ដោយ សុជីវី
2024.05.31
RFA

រូបភាពលោក ខេម សុឃី ឈរជាប់ដើមឈើទាល (ដើរច្បោះ) មានមុខកាត់ជាង ១ម៉ែត្រ ត្រង់ចំណុច វាស្រែអាចដែក ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តព្រះវិហារ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។ រូប៖ ផ្ដល់ឱ្យ
សកម្មជនការពារព្រៃឡង់ខេត្តព្រះវិហារម្នាក់ ដែលរងការវាយដំចាប់ចង ពីសំណាក់អាជ្ញាធរ គឺលោក ខេម សុឃី ប្ដេជ្ញាចិត្តការពារព្រៃឡង់ឲ្យបានគង់វង្ស ទោះបីប្រឈមមុខនឹងអាជ្ញាធរហាមឃាត់មិនឲ្យចូលរួមការពារឬព្រៃឡង់យ៉ាងណាក្ដី។ តើលោក ខេម សុឃី មានប្រវត្តិតស៊ូការពារព្រៃយ៉ាងណាខ្លះ?
លោក ខេម សុឃី គឺជាសកម្មជនការពារព្រៃឡង់ដ៏ក្លាហានមួយរូប ដែលហ៊ានចេញមុខរិះគន់ទៅលើមន្ត្រីរដ្ឋាភិបាលដែលអសកម្ម និងបានការពារព្រៃឡង់និងប្រយុទ្ធប្រឆាំងជាមួយក្រុមហ៊ុនអ្នកមានអំណាចរកស៊ីកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។
មានមាឌល្អិតសម្បុរខ្មៅ លោក ខេម សុឃី ប្រាបវិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែឧសភាថា លោកគ្មានការខ្លាចញញើតនិងការចាប់ចង់ពីអាជ្ញាធរនោះទេ ពីព្រោះលោកចាត់ទុកការងារការពារព្រៃឈើសព្វថ្ងៃគឺជាកាតព្វកិច្ចរបស់លោក ដែលត្រូវជួយថែរក្សាសម្បត្តិជាតិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ លោកថា ចង់ឃើញព្រៃឡង់គ្មានបទល្មើស និងក្លាយជាតំបន់អេកូទេសចរណ៍បែបធម្មជាតិធំជាងគេនៅកម្ពុជា ដើម្បីទុកជាស្នាដៃនិងជាគំរូភាពដល់កូនចៅជំនាន់ក្រោយឲ្យខិតខំការពារសម្បត្តិជាតិនេះតទៅទៀត។
លោក ខេម សុឃី៖ «មានសម្បត្តិធនធានធម្មជាតិទាំងអស់នោះហើយ យើងត្រូវតែការពារត្រូវតែស្វះស្វែងយល់ដឹងអំពីសម្បត្តិ ពីព្រោះយើងជាម្ចាស់សម្បត្តិទាំងអស់នោះ យើងកុំឲ្យបុគ្គលអ្នកមានអំណាចមួយចំនួនយកតែបក្ខពួកខ្លួន ប្រើប្រាស់សម្បត្តិជាតិរបស់យើងដើម្បីភាពមានបានរបស់ពួកគាត់»។
បុរសវ័យ ៤០ឆ្នាំតែងតែចេញមុខតវ៉ាប្រឆាំងការកាប់ឈើខុសច្បាប់នៅតំបន់ព្រៃឡង់ រូបនេះ ចាប់ផ្ដើមចូលប្រឡូកការងារសង្គម និងការពារព្រៃឡង់នៅក្នុងឆ្នាំ២០១២ នៅពេលដែលរដ្ឋាភិបាល បានសម្បទានដីព្រៃជាប់តំបន់ព្រៃឡង់ឲ្យទៅក្រុមហ៊ុនឯកជនធ្វើការវិនិយោគ ដោយសារតែលោក មើលឃើញអំពីវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់យ៉ាងធ្ងន់ធ្ងរ ទើបលោកសម្រេចចូលរួមការពារព្រៃជាមួយប្រជាពលរដ្ឋជាច្រើននៅជុំវិញតំបន់ព្រៃឡង់។
