អិតបន្ថែមទេ។ តែឯកអគ្គរាជទូតអង់គ្លេសលោក Dominic Williams បានសរសេរបន្ថែមលើទំព័រហ្វេសប៊ុករបស់លោកថា មានបញ្ហាប្រឈមជាច្រើននៅជុំវិញពិភពលោកសព្វថ្ងៃនេះ និងថា កិច្ចសន្ទនាដ៏ទូលាយជាមួយលោក ហ៊ុន សែន នឹងធ្វើឲ្យកម្ពុជាអាចសហការលើបញ្ហាទាំងអស់នេះ។
គួរកត់សម្គាល់ថា នេះមិនមែនជាលើកទី១ទេដែលបណ្តាស្ថានទូតលោកខាងលិចប្រចាំទីក្រុងភ្នំពេញបានលើកពីបញ្ហាសិទ្ធិមនុស្ស លំហប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិនៅពេលមានជំនួបផ្លូវការជាមួយបណ្តាឥស្សរជននយោបាយកំពូលរបស់កម្ពុជា។ ជាក់ស្តែង ទូតបារាំង អូស្ត្រាលី និងអាមេរិកសុទ្ធសឹងតែធ្លាប់លើកពីក្តីបារម្ភនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងប្រាថ្នាចង់ឃើញរាល់មតិចម្រុះរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានគោរព៕