លោក ខេម សុឃី បានចុះស្រាវជ្រាវនិងស៊ើបអង្កេត រកឃើញការកាប់ឈើខុសច្បាប់របស់ក្រុមហ៊ុន ភីអិនធី (PNT) ក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍ ប៉ែកខាងខេត្តព្រះវិហារ និងក្រុមហ៊ុន ស៊ីងបាយអូថេក (Think Biotech (Cambodia) CO, Ltd) ដែលបានលួចកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ នៅឆ្នាំ២០២០ ក្រោយមកលោកក៏ត្រូវបានអាជ្ញាធរខេត្តក្រចេះចាប់ខ្លួន ក្នុងនោះរួមមាន អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ស្រី ថី សកម្មជនការពារព្រៃឈើ លោក ម៉ែន ម៉ាត់ និងម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize ឆ្នាំ២០១៦ លោក អ៊ួច ឡេង ក្នុងអំឡុងពេលពួកលោកចុះសិក្សាស្រាវជ្រាវរកបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ប៉ែកខាងខេត្តក្រចេះ ប៉ុន្តែត្រូវបានអាជ្ញាធរដោះលែងវិញបន្ទាប់ពីអាជ្ញាធររកមិនឃើញកំហុសរបស់ពួកគេ។

លោក ខេម សុឃី ត្រូវបានមន្ត្រីបរិស្ថានខេត្តកំពង់ធំព្រួតគ្នាវាយដំយ៉ាងធ្ងន់ធ្ងរនៅឆ្នាំ២០២០ ដោយសារលោកបានដឹកនាំប្រជាពលរដ្ឋចូលទៅធ្វើបុណ្យបំបួសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់។ នៅដើមឆ្នាំ២០២៣ លោក ខេម សុឃី បានធ្វើការស៊ើបអង្កេតនិងចងក្រងរបាយការណ៍ ស្ដីអំពីការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃឡង់ ដោយរកឃើញថា ក្រុមហ៊ុន ម៉ាឃលឡូជីស្ទី (Macle Logistics) គឺជាអ្នកកាប់បំផ្លាញដែលមានមន្ត្រីកងរាជអាវុធហត្ថជាប់ពាក់ព័ន្ធជាមួយលោកក៏បានរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធឲ្យចុះទប់ស្កាត់និងចាត់វិធានការតែម្ដង។
ក្រៅពីការងារការពារព្រៃឈើ លោក ខេម សុឃី ក៏បានដឹកនាំប្រជាពលរដ្ឋតវ៉ាការពារដីស្រែចម្ការនិងស្វែងរកយុត្តិធម៌ ក្រោយក្រុមហ៊ុន PNT បានរំលោភបំពានយកដីស្រែចម្ការរបស់ពួកគេយ៉ាងអយុត្តិធម៌ ហើយក្រុមហ៊ុនមួយនេះបានប្ដឹងលោក និងពលរដ្ឋចំនួន៤នាក់ទៀតទៅតុលាការខេត្តព្រះវិហារ ដោយចោទពីបទញុះញង់។
លោក ខេម សុឃី កើតនៅឆ្នាំ១៩៨៣ នៅខេត្តព្រះវិហារ ធ្លាប់បួសជាព្រះសង្ឃ និងបានសិក្សាថ្នាក់បរិញ្ញាបត្រត្រឹមឆ្នាំទី២នៅសកលវិទ្យាល័យមួយនៅភ្នំពេញ។ ក្រោយបានលាចាកសិក្ខាបទ លោកបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៨ ជាមួយ លោកស្រី អន សុខមាន និងមានកូនចំនួន២នាក់ ប្រុសម្នាក់ ស្រីម្នាក់។
អ្នកធ្វើការងារស្និតស្នាលជាមួយលោក ខេម សុឃី និងជាមន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន សង្កេតឃើញថា លោក ខេម សុឃី មានការតាំងចិត្តខ្ពស់ក្នុងការចូលរួមការពារព្រៃឈើនៅតំបន់ព្រៃឡង់ និងមានភាពក្លាហានក្នុងការនិយាយរិះគន់មន្ត្រីរដ្ឋាភិបាលដែលអសកម្ម និងមានឆន្ទៈមោះមុតក្នុងការពារព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ ។ លោកលើកទឹកចិត្តដល់ប្រជាសហគមន៍ដទៃទៀតឲ្យយកគំរូតាមលោក ខេម សុឃី ពីព្រោះលោកបានលះបង់ទាំងកម្លាំងកាយចិត្ត និងថវិកាក្នុងបុព្វហេតុការពារសម្បត្តិជាតិមួយនេះ។
លោក អូត ឡាទីន៖ «គាត់លះបង់ច្រើនមែនទែនទោះបីជីវភាពគ្រួសាររបស់គាត់មានការខ្វះខាត តែទឹកចិត្តគាត់មានការធំធេងណាស់សម្រាប់ធនធានធម្មជាតិ ហើយខ្ញុំចាត់ទុកគាត់ជាធនធានកម្រគឺជាគំរូភាពសម្រាប់ខ្ញុំដែរ ពីព្រោះគាត់មានឆន្ទៈមោះមុត គាត់មានភាពក្លាហានក្នុងការចូលរួមចំណែកជំរុញឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ឲ្យមានគុណភាព»។
បច្ចុប្បន្ន សកម្មជនការពារព្រៃឡង់រូបនេះ នៅតែបន្តធ្វើការងារការពារព្រៃឈើតាមឆន្ទៈរបស់ខ្លួន និងបានដឹកនាំសមាជិកដទៃទៀត ចុះល្បាតព្រៃឡង់ខាងខេត្តព្រះវិហារជារៀងរាល់ខែ មិនតែប៉ុណ្ណោះ លោកក៏បានចូលរួមចែករំលែកបទពិសោធន៍ការពារព្រៃឈើទៅដល់យុវជន សិស្ស និស្សិត តាមសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ឲ្យដឹងថា លោក ខេម សុឃី លះបង់ពេលវេលាជួបជុំគ្រួសារ និងថវិកាផ្ទាល់ខ្លួនដើម្បីការពារព្រៃឈើ ដោយសារគាត់មើលឃើញអំពីវិនាសកម្មព្រៃឈើនៅក្នុងតំបន់ព្រៃឡង់។ លោកជំរុញឲ្យយុវជនជំនាន់ក្រោយយកគំរូតាម និងហ៊ានចេញមុខការពារទ្រព្យសម្បត្តិរបស់ជាតិ ព្រមទាំងស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ។
លោក ស្រី ថី៖ «ខ្ញុំជំរុញឲ្យគាត់ លោក ខេម សុឃី ធ្វើការងារនេះបន្តទៀត ដើម្បីឲ្យបានចប់ចុងចប់ដើម កុំឲ្យនៅពាក់កណ្ដាលទីដូចសកម្មជនមុខៗ សុំឲ្យគាត់បន្តទៅទៀតដើម្បីព្រៃឈើយើងទាំងអស់គ្នា បើយើងសង្ឃឹមគេផ្សេងមិនមែនដូចគំនិតយើងទេ អាចនឹងបរាជ័យហើយរឿងព្រៃឈើ»។
លោក ខេម សុឃី អះអាងថា លោកមិនបោះបង់ចោលតំបន់ការពារព្រៃឡង់នោះទេ ដរាបណាបទល្មើសព្រៃឈើនៅតែបន្តកើតមាន និងមន្ត្រីពាក់ព័ន្ធមិនព្រមចុះអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងនៅតំបន់នោះ។ លោកនៅតែបន្តរិះគន់ភាពអសកម្មរបស់អាជ្ញាធរ និងមិនបោះបង់ជំហរនិងគោលបំណងនោះឡើយ ហើយប្រសិនបើអាជ្ញាធរបន្តហាមឃាត់ ពួកលោករឹតតែបន្តធ្វើសកម្មភាពនិងស្រាវជ្រាវរកមន្ត្រីដែលមានជាប់ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់។
លោក ខេម សុឃី៖ «អាជ្ញាធររឹតតែហាមឃាត់រឹងតែចូលរួមការពារ ការណ៍ហាមឃាត់នេះហើយដែលមានការពុករលួយនៅក្នុងតំបន់នោះ ប្រសិនបើអាជ្ញាធរមានសមត្ថភាពគ្រប់គ្រាន់មិនមានបទល្មើសខ្ញុំមិនចូលរួមការពារទៀតទេ ប៉ុន្តែប្រសិនបើអាជ្ញាធររឹតបន្តឹងតែអ្នកការពារ មិនរឹតបន្តឹងបទល្មើសនេះគឺជាកត្តាមួយជំរុញឲ្យខ្ញុំចូលទៅប្រឡូកក្នុងការការពាររឹតតែខ្លាំង និងការពាររហូត»។
លោកក៏ទទូចទៅរដ្ឋាភិបាលបើកចិត្តឲ្យទូលាយ ក្នុងការអនុញ្ញាតឲ្យបណ្ដាញសហគមន៍ព្រៃឡង់ បានចូលរួមចំណែកក្នុងការការពារដែនជម្រកសត្វព្រៃព្រៃឡង់ ឲ្យបានគង់វង្ស និងអំពាវនាវដល់យុវជន សិស្ស និស្សិត ក្រោកឈរឡើងដើម្បីរួមគ្នាការពារសម្បត្តិជាតិទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។